សង្ឃឹមថា យើងពួតដៃគ្នាបន្ថទៀតដើម្បីសម្រេចក្តីស្រម៉ៃ​របស់យើងនៅឆ្នាំ២០៣០

គោលដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០សម្រាប់កម្ពុជានៅស្ថិតនៅឆ្ងាយនៅឡើយ ប៉ុន្តែប្រសិនបើយើងទាំងអស់គ្នាខំប្រឹងប្រែងរួម គ្នានោះយើងអាចសម្រេចបាន ចុះខំប្រឹង ។

នៅក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៤នេះ របាយការណ៍ពីអគ្គនាយកដ្ឋានគយនិងរដ្ឋករដែលបានផ្សាយថ្មី​ៗនេះបានឲ្យដឹងថា កម្ពុជាបាននាំចេញផលិតផលដែលមានតម្លៃ  ១៩,៨៣ពាន់លានដុល្លារអាមេរិកក្នុង កើនឡើង១៧ ភាគរយបើធៀបនឹងការសម្រេចបានត្រឹមតែ ១៦,៩៤ពាន់លានដុល្លារ កាលពីរយៈពេលដដែលនាឆ្នាំ២០២៣ ។​

របាយការណ៍បាននិយាយថា ទំនិញនាំចេញសំខាន់ៗរួមមានសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ កង់ សំបកកង់រថយន្ត និងផលិតផលកសិកម្មដែលមានសក្តានុពលដូចជាអង្ករ កៅស៊ូ ដំឡូងមី ចេក ផ្លែស្វាយ និងផ្លែមៀនប៉ៃលិនជាដើម  ហើយគោលដៅនាំចេញកំពូលទាំងប្រាំរបស់កម្ពុជា គឺសហរដ្ឋអាមេរិក វៀតណាម ចិន ជប៉ុន និងកាណាដា។

ទន្ទឹមនឹងនោះ នៅក្នុងរយៈពេលដដែលគឺកម្ពុជាបានកត់ត្រាការនាំចូលសរុបចំនួន២១,១ពាន់លានដុល្លារ កើនឡើង ១៥,៩ភាគរយធៀបនឹងការនាំចូលប្រមាណជា ១៨,២ ពាន់លានដុល្លារកាលពី រយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយកម្ពុជានាំចូលទំនិញនាំចូលសំខាន់ៗរួមមានប្រេង វត្ថុធាតុដើមសម្រាប់សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ យានជំនិះ គ្រឿងម៉ាស៊ីន ឧបករណ៍អេឡិចត្រូនិច និងផលិតផលប្រើប្រាស់ជាដើម។

ផ្អែកតាមសន្ទុះនៃការនាំចេញនេះឃើញថា កើនឡើងមែន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយពាណិជ្ជកម្ម កម្ពុជានៅមានឱនភាពដោយការនាំចូលច្រើនជាងការនាំចេញដែលជាចំណុចមួយដែលអាចប៉ះពាល់ដល់ គោលដៅដែលកំណត់ខាងលើផងដែរ ។

ដើម្បីសម្រេចបានទៅតាមចក្ខុវិស័យខាងលើ កម្ពុជាអាចសម្រេចគោលដៅដែលខ្លួនប៉ងបាន លុះត្រាតែកម្ពុជាអាចអភិវឌ្ឍន៍ប្រទេសហើយលើកកម្ពស់កម្រិត ជីវភាពប្រជាពលរដ្ឋធ្វើយ៉ាងណាបង្កលក្ខណៈឲ្យពលរដ្ឋអាចរកចំណូលបានយ៉ាងហោចណាស់ពី ៤.៤៦៦ ដុល្លារនៅក្នុងមួយឆ្នាំ ទៅដល់១៣.៨៤៦ដុល្លារនៅក្នុងមួយឆ្នាំ ។​

នៅពេលនេះកម្ពុជាអាចស្ថិតនៅក្នុងចំណោមប្រទេសក្រុមប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅឡើយ ដោយនៅក្នុង១ឆ្នាំពលរដ្ឋកម្ពុជាអាចរកចំណូលនៅក្នុងម្នាក់បានត្រឹមតែ ២.០៧១ ដុល្លារនៅក្នុង មួយឆ្នាំប៉ុណ្ណោះ ។

ដូច្នេះដើម្បីសម្រេចបានគោលដៅនេះស្ថាប័នពាក់ព័ន្ធ ជាពិសេសគឺកម្មករ និង​ពលករ មន្រ្តីស្ថាប័ន ពាក់ព័ន្ធគឺត្រូវតែខិតខំបន្ថែមទៀត ពោលគឺខិតខំធ្វើការងារ ខិតខំពង្រឹងគុណភាព ខិតខំលើកកំពស់ការទាក់ទាញ ខិតខំបង្កើនទំនុកចិត្តដល់អ្នកវិនិយោគចម្រុះជាតិសាសន៍ ។

សរុបទៅថ្វីត្បិតតែផ្លូវនៃក្តីស្រមៃវានៅឆ្ងាយពីការពិតក៏ដោយក៏យើងអាចសម្រេចបានប្រសើនបើយើងទាំង អស់គ្នាដាក់ការខិតខំប្រឹងប្រែងពិតប្រាកដ ហើយធ្វើការតាមទំនួលខុសត្រូវ តាមភារកិច្ច ពោលគឺពង្រឹង ការធ្វើការឲ្យលើសពីផែនការហើយគុណភាពក៏ប្រសើរនោះអ្វីៗនឹងសម្រេចបាន ។ យើងត្រូវតែ ដាក់ចិត្ត ដាក់កាយពុះពារសម្រេចឲ្យបាន ហើយការខិតខំនេះមិនមែនបានប្រយោជន៍តែជាតិនោះទេ យើងជា ឯកជន ឬប្រជាពលរដ្ឋម្នាក់ៗក៏នឹងបានផលពីនោះមកដែរ៕

 

 

 

Daily Program

Livesteam thumbnail