សមត្ថកិច្ចគួរពង្រឹងបែបបទធ្វើការឡើងវិញ ជាពិសេសគឺកាយវិការ និង ពាក្យសម្ដី

ឆ្លងតាមវីដេអូដែលគេបានចែករំលែកនៅលើបណ្តាញសង្គម ជាពិសេសគឺគណនីហ្វេសបុកឡើងកក្រើកនៅថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ២០២៥​ កន្លងទៅនេះ បង្ហាញថា សមត្ថកិច្ចនៅពេលចុះអនុវត្តច្បាប់ជាមួយនឹងប្រជាពលរដ្ឋគួរពង្រឹងបែបបទធ្វើការ ជាពិសេសគឺកាយវិការនិងពាក្យសម្ដីឡើងវិញ។

វីដេអូដែលគេបានផ្សព្វផ្សាយនេះ បង្ហាញអំពីតួអង្គពីរគឺរវាង បណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យ​សភាកម្ពុជា និង កងកម្លាំងសមត្ថកិច្ចចុះអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង នៅខណ្ឌសែនសុខ  ដែលបានកើតរឿងប្រទូសសារ៉ាយដាក់គ្នា កាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ ហើយវីដេអូនោះត្រូវបានបែកធ្លាយនៅលើបណ្តាញសង្គម​។​

នៅក្នុងវីដេអូនេះបង្ហាញពីបាតុភាពប្រទាញប្រទង់គ្នារវាងបណ្ឌិត សុខ ទូច ដែលជាមន្រ្តីសាធារណៈមានឋានៈនិងតួនាទីរហូតដល់រដ្ឋមន្រ្តី។ ករណីនេះកើតឡើងដោយសារតែសមត្ថកិច្ចទាមទារឲ្យលោកចុះវាស់ជាតិអាកុល។

នៅមុនពេលដែលវីដេអូនេះបែកធ្លាយ លោកសុខ ទូច បានសរសេរសំណេរទទួលស្គាល់ថា លោកពិតជាទទួលទានស្រាបៀរមែន ប៉ុន្តែមិនមែនទទួលទានលើសកម្រិតកំណត់របស់ច្បាប់ឡើយដោយទទួលទានត្រឹមមួយកំប៉ុង ដើម្បីបំបាត់និងរំសាយការនឿយហត់​ តែស្ថានភាពទឹកមុខនិងភ្នែក លោកមើលទៅទំនងជាទទួលទានគ្រឿងស្រវឹងច្រើន គឺដោយសារតែលោកអស់កម្លាំងក្រោយពេលធ្វើដំណើរឆ្ងាយដោយប្រឹងបើកបរដោយខ្លួនឯង និង ក្រោយពេលចុះស្រាវជ្រាវ។

លោកបានបន្តថា ទិដ្ឋភាពចម្រូងចម្រាស់នេះកើតឡើងដោយសារតែក្រោយពេលទទួលទានបាយ ល្ងាច លោកបានបើករថយន្តជូនមន្រ្តីដែលទៅជាមួយទៅយកម៉ូតូនៅកន្លែងធ្វើការ ទើបចេញដំណើរមកផ្ទះនៅបាសិត។ នៅតាមផ្លូវមកផ្ទះបានជួប សមត្តកិច្ចអនុវត្តន៍ច្បាប់ត្រួតពិនិត្យជាតិអាល់កុល។ លោកបានបន្តថា ពួកគាត់ឃាត់រថយន្ត និងអោយលោកផ្លុំវាស់កំរិតជាតិអាល់កុល។ នៅពេលនោះ លោកបានចុះទៅសហការ តែលោកស្នើសុំហែកទុយោថ្មី ព្រោះលោកខ្លាចឆ្លងរោគពីអ្នកដទៃដែលផ្លុំពីមុន ផ្ទុយទៅវិញមន្រ្តីគំហកនិងប្រើសម្ដីអសុរោះ ហើយលោកដែលមកពីហត់ក៏ច្រឡោត តែក្រោយមក លោកបានសហការផ្លុំចំនួន៣ដង តែមិនឃើញកំរិតជាតិអាល់កុល។

លោកបានបន្តថា ដល់ពេលនោះ សមត្ថកិច្ចថា ផ្លុំមិនត្រូវបច្ចេកទេសលោកក៏លែងសហការហើយក៏កើតរឿងប្រទូសសារ៉ាយជាថ្មី។​

ក្រោយហេតុការណ៍នេះ វីដេអូត្រូវបានគេបង្ហោះលើហ្វេសបុកហើយត្រូវបានគេចែករំលែកនិងផ្ទុះការិះគន់ពេញទំហឹង។​

នៅក្នុងវីដេអូដែលគេបង្ហោះនេះ បង្ហាញពីកាយវិការ សកម្មភាព និង ពាក្យសម្ដី ក៏ដូចជាបែបបទនៃការចុះអនុវត្តច្បាប់របស់ក្រុមសមត្ថកិច្ចនោះនៅមានកម្រិត។ សម្រាប់កាយវិការរបស់ក្រុមសមត្ថកិច្ចប្រពឹត្តលើបុគ្គលសាធារណៈប៉ុណ្ណឹងទៅហើយ ចុះទម្រាំពលរដ្ឋសាមញ្ញតើយ៉ាងណាទៅ?

ប្រសិនបើករណីលោកបណ្ឌិតពិតជាមានកម្រិតជាតិស្រវឹងលើសកំណត់មែន វាគឺជារឿងមួយ ប៉ុន្តែនៅពេលដែលវាស់ទៅមិនដល់កម្រិតមានទោសមានពិន័យ ហើយអនុញ្ញាតដោយការគោរពនៅក្នុងនាមជាអ្នកបម្រើរាស្រ្ត និងការពាររាស្រ្តទៅចប់ហើយ មិនផ្ទុះពេញបណ្តាញសង្គមបែបនេះទេ។​

សរុបទៅ យើងខ្ញុំសង្ឃឹមថា ចាប់ពីពេលនេះតទៅ សមត្ថកិច្ចដែលចុះអនុវត្តច្បាប់គួរតែមានបែបបទការងារនិងក្រឹត្យក្រមវិន័យឲ្យច្បាស់លាស់។ កងកម្លាំងជាអ្នកបម្រើរាស្រ្តមិនមែនជាចៅហ្វាយនាយរាស្រ្ត ហើយអាងខ្លួនអនុវត្តច្បាប់ ចេះតែធ្វើសកម្មភាពផ្តេសផ្តាសបែបនេះឡើយ។​ សមត្ថកិច្ចគួរតែ​អប់រំសីលធម៌ និង អនុវត្តច្បាប់កុំលើស ដោយគោរពតាមភស្តុតាង និង សាក្សី មិនមែនតាមសុភវិនិច្ឆ័យផ្ទាល់ខ្លួននោះទេ៕

Daily Program

Livesteam thumbnail