សង្រ្គាមផ្ទុះពេញបន្ទុក! យើង​ត្រូវ​បន្ត​ទូលអង្វរ​ព្រះជាម្ចាស់​គ្រប់​សាសនា

សង្រ្គាមព្រំដែនរវាងកម្ពុជានិងថៃបានកំពុងតែផ្ទុះពេញបន្ទុក ហើយទំហំនិងរូបភាពនៃសង្រ្គាមគឺធំនិងធ្ងន់ធ្ងរជាងកាលពីសង្រ្គាមធ្លាប់ផ្ទុះកន្លងនៅចន្លោះឆ្នាំ២០០៨ ដល់ ឆ្នាំ២០១១​។​

សង្រ្គាមនេះបានផ្ទុះនៅ៨ទីតាំងដោយផ្តើមចេញពីតាមាន់ធំ ហើយរីករាលដាលជាបន្តបន្ទាប់រហូតដល់ ៧ទីតាំងផ្សេងទៀតដែលរួមមាន ប្រាសាទតាក្របី តំបន់ភ្នំទ្រព្យ វាលឥន្ទ្រី តាថាវ ភ្នំខ្មោច អានសេះ អូរផ្កាស្នេហ៍ និងតំបន់មុំបី។​

សព្វាវុធដែលត្រូវបានប្រើប្រាស់នៅក្នុងសង្រ្គាមគឺកាន់តែទំនើប ស្របពេលដែលគេដឹងថា ភាគីថៃប្រើសុទ្ធតែយន្តហោះទម្លាក់គ្រាប់បែក ដែលម្សិលមិញនេះមានសេចក្តីរាយការណ៍ថា បានវាយប្រហាចំប្រាសាទព្រះវិហារ និង ចំគោលដៅស៊ីវិលមួយចំនួន ។

មកដល់ព្រឹកថ្ងៃទី ២៥ ខែកក្កដា សកម្មភាពបាញ់ផ្លោងដាក់គ្នានៅបន្តកើតមានជាបន្តបន្ទាប់ ខណៈដែលពលរដ្ឋស៊ីវិលក៏បានរងគ្រោះជាបន្តបន្ទាប់ដែរ​ ។

នៅពេលនេះនៅខាងភាគីកម្ពុជា ប្រជាពលរដ្ឋជាច្រើនបានភៀសខ្លួនចេញពីតំបន់ផ្ទុះអាវុធ ដែលនៅក្នុងអំឡុងពេលនេះវាគឺជាពេលវេលាចាំបាច់ណាស់ ដែលយើងទាំងអស់គ្នាគួរតែនាំគ្នាជួយគ្នានៅក្នុងគ្រា​ដ៏លំបាកនេះ ។

ដោយឡែកបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ដែលរងការវាយប្រហារគួរតែភៀសខ្លួនរកកន្លែងមានសុវត្ថិភាពតាមការរៀបចំរបស់អាជ្ញាធរដែនដីនានា ហើយនៅក្នុងអំឡុងពេលនេះ វាពិតវាមិនងាយស្រួលដូចជាការរស់នៅក្នុងផ្ទះយើងទេ ។​

ពេលនេះគឺមិនមែនជាពេលត្រូវឱបដៃនោះទេ ប៉ុន្តែវាគឺជាពេលវេលាដែលត្រូវប្រកៀកស្មាគ្នាជួយគ្នាជាបន្តបន្ទាប់ ជា​ពិសេស​យើង​ត្រូវ​ទូល​អង្វរ​ព្រះជាម្ចាស់​តាម​របៀប​របស់​សាសនា​របស់​យើង​ទាំងអស់គ្នា​។ ​

យើង​ត្រូវ​អធិដ្ឋាន​និង​មាន​ចិត្ត​អត់ឆ្មត់និងតស៊ូ ហើយ​ទូល​អង្វរ​ព្រះជាម្ចាស់​សូម​ឲ្យ​ស្ថាន​ការណ៍​បាន​ធូរស្រាល​និង​អាច​ដោះ​ស្រាយ​បាន​ឆាប់​រហ័ស។ យើង​ដឹងថា សង្គ្រាម​គ្មាន​ប្រយោជន៍​សម្រាប់​ម្ខាងណា​ឡើយ តែ​សន្តិភាព​វិញទេ ដែល​អាច​ផ្ដល់​ផល​ប្រយោជន៍​ឲ្យ​ប្រទេស​សងខាង​និង​ប្រជាជន​រស់នៅ​សុខ​សប្បាយ។

សូម​បងប្អូន​ទាំង​អស់​រួម​គ្នា​ទូលអង្វរសុំ​សុខសន្តិភាព​សម្រាប់​ប្រទេស​ទាំង​ពីរ ជាពិសេស​សម្រាប់​មេដឹកនាំ ឲ្យ​រក​ឃើញ​ផ្លូវ​ដោះស្រាយ​ដោយ​សន្តិវិធី បញ្ចៀស​សង្គ្រាម​បង្ហូរឈាម​រវាងគ្នានិងគ្នា៕

Daily Program

Livesteam thumbnail