សង្ឃឹមថា ក្រុមគ្រូពេទ្យវ័យក្មេងត្រឡប់ពីបារាំងវិញជាគ្រាប់ពេជ្រសម្រាប់វិស័យសុខាភិបាល

គ្រូពេទ្យវ័យក្មេងចំនួន៨០នាក់ត្រូវបានស្ថានទូតបារាំងប្រចាំនៅកម្ពុជាបានអះអាងថា បានជាប់អាហារូបករណ៍ទៅបន្តហើយបន្ថែមជំនាញផ្នែកវេជ្ជសាស្រ្តពីប្រទេសបារាំង ដូច្នេះយើងខ្ញុំសង្ឃឹមថា នៅពេលដែលរៀនចប់នឹងបានត្រឡប់មកមាតុប្រទេសវិញជាមួយនឹងចំណេះជំនាញដើម្បីជួយពលរដ្ឋខ្មែរគ្រប់រូបដោយមិនរើសអើង ហើយគិតផលប្រយោជនជាធំខ្លាំងពេក។

ក្រុមគ្រូពេទ្យមានបុរសនិងស្រ្តីទាំងអស់នេះត្រូវបានស្ថានទូតបារាំងរៀបចំពិធីជូនដំណើររួចរាល់ ហើយបានអះអាងថា គ្រូពេទ្យវ័យក្មេងទាំងអស់នេះនឹងទទួលការបណ្តុះបណ្តាលដើម្បីទទួលជំនាញ សញ្ញាប័ត្របណ្តុះបណ្តាលវេជ្ជសាស្រ្តជំនាញ និងសញ្ញាប័ត្របណ្តុះបណ្តាលវេជ្ជសាស្រ្តជំនាញជាន់ខ្ពស់ នៅក្នុង រយៈពេលពី៦ខែទៅ១ឆ្នាំនៅប្រទេសបារាំង។

មកដល់ពេលនេះបារាំងត្រូវបានគេដឹងថា គឺជាបិតាខាងវេជ្ជសាស្រ្តនៅលើពិភពលោក ដូច្នេះពួកគេនឹងទទួលបានចំណេះផ្នែកនេះ យកមកជួយពង្រឹងវិស័យសុខាភិបាលនៅក្នុងប្រទេស ។ ៨០នាក់មិនជាចំនួនច្រើនទេ ប៉ុន្តែក៏មិនជាតិចដែរ ។ ៨០ នាក់នេះប្រសិនបើអាចយកចំណេះនិងជំនាញយកមកបម្រើសេវាកម្មវេជ្ជសាស្រ្ត នៅក្នុងប្រទេសដោយឆន្ទះជួយជាតិនិងជួយសង្រ្គោះរាស្រ្តពិតប្រាកដគឺពិតជាអាចជួយទាំងជាតិនិងប្រជាជនបានច្រើនណាស់។

នៅពេលនេះវិស័យវេជ្ជសាស្រ្តជាពិសេសគឺសុខាភិបាលនៅក្នុងប្រទេសគឺពិតជាមានការរីកចម្រើនជាងពេលមុនៗមែន ទាំងបច្ចេកវិទ្យា ការពង្រឹងនិងអនុវត្តនូវក្រមសីលធម៌ ក៏ដូចជាការប្រើប្រាស់នូវសំដីសំដៅ ប៉ុន្តែមកដល់ពេលនេះ មនៈសិកានិងផលប្រយោជន៍នៅតែជាបញ្ហាប្រឈម។

ដោយសារតែបញ្ហាផលប្រយោជន៍គ្រូពេទ្យខ្លះមានចំណេះនិងជំនាញ ប៉ុន្តែដើម្បីផលប្រយោជន៍គឺសុខចិត្តបើកភ្នែកខ្លះបិទភ្នែកខ្លះ ហើយមួយចំនួន គឺគិតជាផលប្រយោជន៍ជាធំតែម្តង ដូច្នេះហើយបានជាវិស័យវេជ្ជសាស្រ្ត យើងនៅតែមានការរិះគន់។

មកដល់ពេលនេះសំភារៈនិងឧបករណ៍ដែលក្រុមគ្រូពេទ្យយើងប្រើប្រាស់គឺទំនើបមិនចាញ់ប្រទេសគេប៉ុន្មានទេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយយើងនៅខ្ចីខាងបទពិសោធន៍ ហើយអ្នកដែលមានបទពិសោធន៍ខ្លះគឺយកផល ប្រយោជន៍ជាធំ ហើយមួយចំនួនអាច ចាត់ទុកអ្នកជំងឺមិនមែនជាជនរងគ្រោះដែលត្រូវតែសង្រ្គោះជីវិតនោះទេ ប៉ុន្តែបែជាមើលឃើញអ្នកជំងឺគឺជាប្រភពនៃផលប្រយោជន៍ទៅវិញ។

ដោយសារតែបញ្ហាទាំងនេះហើយបានជាបន្តធ្វើឲ្យប្រជាពលរដ្ឋយើងខ្លះថ្នាំងថ្នាក់នៅក្នុងចិត្តហើយសុខចិត្តវេចលុយ ទោះជាខ្លួនមិនមានរហូតដល់អ្នកខ្លះទៅខ្ចីគេក៏មានដែរយកប្រាក់ទៅព្យាបាលនៅក្រៅប្រទេស ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយយើងខ្ញុំសង្ឃឹមថា ប្អូនៗទាំង៨០នាក់នេះនឹងក្លាយជាធនធានមនុស្សពិតប្រាកដ ដែលចេញទៅរៀនក្រេបបទពិសោធន៍និងចំណេះដឹងពីក្រៅប្រទេសមកពង្រឹងវិជ្ជាជីវៈហើយអភិវឌ្ឈន៍បច្ចេកទេសព្យាបាលរបស់ខ្លួនជូនបងប្អូនប្រជាពលរដ្ឋទូទៅដោយមិនមាននិន្នាការ។

សរុបយើងខ្ញុំសង្ឃឹមថា ប្អូនៗជាក្រុមគ្រូពេទ្យវ័យក្មេងដែលទទួលបានកម្មវិធីអាហារូបករណ៍បែបនេះ នឹងខិតខំរៀនសូត្រយកចំណេះនិងជំនាញពិតប្រាកដមកជួយប្រជាពលរដ្ឋកម្ពុជា ដោយសុចចិត្ត ហើយក៏សង្ឃឹមថា ប្អូនៗនឹងក្លាយជាកាត្តាលីករដ៏មានសក្តានុពេលនៅក្នុងការចូលរួមអភិវឌ្ឈន៍និងកសាងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះវិស័យវេជ្ជសាស្រ្តនៅក្នុងប្រទេសបន្ថែមមួយកម្រិតទៀត៕ 

 

Daily Program

Livesteam thumbnail