សង្ឃឹមថា សំណុំរឿងដូចករណីក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា នឹងលែងមានវត្តមាននៅកម្ពុជា

មកដល់ពេលនេះរឿងក្តីក្តាំងរវាងប្រជាពលរដ្ឋរងគ្រោះ និងអតីតឧកញ៉ាស្រី ឡេង ចាន់ណា កំពុងតែដំណើរ ការក្រោយចំណាត់ការផ្ទាល់ក្រុមមេធាវីរាជរដ្ឋាភិបាល ប៉ុន្តែការសម្រេចលទ្ធផលយ៉ាងណានោះនៅមិនទាន់ទទួលពន្លឺនៅឡើយ ដូច្នេះសង្ឃឹមថា ករណីថ្មីដូចករណីនេះនឹងលែងមាននៅកម្ពុជាបន្តទៀត ។

តាមអត្ថបទដែលចុះផ្សាយជាបន្តបន្ទាប់បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤នេះ លោក គី តិច ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល បានឲ្យដឹងថា មេធាវីរាជរដ្ឋាភិបាលបានជួបជាមួយពលរដ្ឋរងគ្រោះ ពាក់ព័ន្ធក្នុងសំណុំរឿងនេះ ចំនួន១៣លើករួចមកហើ​យ នៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ដែលមានពលរដ្ឋប្រមាណ៥ ០០០នាក់  ហើយពួកស្ម័គ្រចិត្តប្រគល់សិទ្ធិ និងបង្ហាញបញ្ជាក់ភស្តុតាងពាក់ព័ន្ធ​។

ក្រៅពីនោះក៏នៅមានពលរដ្ឋដែលកំពុងតែបម្រើការងារនៅក្រៅប្រទេសទៀតដែលក្រុមមេធាវីបានប្រកាស ឲ្យក្រុមជនរងគ្រោះធ្វើការជាមួយស្ថានទូតកម្ពុជាប្រចាំក្នុងប្រទេសនីមួយៗនោះ សហការធ្វើកិច្ចការលើទម្រង់លិខិតប្រគល់សិទ្ធិជូនមេធាវី និងលើកិច្ចការប្រមូលយកភស្តុតាងបញ្ជាក់ផ្សេងៗ ដែលមានការពាក់ព័ន្ធរួចបញ្ជូនមកក្រុមមេធាវីរាជរដ្ឋាភិបាល។

ក្រុមជនរងគ្រោះទាំងអស់គឺមកពីខេត្តក្រុងនានាជាច្រើនដែលរួមមានភាគច្រើនគឺពលរដ្ឋនៅសៀមរាប នៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ, បន្ទាយមានជ័យ, ឧត្តរមានជ័យ, មណ្ឌលគីរី, រតនៈគីរី និងខេត្តជុំវិញតែម្ដង។

មកដល់ពេលនេះបើពិនិត្យនិងតាមដានព័ត៌មានដែលបានផ្សព្វផ្សាយជាបន្តបន្ទាប់ឃើញថា គឺទើបតែស្ថិត នៅក្នុងដំណាក់កាលចាប់ផ្តើមនៅឡើយទេ ទោះបីជាឱកញ៉ា ជាប់ពិរុទ្ធកំពុងស្ថិតនៅក្រោមការឃុំឃាំងក៏ ដោយចុះ។

មកដល់ពលនេះអ្វីៗគឺបានត្រឹមតែសេចក្តីសង្ឃឹមនៅឡើយ ខណៈដែលលទ្ធផលពិតប្រាកដនៅមិនទាន់ បន្ត ហើយក្រុមមេធាវីទើបតែទទួលបានភស្តុតាងជាឯកសារផ្សេងផ្សេងពាក់ព័ន្ធនៅឡើយ ស្របពេលដែល ដំណើរការក្តីនៅមិនទាន់ដឹង និងមានពន្លឺ យ៉ាងណា។

នៅក្នុងខណៈពេលដែលពលរដ្ឋដ៏ច្រើននាក់កំពុងតែមានបញ្ហាបែបនេះ សង្ឃឹមថា ប្រជាពលរដ្ឋកម្ពុជាផ្សេងទៀតនឹងយកចិត្តទុកដាក់ហើយលើកកំពស់ការប្រុងប្រយ័ត្ននៅក្នុងការសម្រេចចិត្តវិនិយោគនៅពេលក្រោយ។

ក្រៅពីនេះដើម្បីផ្តល់ទំនុកចិត្តរដ្ឋាភិបាលក៏គួរតែមានយន្តការតាមដាន និង ត្រួតពិនិត្យរាល់គម្រោងវិនិយោគនានាដែលពាក់ព័ន្ធនានាជាមុន មុននឹងសម្រេចឲ្យធ្វើសកម្មភាព ហើយបន្ទាប់មកក៏ត្រូវតែមាន យន្តការតាមដានឲ្យច្បាស់លាស់ ជៀសវាងទាល់តែក្រុមហ៊ុននេះផ្ទុះរឿងប្រជាជនផ្ទុះការតវ៉ាបានដឹងថា គម្រោងនេះគឺជាគម្រោងបោកប្រាស់ទៅវិញ។ ក្រៅពីនេះប្រជាពលរដ្ឋក៏ត្រូវតែប្រុងប្រយ័ត្នផងដែរ លើគម្រោងណាដែលដាក់ប្រាក់ទៅងាយៗបានលុយមកវិញស្រួលៗ។

សរុបមកវិញយើងខ្ញុំសង្ឃឹមថា ស្ថាប័នពាក់ព័ន្ធនឹងយកមេរៀនបោកប្រាស់ពលរដ្ឋតាមគម្រោងអភិវឌ្ឈន៍នានាដែលមានបញ្ហាកន្លងមក នឹងពង្រឹងការត្រួតពិនិត្យដើម្បីពលរដ្ឋមានទំនុកចិត្ត ។ ហើយពលរដ្ឋក៏ត្រូវ តែប្រុងប្រយ័ត្នខ្លួនឯងផងដែរ ពីព្រោះថា បើមិនដូច្នេះទេនោះ ទម្រាំប្តឹងផ្តល់បានលទ្ធផល គឺអូសបន្លាយ ពេលច្រើនដែលហត់ទាំងកាយ អស់ទាំងលុយ ហើយថែមទាំងឈឺចិត្តបន្ថែមទៀត៕

 

 

Daily Program

Livesteam thumbnail