សន្តិភាពសំខាន់ណាស់ ! កម្ពុជាកំពុងតែចែករំលែកការខិតខំដើម្បីសន្តិភាព
នៅពេលដែលសង្រ្គាមនិងអំពើហិង្សាប្រដាប់អាវុធបានកើតមានឡើងជាច្រើនកន្លែងតាំងពីនៅអ៊ីស្រាអែល ប៉ាឡេស្ទីន លីបង់ ស៊ីរី មីយ៉ាន់ម៉ា អ៊ុយក្រែន នៅហៃទី និងបណ្តាប្រទេសនៅអាហ្រ្វិក ទុក្ខវេទនារបស់ប្រជាពលរដ្ឋនៅទីនោះគឺហួសពីអ្វីដែលបានឃើញបានដឹងបានឭតាមរយៈព័ត៌មានអន្តរជាតិ ។
ប្រទេសកម្ពុជាយើងសំណាងដែលអាចរកផ្លូវនិងមធ្យោបាយកសាងសន្តិភាពបានយ៉ាងពេញលេញបិរបូណ៍តាំងពីចុងឆ្នាំ១៩៩៨ មកដល់ពេលបច្ចុប្បន្ននេះ ហើយចេញពីការឈឺចាប់នៃបទពិសោធន៍នៃសង្រ្គាមស៊ីវិលដែលខ្លួនបានឆ្លងកាត់ប្រមាណជា ជាង៣ទស្សវត្សរ៍កន្លងមក កម្ពុជាកំពុងតែស្វះស្វែងរកផ្លូវសាប ព្រោះវិធីសាស្រ្តនៃការកសាងសន្តិភាពនេះទៅកាន់ពិភពលោក ។
មកដល់ពេលនេះកម្ពុជាបានកំពុងតែស្ថិតនៅក្នុងដំណាក់កាលថែរក្សាសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍន៍នានាផង ហើយក៏កំពុងតែខិតខំសាបព្រោះនូវគោលនយោបាយ សន្តិភាពនេះទៅកាន់តំបន់និងពិភពលោកផងដែរ ។
កម្ពុជាកាលពីឆ្នាំ២០២២ បានប្រឹងប្រែងនាំយកមេរៀនសន្តិភាពនេះទៅប្រទេសមីយ៉ាន់ម៉ា ហើយនៅពេល នេះនៅតែបន្តខិតខំប្រឹងប្រែងកិច្ចការនេះដដែល ហើយថ្មីៗនេះ ពោលគឺកាលពីខែវិច្ឆិកា ក៏បានត្រួសត្រាយផ្លូវចេញជាធម្មនុញ្ញសន្តិភាពមួយផងដែរ។
សារសន្តិភាពរបស់កម្ពុជាគឺថា សន្តិភាពប្រទេសមួយគឺគ្មានស្តង់ដាកំណត់ច្បាស់លាស់ទេ គឺគួរតែដោះស្រាយតាមកាលៈទេសៈតាមភាពច្នៃប្រឌីតរបស់ប្រទេសនីមួយៗ ប៉ុន្តែបានសង្កត់ធ្ងន់នៅលើការចរចារនិង ការសន្ទនាតាមរូបមន្តឈ្នះឈ្នះ។
សន្តិភាពនេះក៏វាហាក់ស្របគ្នានឹងការខិតខំប្រឹងប្រែងរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ដែលជាប្រមុខដឹកនាំ នៃសន្តអសនៈនៅបុរីវ៉ាទីកង់ផងដែរ ។ នៅពេលដែលប្រទេសមួយចំនួនដែលបានរៀបរាប់ខាងលើកំពុងតែ រងគ្រោះដោយសារតែសង្រ្គាមមកដល់ពេលនេះសម្តេចប៉ាបកំពុងតែខិតខំកិច្ចប្រឹងប្រែងជាច្រើនដើម្បីសន្តិភាពនៅទីនោះ។
សម្តេចប៉ាបក៏មានទស្សនៈវិស័យនិងគោលជំហរមិនបោះបង់ភាគីណាមួយដែរ ហើយក៏អោយតម្លៃនៅលើការសន្ទនាដោយសន្តិវិធីផងដែរ ។ សម្តេចប៉ាបតែងតែមានបន្ទូលជាប់ជាប្រចាំថា នៅក្នុងសង្រ្គាមគឺគ្មានឡើយអ្នកដែលឈ្នះ ។ គ្រប់គ្នានៅក្នុងសង្រ្គាមគឺសុទ្ធសឹងតែជាអ្នកបរាជ័យ ។
ឈរនៅលើទស្សនៈវិស័យនេះ កម្ពុជានិងសន្តអាសនៈហាក់មានទស្សនៈវិស័យនិងវត្ថុបំណងប្រហាក់ ប្រហែលគ្នា នៅក្នុងសកម្មភាពដែលផ្តួចផ្តើមឲ្យមានសន្តិភាព។ ដូចនេះ ប្រសិនបើអាចកម្ពុជានិងសន្តអសនៈគួរតែមានសកម្មភាពពិសេសណាមួយរួមគ្នាជំរុញការផ្តួចផ្តើមនេះឲ្យកាន់តែផុលផុសឡើង។ សន្តិភាព នឹងមិនអាចកើតមានឡើងបានទេ ប្រសិនបើគ្រប់គ្នានៅតែព្រងើយហើយមិនព្រមធ្វើការសន្ទនា និង ចរចាគ្នាដោយសន្តិវិធីទេនោះ៕