បើកូនៗឈានដល់យុវវ័យ តើអាណាព្យាបាលគួរបណ្តុះ និងជំរុញកូនៗឱ្យធ្វើអ្វីទៅ?

មកដល់សម័យបច្ចុប្បន្ននេះ និន្នាការ និងផ្នត់គំនិតយុវវ័យគឺមានការផ្លាស់ប្តូរយ៉ាងខ្លាំង ដោយពួកគេចង់បានភាពជាម្ចាស់ការលើខ្លួនឯង បច្ចេកវិទ្យា និងតុល្យភាពនៃជីវិត ហើយក៏មិនចង់បានអ្វីដែលជាសម្ពាធសម្រាប់ពួកគេឡើយ។

នៅក្នុងស្ថានភាពបែបនេះ គ្រួសារណាដែលមានកូនៗឈានដល់យុវវ័យ ឪពុកម្តាយ និងអាណាព្យាបាលផ្សេងៗនៅក្នុងគ្រួសារ មានតា មានយាយ មានពូ មានមីង ក៏គួរគិត និងជួយតម្រែតម្រង់វិថីនៃជីវិតរបស់ពួកគេ ប៉ុន្តែសូមចាំថាពួកគេមិនត្រូវការវិធីសាស្ត្រសាបព្រោះណាដែលមានលក្ខណៈជាសម្ពាធ និងការចាប់បង្ខំឡើយ ហើយក៏មិនត្រូវការដាក់ការលំបាកនៅពីមុខពួកគេដែរ។

តាមស្មារតីនៃអ្វីដែលពួកគេបានទទួលតាមរយៈបណ្តាញសង្គម និងបរិបទសង្គមដែលបញ្ជ្រាបដោយមិត្តភក្តិរបស់ពួកគេក្តី គឺពួកគេត្រូវការជីវិតដែលមានភាពឯករាជ្យ និងមានភាពបត់បែន ដូច្នេះបើចង់ឱ្យពួកគេស្តាប់ ដាច់ខាតមិនអាចបញ្ជ្រាបតាមធម៌ក្តៅទាំងស្រុងបានឡើយ។

រាល់ការអប់រំ និងការបញ្ជ្រាប គឺសូមព្យាយាមដោយត្រជាក់ និងស្រទន់ច្រើន ហើយអ្វីដែលជាវិធីសាស្ត្រក្តៅ ម្តងម្កាលបាន ប៉ុន្តែកុំក្តៅរហូត ប្រយ័ត្នវាមិនទៅមុខ វាបែរជាថយក្រោយ ហើយកើតចេញជាលទ្ធផលដែលយើងសោកស្តាយ។

យើងត្រូវតែព្យាយាមចែករំលែកបទពិសោធន៍ និងបញ្ជ្រាបពួកគេដោយសម្រួល មានហេតុមានផល និងសក្ខីកម្មជាក់ស្តែងៗ ហើយព្យាយាមទុកឱកាសឱ្យពួកគេសាកល្បងដោះស្រាយបញ្ហារបស់ពួកគេជាជំហានៗ។

នៅពេលណាដែលយើងចង់ឱ្យពួកគេធ្វើអ្វីមួយទៅតាមគំនិតរបស់យើង សូមព្យាយាមបញ្ជ្រាបគោលគំនិតនោះបន្តិចម្តងៗ ដោយសន្តិវិធី ហើយក៏ផ្តល់ឱកាសឱ្យពួកគេបំពេញអ្វីដែលពួកគេចង់បាន ហើយផ្ទៀងផ្ទាត់លទ្ធផល។

នៅក្នុងករណីដែលទស្សនៈយើងមើលទៅវិជ្ជមាន ហើយគេយល់ គេទទួល សូមបន្ត ប៉ុន្តែនៅក្នុងករណីដែលអ្វីដែលពួកគេចង់ វាមានផល និងមានសក្ខីកម្មដែលមានលក្ខណៈវិជ្ជមានជាង យើងជាចាស់ជាទុំក៏ត្រូវតែទទួលស្គាល់ ហើយហ៊ានទទួលយកលទ្ធផលនេះផងដែរ។

សូមកុំរឹងថ្អឹង ហើយគិតថា អ្វីដែលយើងគិតគឺសុទ្ធតែត្រឹមត្រូវ សុទ្ធតែធ្វើឱ្យកូនៗរបស់យើងមានអនាគតល្អទាំងអស់ឱ្យសោះ។ យើងជាចាស់ជាទុំគឺមានសិទ្ធិត្រឹមតម្រែតម្រង់ និងផ្តល់ហេតុផលប៉ុណ្ណោះ ហើយការសម្រេចចិត្តទុកឱ្យគេ។

សរុបមក ការអប់រំ និងការតម្រង់ទិសដល់កូនៗនៅពេលឈានចូលវ័យជំទង់ និងយុវវ័យ គឺទាមទារឱ្យឪពុកម្តាយ និងអាណាព្យាបាលចេះផ្លាស់ប្តូរវិធីសាស្ត្រឱ្យស្របតាមសម័យកាល និងការវិវត្តនៃផ្នត់គំនិតរបស់ពួកគេ។ អ្វីដែលយុវវ័យត្រូវការមិនមែនជាការបញ្ជា ការដាក់សម្ពាធ ឬការបង្ខិតបង្ខំទេ ប៉ុន្តែគឺការយល់ចិត្ត ការស្តាប់ ការផ្តល់ដំបូន្មានដោយមានហេតុផល និងការជឿទុកចិត្តលើសមត្ថភាពរបស់ពួកគេ។ ឪពុកម្តាយគួរដើរតួនាទីជាអ្នកណែនាំ ជាអ្នកចែករំលែកបទពិសោធន៍ និងជាអ្នកគាំទ្រ ដោយបើកឱកាសឱ្យកូនៗចេះគិត ចេះសម្រេចចិត្ត ចេះទទួលខុសត្រូវ និងរៀនដោះស្រាយបញ្ហាដោយខ្លួនឯង។ សំខាន់បំផុត យើងជាមនុស្សចាស់មិនគួរប្រកាន់ខ្ជាប់ថាគំនិតរបស់ខ្លួនតែងតែត្រឹមត្រូវនោះទេ ប៉ុន្តែត្រូវចេះទទួលស្គាល់ និងគោរពចំពោះគំនិតល្អៗរបស់កូនៗផងដែរ។ ការចិញ្ចឹមកូនឱ្យមានអនាគតល្អ មិនមែនជាការគ្រប់គ្រងជីវិតរបស់ពួកគេនោះទេ ប៉ុន្តែជាការបណ្តុះបណ្តាលឱ្យពួកគេមានសមត្ថភាពគ្រប់គ្រងជីវិតខ្លួនឯងដោយមានចំណេះដឹង វិន័យ សីលធម៌ និងការទទួលខុសត្រូវ។

 

Daily Program

Livesteam thumbnail
khmer popup image