សម័យនេះសូមប្រុងប្រយ័ត្ន ! ឯកសារអត្តសញ្ញាផ្ទាល់ខ្លួនកុំចេះតែអោយគេផ្តេសផ្តាស់
សម័យនេះជនខិលខូចគឺមានច្រើនហើយប្រើប្រាស់គ្រប់កលល្បិចដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន ហើយថ្មីៗនេះសូម្បីតែត្រឹមអត្តសញ្ញាណប័ណ្ណនិងលិខិតឆ្លងដែនក៏មានព័ត៌មានថា ត្រូវគេបោកប្រាស់យកទៅកែកាឡីបញ្ហាមួយចំនួនផងដែរ។
រឿងរ៉ាវនៃបញ្ហាមានពិរុទ្ធភាពពីព្រោះតែការប្រើប្រាស់អត្តសញ្ញាណប័ណ្ណឫលិខិតឆ្លងដែននេះ បានត្រូវពលរដ្ឋលើកមកជជែកគ្នានៅលើកម្មវិធីផ្សាយរបស់វិទ្យុមួយ។
តាមអ្វីដែលក្តាប់បាន ពីការលើកឡើងនៃបញ្ហានោះ គឺមានករណីក្រុមអ្នកបោកប្រាស់ បានយកលុយពី ៥ទៅ ២០ ម៉ឺនរៀលបោកអោយពលរដ្ឋប្រើប្រាស់ឯកសារអត្តសញ្ញាណផ្ទាល់ខ្លួនទាំងនោះទៅបង្កើតគណនីធនាគារ ប៉ុន្តែក្រោយមកក៏មានរឿងរ៉ាវពាក់ព័ន្ធនឹងការលាងលុយដែលនាំឲ្យពួកគាត់ភ័យ។
បញ្ហានេះក៏ត្រូវបានលើកឡើងនិងបង្ហោះបង្ហាញដោយលោកឧត្តមសេនីយ ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ក្រោយពេលដែលលោកបានស្តាប់ឭបញ្ហានេះ ហើយបានអំពាវនាវឲ្យប្រជាពលរដ្ឋមានការបុ្រងប្រយ័ត្ន។
លោកឧត្តមសេនីយបានលើកឡើងថា សព្វថ្ងៃមានសកម្មភាពបោកប្រាស់គ្រប់រូបភាពដូចជាការទិញយកលេខលិខិតឆ្លងដែន ទិញលេខគណនីធនាគារ ទិញលេខអត្តសញ្ញាប័ណ្ណ ឬជាការថតយករូបរបស់យើង ដោយផ្ដល់មកវិញនូវថវិកាពី៥ម៉ឺនដល់២០ម៉ឺនរៀល។
លោកបានបន្តថា សូមពុកម៉ែពូមីងបងប្អូនទាំងអស់គ្នាមេត្តា កុំលក់ឬផ្ដល់នូវព័ត៌មានរបស់ខ្លួនយើងទៅអោយអ្នកដទៃអោយសោះ បើមិនដូច្នោះទេយើងនឹងធ្លាក់ក្នុងស្ថានភាពនៃបទល្មើសណាមួយនៅថ្ងៃខាងមុខមិនខាន។
លោកបានសរសេរនៅលើបណ្តាញសង្គមថា បើបងប្អូនបានជួបនូវរឿងទាំងនេះ សូមមេត្តាទាក់ទងសមត្ថកិច្ចឬពិគ្រោះយោបល់ជាមួយអ្នកដែលយើងស្គាល់ជាមុនសិន មុននឹងសម្រេចចិត្តផ្ដល់នូវព័ត៌មានរបស់យើងឱ្យទៅនរណាម្នាក់ ប៉ុន្តែបើសិនជាមិនច្បាស់ទេសូមកុំផ្ដល់ឱ្យតែម្តង។
សម័យនេះសម័យឌីជីថល នៅពេលណាដែលជនល្មើសមានរូបថតនិងឯកសារផ្ទាល់ខ្លួននៅក្នុងដៃរបស់គេ ពូកគេអាចយកទៅប្រើប្រាស់បង្កើតនេះបង្កើតនោះបាន ដោយងាយ ពីព្រោះសេវាកម្មមួយចំនួន ព្រោះតែចង់ផ្តល់អតិថិជនមានភាពងាយស្រួលរហ័យគឺគេប្រកាសអនុញ្ញាតិតាមប្រព័ន្ធឌីជីថល ដូច្នេះវាងាយណាស់ដែលយើងមិនដឹងអីសោះទៅពាក់ព័ន្ធនឹងក្រុមនេះ។
សូមប្រុងប្រយ័ត្ន កុំចង់បានលុយបន្តិចបន្តួច នាំឲ្យយើងមានបញ្ហា។ អ្នកទាំងអស់គ្នាត្រូវដឹងថា លុយពិបាករកណាស់ ដូច្នេះតើនៅសុខៗពួកគេដើរមកហៅយើងអោយយកលុយទាំងនោះដោយងាយស្រួលៗមែនឫ។ លុយដែលយើងមានទម្រាំរកបាន១ម៉ឺន រ ២ម៉ឺនរៀលតើហត់ប៉ុណ្ណា រឿងអីគេហៅយកស្រួលៗដោយយើងមិនបានបញ្ចេញកម្លាំងអ្វីសោះនោះ។ សូមប្រុងប្រយ៏ត្ន ជាពិសេសគឺអត្តសញ្ញាណរបស់យើង តែម្តង៕