សង្ឃឹមថា កូនខ្មែរនឹងទទួលបានផលពីលុយ៨០លានដុល្លារ
ធនាគារពិភពលោកបានប្រកាសកាលពីថ្ងៃអង្គារ៍ថា ខ្លួនបានអនុម័តផ្តល់ហិរញ្ញប្បទានចំនួនរហូតដល់ទៅ ៨០ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជាក្នុងការលើកកម្ពស់គុណភាពនៃការអប់រំ និងការស្រាវជ្រាវកម្រិតខ្ពស់ ដូច្នេះយើងខ្ញុំសង្ឃឹមថា កូនខ្មែរជាពិសេសគឺកូនអ្នក្រីក្រនឹងទទួលផលពីគម្រោងនេះ ។
៨០លានដុល្លារមិនមែនជាថវិកាតិចតួចនោះទេ វាគឺថវិកាដ៏ច្រើន ដែលស្ថាប័នហិរញ្ញវត្ថុពិភពលោកមួយនេះ សម្រេចយកមកឲ្យកម្ពុជាដំណើរការលើគម្រោងរយៈពេល៦ ឆ្នាំ ដើម្បី គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈចំនួន៩ ដើម្បីអភិវឌ្ឍនិស្សិតបញ្ចប់ការសិក្សាដែលមានសមត្ថភាព និងផលិតផលស្រាវជ្រាវដែលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេស។
ស្ថាប័ននេះបានអះអាងថា និស្សិតប្រហែល ៣២.០០០ នាក់ រួមទាំងស្ត្រីប្រហែល ១៣.000 នាក់ នឹងទទួលបានអត្ថប្រយោជន៍ពីគម្រោង របស់ខ្លួន ដែលនឹងរួមបញ្ចូលការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា គ្រូបណ្តុះបណ្តាល និងការធ្វើឌីជីថលនៃការផ្តល់ការអប់រំ ។
គម្រោងនេះផ្តោតសំខាន់លើការលើកកម្ពស់គុណភាពនៃការរៀនសូត្រសម្រាប់និស្សិតស្រី និងសិស្សពិការ និងលើការគាំទ្រដល់សមាជិកមហាវិទ្យាល័យស្ត្រី ដោយបន្ថែមថា ខ្លួនទទួលយកស្តង់ដាររចនាហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងអាកាសធាតុ និងផ្តល់អាទិភាពដល់គម្រោងស្រាវជ្រាវទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។
គម្រោងនេះ ក៏ត្រូវបានបង្ហើបថា គឺដើម្បីបំពេញបន្ថែមការវិនិយោគលើវិស័យសុខាភិបាល និងការអប់រំជាមូលដ្ឋាន ដែលជាមូលដ្ឋានគ្រឹះសម្រាប់កម្លាំងពលកម្មប្រកបដោយផលិតភាព ការពង្រឹងការអប់រំឧត្តមសិក្សាដែលមានគុណភាពខ្ពស់ និងការរៀបចំក្រុមនិស្សិតបញ្ចប់ការសិក្សាដែលមានជំនាញខ្ពស់ នឹងជួយកម្ពុជាជំរុញធនធានមនុស្ស និងជំរុញកំណើន និងការអភិវឌ្ឍន៍រួម។
នៅពេលនេះទោះបីជាលទ្ធភាពទទួលបានការអប់រំខ្ពស់បានកើនឡើងជាបណ្តើរៗក៏ដោយ ប៉ុន្តែការកែលម្អគុណភាព និងភាពពាក់ព័ន្ធនៃការអប់រំ និងការស្រាវជ្រាវ មានសារៈសំខាន់សម្រាប់ការកសាងសមត្ថភាពរបស់ប្រទេសកម្ពុជា ដើម្បីបំពេញតម្រូវការដែលកំពុងរីកចម្រើននៃទីផ្សារការងារនៅក្នុងបរិយាកាសផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។
គម្រោងនេះបានបន្ថែមថា គម្រោងនេះនឹងបង្កើតនូវភាពជោគជ័យ និងមេរៀនដែលទទួលបានពីគម្រោងដែលកំពុងដំណើរការ ដែលបានបង្កើនឱកាសសិក្សាសម្រាប់និស្សិតថ្នាក់ឧត្តមសិក្សាជាង ១២៨.០០០នាក់នៅក្នុងប្រទេសកម្ពុជា តាមរយៈការបង្កើតកម្មវិធីសិក្សាចំនួន៦៧ ការផ្តល់មូលនិធិដល់គម្រោងស្រាវជ្រាវចំនួន ៥៣ និង ការបង្កើត ឬជួសជុលបន្ទប់ពិសោធន៍ចំនួន ១៤៧ កន្លែង ។
សរុបទៅទឹកប្រាក់នេះមិនតិចតួចនោះទេ ដូច្នេះសង្ឃឹមថា ស្ថាប័នដែលអនុវត្តគម្រោងនឹងដំណើរការគ្រប់គ្រងគម្រោងឲ្យបានច្បាស់លាស់ ដើម្បីធ្វើយ៉ាងណាឲ្យគម្រោងនេះដំណើរការទៅមុខ ហើយពិតជាមានប្រសិទ្ធភាពដើម្បីលើកកំពស់គុណភាពនៃការអប់រំនូវកម្ពុជា ជាពិសេសគឺផ្តល់ឱកាសឲ្យនិស្សិតក្រីក្រអាចមានលទ្ធភាពទទួលបានការអប់រំដែលត្រឹមត្រូវមានគុណភាពដើម្បីក្លាយជាធនធានមនុស្សដ៏ប្រពៃដើម្បីអភិវឌ្ឈនខ្លួនឯង គ្រួសារ សហគមន៍ និង សង្គមកម្ពុជាទាំងមូល ។