សន្សំលុយទុកចូលឆ្នាំ កុំផឹក គ្រឿងស្រវឹងច្រើនពេក !
មកដល់ពេលនេះទម្រាំដល់ថ្ងៃទី១៣ខែមេសា ឆ្នាំ២០២៤ខាងមុខនេះនៅសល់រយៈពេលតែ ជាង២០ថ្ងៃទៀតប៉ុណ្ណោះ ដូច្នេះប្រសិនបើយើងសន្សំ និងកាត់បន្ថយចំណាយខ្លះដើម្បីទុកលុយ ទៅលេងស្រុកក៏ប្រសើរដែរ។
នៅពេលនេះយុវជនកម្ពុជាមួយចំនួនទម្លាប់ចាយវាយទូលំទូលាយណាស់ដោយម្នាក់ៗចូលចិត្តទទួលទានកាហ្វេសុទ្ធតែយ៉ាងតិចណាស់ក៏មួយកែវ ៥០០០ រៀលដែរ ហើយនៅមានថ្លៃហូបចុក បាយព្រឹក បាយថ្ងៃត្រង់ និង ផឹកស៊ីពេលល្ងាចថែមទៀត ដូច្នេះប្រសិនបើពួកគេធ្វើការគឺមួយខែរួចមួយខែ ចង់ពិបាក ។
គួរសន្សំសំចៃបន្តិចទៅ ដោយរៀនទិញកាហ្វេមកឆុងហូបខ្លួនឯង ខណៈដែលកាហ្វេកិនស្រាប់ គឺគេគិតគីឡូ ដោយគុណភាពមធ្យមមួយគីឡូប្រមាណជា ១០ ដុល្លារ ហើយអាចឆុងបានចូល កាន់ខែ ប៉ុន្តែប្រសិនបើយើងហូបនៅហាងគេមិនចាំបាច់ដល់កន្លែងដែលមានប្រេនល្អៗ ទេ គឺត្រឹមហាងចិញ្ចើមផ្លូវក៏៥០០០ រៀលដែរនៅក្នុងមួយកែវ។
ចឹងមួយខែអស់ដល់ទៅ១៥ម៉ឺនរៀលហើយ បើហូបបាយវិញកុំទៅទទួលទានក្រៅដោយចំអិននៅក្នុងផ្ទះហើយវេចខ្ចប់យកទៅទទួលទាន នៅកន្លែងធ្វើការ ឬសាលារៀន វាក៏អាចសន្សំបានមួយភាគធំបន្ថែមទៀតដែរ។
ក្រៅពីនោះប្រសិនបើប្អូនៗអាចកាត់បន្ថយសកម្មភាពជួបជុំគ្នាផឹកស៊ីពេលល្ងាចបន្ថែមមួយ ទៀតនោះ ប្អូនៗក៏អាចនឹងនៅសេសសល់លុយបន្ថែមមួយកម្រិតទៀតផងដែរ។ ការផឹកស៊ីនេះ គឺមិនមែនអស់តិចនោះទេ សូមគិតនៅក្នុងមួយពេលប្រសិនបើជុំគ្នាផឹក គ្នា៤ទៅ៥នាក់អី គឺម្តងមិនក្រោមមួយកេសឡើយ ហើយនៅក្នុងថ្លៃស្រាបៀមួយកេស តម្លៃជាមធ្យមក៏ ១០ ដុល្លារដែរ។
នៅក្នុងករណីប្អូនៗមានប្រាក់ខែត្រឹមតែ២៥០ ទៅ៣០០ ដុល្លារនៅក្នុងមួយខែបើកលុយមិនទាន់អស់មិនសល់កុំឆ្ងល់ ប្រសិនបើប្អូនៗតបសកម្មភាពបីធំៗនេះមិនបានទេនោះ។ ប៉ុន្តែប្រសិន បើប្អូនៗអាចកាត់បន្ថយនោះ ប្អូនៗអាចនឹងនៅសេសសល់លុយខ្លះ ហើយនៅពេលដែលជិតចូលឆ្នាំថ្មីថែមទៀតប្រសិនបើចង់ទៅស្រុកទៅអីមានរបស់ជាប់ដៃខ្លះផ្ញើអ្នកមានគុណ ឬកូនក្មួយនៅស្រុកក៏គួរតែសន្សំពីឥឡូវ ដើម្បីអាចទិញរបស់នេះរបស់នោះខ្លះៗជូនអ្នកមានគុណ ហើយកុំភ្លេចកុំជូនគាត់ប៉ុណ្ណេះ តែពេលមកវិញ គាត់ជំពាក់ថ្លៃម្ហូបថ្លៃស្រាបៀរគេទៅបានហើយ។
សរុបមកវិញ ប្រសិនបើប្អូនដាក់ចិត្តដាក់កាយសន្សំ ប្អូនៗនឹងឃើញផល ហើយគួរតែអនុវត្ត ការសន្សំនេះចាប់ពីពេលនេះតទៅ ហើយត្រូវបន្តជានិរន្ត ដើម្បីប្អូនៗអាចសល់ទុនសល់ប្រាក់ ខ្លះចង់ធ្វើនេះធ្វើនោះដោយខ្លួនឯងដើម្បីកាន់តែមានជីវភាពរីកចម្រើនបន្ថែមទៀត៕