សង្ឃឹមថា វិស័យដឹកជញ្ជូនផ្លូវដែកនៅកម្ពុជានឹងមានកំណើនកើនឡើង!
ការដឹកជញ្ជូនតាមផ្លូវដែកនៅកម្ពុជាមានសកម្មភាព ប៉ុន្តែមិនសូវសកម្មឡើយបើធៀបនឹងវិស័យដឹកជញ្ជូនតាមផ្លូវថ្នល់ និងផ្លូវអាកាស ប៉ុន្តែជាមួយនឹងការមកដល់នៃក្បាលរថភ្លើងថ្មីដែលក្រុមហ៊ុនរ៉ូយ៉ាល់ហ្គ្រុបទិញពីជប៉ុនមក វានឹងជួយពង្រឹងសេវាកម្មនេះឲ្យកាន់តែសកម្មជាងមុខ ។
ផ្លូវដែកនៅកម្ពុជាមានពីរខ្សែ មួយខ្សែភ្ជាប់ពីភ្នំពេញឆ្លងកាត់តាកែវ កំពត ទៅដល់ខេត្តព្រះសី ហនុ មួយខ្សែរទៀតគឺអាចចេញពីភ្នំពេញទៅកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យភ្ជាប់់ទៅព្រំដែនថៃ ប៉ុន្តែតាំងពីស្តារអស់ទឹកប្រាក់រាប់សិបលានដុល្លារដោយរដ្ឋាភិបាល និង ធនាគារអភិវឌ្ឍន៍អាស៊ី ពីជំនួយបច្ចេកទេសពីប្រទេសខ្លះវានៅមានសកម្មភាពតិចតួចនៅឡើយទេ។
ស្ថានភាពផ្លូវដែកក្រោយពេលដែលស្តារបានចំណាយពេលប្រមាណជា ១០ ឆ្នាំហើយ នៅក្នុង ស្ថានភាពស្ងប់ស្ងាត់ ហើយក្រោយមក កាលពីប៉ុន្មានឆ្នាំមុនមានការទិញក្បាលរថភ្លើងពីប្រេស៊ីលមក ដើម្បីរត់ចម្ងាយខ្លី ប៉ុន្តែក៏ដួលទៅវិញបាត់ទៅ ដូច្នេះហើយយើងសង្ឃឹមថា ក្បាលរថភ្លើងថ្មីដែលក្រុមហ៊ុនដែលទទួលសម្បទានធ្វើអាជីវកម្មផ្លូវដែកនៅកម្ពុជាបានទិញពីជប៉ុននោះនឹង ជួយឲ្យសកម្មភាពដឹកជញ្ជូននេះរស់ និងសកម្មចុះ។
តាមពិតទៅការដឹកជញ្ជូនផ្លូវដែកនៅស្រុកគេគឺមានសកម្មភាពគួរសមដូចជានៅវៀតណាម ថៃ ឡាវ ម៉ាឡេស៊ី ប៉ុន្តែនៅកម្ពុជាមិនសូវមានវាអាចដោយសារតែបញ្ហាមួយចំនួន គឺរថភ្លើងយើង យឺតពេក ហើយមិនត្រឹមតែយឺតតែមួយមុខទេ ក៏ឧស្សាហ៍មានគ្រោះថ្នាក់ថែមទៀត។
បើវាយឺតហើយគ្រោះថ្នាក់ទៀតបែបនេះតើមាននរណាគេហ៊ានជិះទៅ ប៉ុន្តែឮថាក្បាលរថភ្លើង ទើបតែទិញពីជប៉ុនហើយកំពុងតែដឹកមកកម្ពុជា ដែលគ្រោងនឹងមកដល់នៅចុងខែមេសា ខាងមុខនេះ គឺអាចរត់បានជាង១០០គីឡូម៉ែត្រដែរទោះបីជាវាមិនមែនជាក្បាលរថភ្លើងថ្មីក៏ពិតមែន ដូច្នេះវាពិតជួយពន្លឿន និងកាត់បន្ថយការចំណាយពេលយូរអង្គុយសំកុកនៅក្នុងទូររថភ្លើង។
ចំណុចមួយទៀតដែលគួរតែកែលំអរដែរនោះ គឺផាសុខភាពជាពិសេសគឺទូររថភ្លើងយើងគឺនៅ ច្នៃយកម៉ាស៊ីនត្រជាក់ចាប់ជញ្ជាំងអាគារមកដាក់ ដែលម៉ាស៊ីនត្រជាក់បែបនេះគឺពិតជាមិនអាចទប់ជាមួយនឹងកម្លាំងខ្យល់បុកមកបានទេ ដូច្នេះហើយចំណុចនេះសង្ឃឹមថា ក្រុមហ៊ុន នឹងគិតគូរ។
ចំណុចអសកម្មមួយទៀតគឺធ្វើយ៉ាងណាធានាសុវត្ថិភាព ទោះបីជាមានទូរដឹកជញ្ជូន អ្នកដំណើរមានផាសុខភាព មានក្បាលអាចរត់បានល្បឿនលឿនជាងមុនក៏ពិតមែន ប៉ុន្តែបើនៅតែមានគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់ទៀតនោះក៏មិនអាចទាក់ទាញចំណាប់អារម្មណ៍ ពីពលរដ្ឋដែរ។
សរុបមកវិញការធ្វើឲ្យការដឹកជញ្ជូនតាមផ្លូវដែកមានសកម្មភាពសកម្មគឺក្រៅពីល្បឿន គឺផាសុខភាព ហើយក្រៅពីនោះគឺសុវត្ថិភាព ។ ដោះស្រាយកត្តាបីនេះបានគឺវានឹងជោគជ័យពីព្រោះនៅពេលនេះពលរដ្ឋយើងមួយចំនួនគឺចង់ទៅដើរលេងទីនេះទៅនោះតាមខេត្តដែលមាន រថយភ្លើងឆ្លងកាត់ដែរ តែចេះតែបារម្ភរឿងពីនេះ៕