សង្ឃឹមថា វិស័យជលផលកម្ពុជានឹងអាចរីកចម្រើនទៅថ្ងៃអនាគត

មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មសមុទ្រ ដែលមានមូលដ្ឋាននៅខេត្តព្រះសីហនុបានអះអាងថា អ្នកជំនាញរបស់ខ្លួនទទួលបានភាពជោគជ័យក្នុងការបង្កាត់ពូជកូនត្រីស្ពង់ ត្រីតុកកែ ក្តាមថ្ម និងក្តាមសេះ ជាដើម ដូច្នេះសង្ឃឹមថា ចាប់តាំងពីពេលនេះទៅថ្ងៃមុខ វិស័យវារីវប្បកម្មសមុទ្រកម្ពុជានឹងរីកចំរើនទៅ    មុខ។ 

តាមសេចក្តីរាយការណ៍ដែលសារព័ត៌មាននានាបានធ្វើកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ជាមួយនឹងជោគជ័យនេះ មជ្ឈមណ្ឌលបានអះអាងថា នៅក្នុងឆ្នាំ២០២៤នេះ មជ្ឈមណ្ឌលបានដាក់ផែនការបង្កាត់ពូជកូនត្រីស្ពង់និងត្រីតុកកែឲ្យបានយ៉ាងហោចណាស់ចំនួន ៥០ម៉ឺនក្បាល និងពពួកក្ដាមថ្មនិងក្តាមសេះចំនួន ១លានក្បាល សម្រាប់ប្រលែងចូលក្នុងសមុទ្ររក្សាបរិមាណនិងលំនឹងត្រីនៅក្នុងធម្មជាតិ និង ប្រគល់ឲ្យវារីវប្បករនៅក្នុងស្រុកចិញ្ចឹមដើម្បីដោះស្រាយជីវភាព ។

អ្នកជំនាញបានអះអាងថា ជាទូទៅដំណើរការនៃការបង្កាត់ពូជត្រីតុកកែនិងត្រីឆ្ពង់គឺអាចបានជោគជ័យជាទូទៅនៅថ្ងៃពេញបូរណ៍មី ដោយមុនពេលបង្កាត់គេចាំបាច់ត្រូវតែពិនិត្យសុខភាពស្ពែម និង ពងរបស់ត្រីឲ្យបានច្បាស់លាស់ ជៀសវាងមានបញ្ហា ។

ប្រភពត្រីដែលយកមកបង្កាតគឺជាទូទៅគឺប្រភេទត្រីដែលមានទម្ងន់ប្រមាណជា ចាប់ពី៣ទៅ ៥ គីឡូក្រាម ឫមានអាយុពី ៣ទៅ ៥ ឆ្នាំឡើងទៅ ប៉ុន្តែជាទូទៅគឺត្រូវតែពិនិត្យកន្សោមពងនិងសុខភាពស្ពែមរបស់ត្រី ។

បន្ទាប់ពីភ្ញាស់បានមជ្ឈមណ្ឌលត្រូវបំប៉ននិងថែរក្សាកូនត្រីរហូតដល់ទៅ៣ខែ រហូតដល់វាមានប្រវែងប្រមាណជា ២០ សម ទើបយើងព្រលែងឫក៏ផ្តល់ជូនទៅវារីវប្បករចិញ្ចឹម​។​

ក្រៅពីសមិទ្ធិផលដែលសម្រេចបាននៅពេលនេះមជ្ឈមណ្ឌលកំពុងតែត្រៀមលក្ខណៈនៅក្នុងការបង្កាត់ប្រភេទត្រីសមុទ្រមួយចំនួនទៀត គឺត្រីអាំងកើយ និង ត្រីចាបសមុទ្រ ដែលនៅពេលនេះគឺមជ្ឈមណ្ឌលកំពុងតែចិញ្ចឹមបំប៉នមេពូជ ។​

ផ្អែកតាមសមិទ្ធផលទាំងនេះ យើងខ្ញុំសូមអធិដ្ឋានឲ្យមជ្ឈមណ្ឌលបន្តពង្រឹងសមត្ថភាពនិងកាន់តែអាចស្រាវជ្រាវពង្រីកជំនាញបង្កាត់ដល់ពពួកមច្ឆជាតិដែលមានតម្លៃពាណិជ្ជកម្មកាន់តែច្រើន នៅក្នុងគោលបំណងពង្រឹងឯករាជ្យភាព និង ភាពម្ចាស់ការនៅក្នុងការចិញ្ចឹមនឹងផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក ដែល នឹងអាចកាត់បន្ថយលើការនាំចូលពីខាងក្រៅខាតទាំងសេដ្ឋកិច្ចជាតិនិងពលរដ្ឋ ។

ក្រៅពីនោះយើងខ្ញុំក៏រំពឹងថា វារីវប្បករនៅក្នុងស្រុកនឹងអាចពង្រឹងសមត្ថភាពនៃការចិញ្ចឹមនៅក្នុងស្រុក ហើយ លើកកំពស់ផលិតកម្មដើម្បីអាចនឹងមានឱកាសនៅក្នុងការស្វែងរកទីផ្សារនាំចេញ​ទៅកាន់ទីផ្សារ អន្តរជាតិ ស្របពេលដែលប្រទេសជិតខាងកម្ពុជាមកដល់ពេលនេះនៅក្នុង១ឆ្នាំៗគេអាចមានសមត្ថភាព អាចនាំចេញផលិតផលវារីវប្បកម្មនេះទៅទីផ្សារបានលុយរាប់ពាន់លានដុល្លារនៅក្នុងមួយឆ្នាំ ។​

សរុបសេចក្តីទៅ ការដាក់ចិត្តដាក់កាយពង្រឹកផលិតកម្មប្រភេទនេះពីតជាមានប្រយោជន៍ខ្លាំងណាស់ហើយសង្ឃឹមថា បងប្អូនប្រជាកសិករនិងប្រជាពលរដ្ឋកម្ពុជានឹងនាំគ្នាគាំទ្រនិងបន្តលើកទឹកចិត្តដើម្បីធ្វើ យ៉ាងណាឲ្យផលិតកម្មវារីវប្បកម្មសមុទ្រកម្ពុជារីកចម្រើនទៅថ្ងៃអនាគត ។

Daily Program

Livesteam thumbnail