វារកឃើញនៅវៀតណាមទេ ប៉ុន្តែខ្មែរយើងក៏គួរតែប្រយ័ត្នដែរ !

សព្វថ្ងៃនេះព្រោះតែប្រាក់ចំណេញ និង ផលប្រយោជន៍អ្វីក៏មនុស្សអាចធ្វើបានដែរ​ រាប់តាំងពីអង្ករ និង ស៊ុតសិប្បនិម្មិត ហើយថ្មីៗនេះនៅវៀតណាមល្បីដល់ថ្នាក់បង្កើតសាច់គោដែលមានតម្លៃថ្លៃដែលគេហៅថា​សាច់គោវ៉ាកយូ (Wagyu)ក្លែងក្លាយផងដែរ។

តាមអត្ថបទរបស់សារព៌ត៌មានវៀតណាម ករណីរកឃើញនេះវាកើតមាននៅទីក្រុងហាណូយ រដ្ឋធានីវៀតណាមឯណោះទេ ប៉ុន្តែវាជាបទពិសោធន៍មួយសម្រាប់កម្ពុជា ហើយសារមួយដាស់តឿនពលរដ្ឋយើងជាពិសេសគឺអ្នកមានប្រាក់ខ្លះ ដែលនិយមទទួលទានអាហារថ្លៃហើយមានម៉ាកយីហោបរទេស ។​

តាមសារព័ត៌មាន VN Express អាជ្ញាធរវៀតណាម​ បានចាប់ខ្លួនមនុស្សយ៉ាងហោចណាស់ចំនួន៤នាក់ ​ចាប់ពីនាយកក្រុមហ៊ុន​រហូតដល់នាយកផលិតកម្មរបស់ក្រុមហ៊ុនផលិតម្ហូបអាហារ យកទៅឃុំខ្លួន ក្រោយរកឃើញថា ក្រុមហ៊ុន​បានផលិត និងចែកចាយផលិតផលអាហារក្លែងក្លាយ។

ប្រភពដដែលនោះបានអះអាងថា ពួកគេបានប្រមូលទិញសាច់ក្របីដែលមានតម្លៃថោកពីប្រទេសឥណ្ឌា ហើយយកមកចាក់បញ្ចូលសារធាតុគីមីម្យ៉ាងដើម្បីបង្កើតជាដុំខ្លាញ់សរតូចៗដូចជាសាច់គោជប៉ុកវ៉ាកយូ ហើយចែកចាយនៅលើទីផ្សា។​

អ្នក ដែលត្រូវបានចាប់ខ្លួននោះ ត្រូវបានគេរាយការណ៍ថា បានទិញសាច់ក្របីមានតម្លៃថោកពីប្រទេសឥណ្ឌា ក្នុងតម្លៃជិត៥ដុល្លារក្នុងមួយគីឡូក្រាម ហើយបានប្រើប្រាស់ឧបករណ៍ចាក់ថ្នាំគីមីចូលក្នុងសាច់ក្របីទាំងនោះ ដើម្បីបង្កើតជាដុំខ្លាញ់សតូចៗដូចជាសាច់គោជប៉ុន វ៉ាកយូដែលជាប្រភេទសាច់មានតម្លៃថ្លៃ ចន្លោះពី១៥ដុល្លារទៅ២០ដុល្លារក្នុងមួយគីឡូក្រាម។

ក្រោយក្លែងបន្លំសាច់ទាំងនោះក្រុមហ៊ុននេះបានយកវាទៅ ចែកចាយទៅកន្លែងផ្សេងៗ នៅក្នុងទីក្រុងហាណូយ, ដាណាង, ញ៉ាត្រាង និងទីក្រុងហូជីមិញ ប៉ុន្តែយើងសង្ឃឹមថា​វាមិនចែកចាយដល់នៅក្នុងប្រទេសកម្ពុជាទៅចុះ។

នៅកម្ពុជាយើងសាច់គោវ៉ាកយូនេះក៏មានអ្នកពេញនិយមច្រើនដែរ ជាពិសេសគឺអ្នកដែលមានជីវភាពធូរធារហើយនិយមទទួលទានតាមហាងទំនើបនានា ខណៈដែលអាហារពីពពួកសាច់ប្រភេទនេះ ត្រូវបានគេដឹងថា គឺលក់នៅតាមហាងស៊ុប តាមសាច់អាំងបែបបរទេស ហើយអ្នកដែលមានប្រាក់ខែល្មមគឺមិនមានសមត្ថភាពទទួលទានឡើយ។

ផ្អែកតាមបទពិសោធន៍នេះយើងខ្ញុំសង្ឃឹមថា សមត្ថកិច្ចជំនាញដើម្បីបង្កើនសុវត្ថិភាពអាហារគួរលើកកំពស់ការប្រុងប្រយ័ត្នដោយពង្រឹងការត្រួតពិនិត្យ និង ស្វែងរកប្រភពដើមទំនិញឲ្យច្បាស់លាស់ករណីក្លែងបន្លំ បែបនេះ ។​ដោយឡែកអ្នកហូបអ្នកទទួលទាន សូមកុំអោយតម្លៃលើរបស់នាំចូលពេក របស់នៅក្នុងស្រុកយើងទេ ដែលល្អ ។​

សរុបទៅយើងទាំងអស់គ្នាសូមកុំអោយតម្លៃលើរបស់នាំចូល ។ យើងគួរតែអោយតម្លៃលើរបស់នៅក្នុងស្រុកសូម្បីតែពពួកអាហារត្រីសាច់គ្រប់យ៉ាង ។​ កាលណាយើងគាំទ្រផលិតផលនៅក្នុងស្រុក​នោះសកម្មភាពសេដ្ឋកិច្ចនៅក្នុងស្រុកនឹងប្រសើរ ។ សូមរីករាយនឹងអាហារនៅក្នុងស្រុកយើងទាំងអស់គ្នា  ហើយក៏ត្រូវតែមានស្មារតីទទួលខុសត្រូវកុំចង់បានផលប្រយោជន៍ជ្រុលមិនខ្វល់ពីសុខភាពអ្នកដទៃ៕

 

 

 

Daily Program

Livesteam thumbnail