សង្គមសូមកុំបានត្រឹមតែដឹងនិងចែករំលែកលើករណីឃាតកម្មនៅជាយរាជធានីថ្មីៗនេះ

រឿងឃាតកម្មមួយករណីដែលបានកើតឡើងនៅក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្ដគ្រួស ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញគឺជារឿងហូសនិស្ស័យមួយដែលយើងគួរតែចាប់អារម្មណ៍ ហើយគួរមានអី្វមួយដើម្បីបង្ការនិងទប់ស្កាត់ករណីថ្មីកើតឡើងបន្ថែមទៀត។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មាននានាបានអោយដឹងថាករណីនេះទាំងជនរងគ្រោះនិងជនសង្ស័យគឺស្ថិតតែមានអាយុដ៏ក្មេងពោលគឺច្រើនបំផុត១៨ឆ្នាំប៉ុណ្ណោះមិនគួរពួកគេពាក់ព័ន្ធ នឹងករណីឃាតកម្មនេះឡើយ។
សារព័ត៌មានបានរាយការណ៍ថា ករណីនេះ ជនរងគ្រោះជាក្មេងស្រីដែលមានអាយុទើបតែ១៥ឆ្នាំ មានទីលំនៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ដោយឡែកជនសង្ស័យ ដែលសមត្ថកិច្ចវែកមុខ និងឃាត់ខ្លួនបានមាន៣នាក់ ពួកគេត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅឃាត់ខ្លួនបាននោះ គឺមានអាយុ១៥ឆ្នាំម្នាក់ ១៦ឆ្នាំម្នាក់ និង ១៨ឆ្នាំម្នាក់។
ពពួកគេសុទ្ធតែមាន មុខរបរមិនពិតប្រាកដ និងទីលំនៅភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ហើយ ពួកគេនិងជនរងគ្រោះ សុទ្ធតែស្គាល់គ្នា។
ពួកគេទាំង៣នាក់ត្រូវបានឃាត់ខ្លួននៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១២:៣០នាទីថ្ងៃត្រង់។
តាមការបញ្ជាក់ពីសមត្ថកិច្ច មុនកើតហេតុជនដៃដល់បានយកថ្នាំងងុយដេកដាក់ក្នុងភេសជ្ជៈឱ្យជនរងគ្រោះផឹក ហើយរំលោភសម្លាប់ប្លន់យកទ្រព្យសម្បត្ដិជាខ្សែកផ្លាកទីន១ខ្សែនិងទូរសព្ទ១គ្រឿង។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវកម្លាំងជំនាញអធិការដ្ឋានកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
តាមរបាយការណ៍របស់សមត្ថកិច្ចវិធីសាស្ត្រដែលពួកគេធ្វើគឺគួរអោយខ្លាចដែលអាយុក៏ដូចជាវ័យពួកគេធ្វើបាន។ ដើម្បីបង្ការបញ្ហានេះកើតឡើងជាថ្មីទៀតនោះ អ្នកពាក់ព័ន្ធគួរតែមានការសិក្សាអោយច្បាស់រកប្រភព តើពួកគេបានវិធីសាស្ត្រដ៏សាហាវបែបនេះពីណាមក ហេតុអ្វីបានជាពួកគេប្រពឹត្តបែបនេះកើត ។
ការសិក្សាស្រាវជ្រាវលើករណីមួយនេះ វានឹងធ្វើអោយយើងអាចដឹងអំពីមូលហេតុ និង អាចរកឃើញវិធីសាស្ត្របង្ការនិងទប់ស្កាត់កុំអោយមានករណីថ្មី ។ បើបានបន្តកើតមានឡើងបន្តបន្ទាប់ គ្រួសារនិងសង្គមនឹងបន្តរងការឈឺចាប់ ហើយជនបង្ករក៏ត្រូវមានទោស បាត់បង់កម្លាំងពលកម្មទាំងអស់។ ប៉ុន្តែបើយើងបង្ការបាន ពួកគេនឹងបន្តធំធាត់អាចក្លាយជាមូលធនមនុស្សសម្រាប់បន្តការរីកចំរើននៅកម្ពុជាបន្តថែមទៀត៕
Daily Program
