ដាក់កែវស្រាចុះ គុណភាពជីវិតនឹងកែលំអរ!
ការបញ្ឈប់ ឬកាត់បន្ថយការទទួលទានគ្រឿងស្រវឹងអាចនាំទៅរកអត្ថប្រយោជន៍ផ្សេងៗទាំងផ្លូវកាយ ផ្លូវចិត្ត និងសង្គម ទោះបីជាកម្រិតអត្ថប្រយោជន៍ជាក់លាក់អាចប្រែប្រួលអាស្រ័យលើបុគ្គល និងវិសាលភាពនៃការទទួលទានគ្រឿងស្រវឹងរបស់លោកអ្នក។
នៅម៉ោងនេះពេលនេះ ពលរដ្ឋដែលកំពុងតែកាន់កែវស្រា ហើយមាត់ក្រេបរស់ជាតិគ្រឿងស្រវឹងគឺមានមិនតិចនោះទេ ប៉ុន្តែប្រសិនបើអ្នកទាំងអស់គ្នាអាចទម្លាក់កែវគ្រឿងស្រវឹងចុះនោះ ផលប្រយោជន៍នឹងមានដ៏ច្រើនចំពោះអ្នក ។
បញ្ជីគុណសម្បត្តិទូទៅមួយចំនួននៃការកាត់បន្ថយ ឬលុបបំបាត់ការទទួលទានគ្រឿងស្រវឹងមានច្រើនណាស់ដែលរួមមានតាំងពី ការធ្វើឲ្យប្រសើរឡើងនូវសុខភាពរបស់យើង ពោលគឺតាំងពីសុខភាពថ្លើម សុខភាពសរសៃឈាមបេះដូង សុខមាលភាពផ្លូវចិត្តនិងអារម្មណ៍កាន់តែប្រសើរ ការកាត់បន្ថយការថប់បារម្ភនិងជំងឺធ្លាក់ទឹកចិត្ត គេងលក់ស្រួល កាត់បន្ថយហានិភ័យនៃការរងរបួសនិងគ្រោះថ្នាក់ផ្សេងៗ ការសន្សំហិរញ្ញវត្ថុ និងការកាត់បន្ថយផលវិបាកផ្នែកច្បាប់ និងសង្គមរបស់អ្នកជាដើម។
ការទទួលទានគ្រឿងស្រវឹងជាប្រចាំអាចបណ្តាលឲ្យមានជំងឺរហូតដល់ទៅ២០០មុខ ហើយការ ដែលទម្លាប់ទទួលទានច្រើនហួសប្រមាណអាចរួមចំណែកដល់បញ្ហាសុខភាពផ្លូវចិត្ត រួមទាំងការថប់បារម្ភ និងការធ្លាក់ទឹកចិត្ត។ ម្យ៉ាងវិញទៀត គ្រឿងស្រវឹងអាចរំខានដល់ដំណេកដូច្នេះ ការឈប់សេពគ្រឿងស្រវឹងអាចនាំឱ្យគុណភាពនៃដំណេកប្រសើរឡើង និងមានពេលយប់ដែលបានសម្រាកច្រើនជាង។
ការឈប់ទទួលទានគ្រឿងស្រវឹងអាចនាំឱ្យអារម្មណ៍ល្អប្រសើរឡើង និងសុខុមាលភាពផ្លូវចិត្តប្រសើរ ហើយក៏អាចនឹងចូលរួមចំណែកនៅក្នុងការគ្រប់គ្រងទម្ងន់ និងសុខភាពទូទៅ។ ក្រៅពីនេះវា នឹងធ្វើឲ្យស្មារតីនិងការទទួលខុសត្រូវប្រសើរឡើង ផងដែរ។ ពីព្រោះជាតិអាល់កុលអាចធ្វើឱ្យខូចមុខងារនៃការយល់ដឹង និងការចងចាំ។ ការឈប់ ឬកាត់បន្ថយការទទួលទានគ្រឿងស្រវឹងអាចនាំឱ្យប្រសើរឡើងនូវការផ្តោតអារម្មណ៍ ការចងចាំ និងដំណើរការនៃការយល់ដឹងទាំងមូលពីព្រោះគ្រឿងស្រវឹងធ្វើឱ្យប៉ះពាល់ដល់ការសម្របសម្រួល និងការវិនិច្ឆ័យ បង្កើនហានិភ័យនៃគ្រោះថ្នាក់ និងរបួស។ ការមិនទទួលទានគ្រឿងស្រវឹងកាត់បន្ថយលទ្ធភាពនៃគ្រោះថ្នាក់ និងលើកកម្ពស់សុវត្ថិភាពជារួម ហើយមិនតែប៉ុណ្ណោះការកាត់បន្ថយ ឬឈប់អាចនាំឱ្យមានការសន្សំប្រាក់បានគួរសម។
សរុបមកវិញគួរតែព្យាយាមកាត់បន្ថយ ហើយប្រសិនបើលំបាកគឺគួរតែអនុវត្តការកាត់បន្ថយបន្តិចម្តងៗ។ ចូរសាកល្បងអនុវត្តការកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងទៅអ្នកនឹងដឹង អំពីគុណសម្បត្តិរបស់វា។ ពីដំបូងវាពិតជាអាចហេងហាងនៅក្នុងចិត្តនៅក្នុងមាត់ ឬនៅក្នុងក្រពះ ប៉ុន្តែមួយរយៈប៉ុណ្ណោះ ជាពិសេសនៅពេលដែលរាងកាយយើងអាចសំអាត ជាតិពុលដែលផ្សំពីគ្រឿងស្រវឹងនៅក្នុងខ្លួនយើងអស់៕