រឿងអាវុធខុសច្បាប់នៅតែបន្តគំរាមកំហែងសន្តិសុខនៅរាជធានីភ្នំពេញ
រឿងគ្រប់គ្រងអាវុធជាតិផ្ទុះនៅកម្ពុជាសូម្បីតែនៅរាជធានីភ្នំពេញគឺជារឿងវែកចកមួយនៅក្នុងសង្គមដែលមកដល់ពេលនេះមិនដឹងថា ពេលណាទើបបញ្ហានេះលែងមាន ។ បញ្ហាមួយករណីដោះចប់មួយករណីថ្មីបានកើតឡើងជាបន្តបន្ទាប់ ហើយករណីចុងក្រោយគឺរិតតែមានរូបភាពអាក្រក់ដែលរួមមានករណីស្លាប់មន្រ្តីសមត្ថកិច្ចថែមទៀតផង។
ករណីផ្ទុះអាវុធ និងការប្រើប្រាស់អាវុធ គឺមានជាបន្តបន្ទាប់ ដូចករណីផ្ទុះអាវុធក្រោយហេតុការណ៍រថយន្តពីរគ្រឿងបុកគ្នានៅខណ្ឌដង្កោរកាលពីរាត្រីថ្ងៃទិ២៧ ខែ សីហា ឆ្នាំ២០២៤ ដែលបណ្តាលឲ្យមានករណីមនុស្សស្លាប់និងរបួសផងដែរមន្រ្តីសមត្ថកិច្ច ។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មានអនឡាញមួយចំនួនបានឲ្យដឹងថា ករណីផ្ទុះអាវុធនេះសាហាវដូចជានៅក្នុងរឿងដោយសារតែមានការបាញ់ប្រហារគ្នាស្រស់ៗ ដែលនាំឲ្យមានករណីសង្ស័យថា គឺអាចមិនមែនជារឿងគ្រោះថ្នាក់ចរាចរណ៍នោះទេ ហើយអាវុធដែលផ្ទុះនោះក៏មិនមែនជាអាវុធខ្លីទៀតគឺមានទាំងវែងនិងខ្លី ដែលបាញ់ប្រហារកើតឡើងគួរឲ្យរន្ធត់ ហើយបានជម្លៀសគ្នាចេញដូចជានៅក្នុងរឿងចិនហុងកុង នៅក្នុងទំនាស់ក្រុមបងធំ។
រឿងរ៉ាវផ្សេងៗនៃករណីនេះ គឺទុកឲ្យសមត្ថកិច្ចជំនាញបន្តស្រាវជ្រាវនឹងសើបអង្កេតដើម្បីអនុវត្តទៅតាមច្បាប់ទៅចុះ ប៉ុន្តែអ្វីដែលយើងខ្ញុំចង់និយាយនៅពេលនេះគឺបញ្ហាគ្រប់គ្រងអាវុធ ពីព្រោះវាគឺជារឿងដែល គួរតែយកចិត្តទុកដាក់ ដើម្បីបញ្ហាសន្តិសុខសុវត្ថិភាពរបស់ពលរដ្ឋនៅក្នុងរាជធានី ក៏ដូចជានៅក្នុងប្រទេសកម្ពុជា ។
នៅកម្ពុជាយើងពលរដ្ឋធម្មតាមិនមានសិទ្ធិប្រើប្រាស់អាវុធឡើយដូច្នេះ ប្រជាពលរដ្ឋមិនត្រូវបានអនុញ្ញាតិឲ្យប្រើប្រាសអាវុធនោះដាច់ខាត លើកលែងតែអ្នកដែលមានយសស័ក្ត ថានៈនិងតួនាទី ប៉ុន្តែករណីផ្ទុះអាវុធកាលពីថ្ងៃទី ២៧ ខែសីហានោះ គឺមានវែងមានខ្លី ដូច្នេះប្រសិនបើជនបរទេសឫពលរដ្ឋសាមញ្ញមានអាវុធប្រើប្រាស់ហើយបង្ករបែបនោះវាគឺជារឿងមួយដ៏គ្រោះថ្នាក់នៅក្នុងសង្គមយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ ហើយគួរតែស្រាវជ្រាវមិនត្រឹមតែករណីឧក្រិដ្ឋកម្មបាញ់ប្រហារនោះទេ គឺគួរតែសើបអង្កេតរកប្រភពអាវុធទាំងនោះផងដែរ ។
ការគ្រប់គ្រងអាវុធជាតិផ្ទុះនេះមិនមែនលេងសើចទេ ដូច្នេះគ្រប់ភាគីពាក់ព័ន្ធ គួរតែត្រូវពង្រឹង ជាពិសេសគឺការគ្រប់គ្រងអាវុធ និង ការប្រើប្រាស់អាវុធឲ្យត្រឹមត្រូវ។ ហើយសម្រាប់ជនណាដែលមានអាវុធកាន់កាប់ដោយខុសច្បាប់គឺមិនគួរទទួលការអធ្យាស្រ័យឡើយ ពួកគេគួរតែកាត់ទោសតាមផ្លូវច្បាប់ឲ្យបានធ្ងន់ ។ ប៉ុន្តែប្រសិនបើជាសមត្ថកិច្ចចុះទៅបង្រ្កាបហើយផ្ទុះអាវុធវាគឺជារឿងមួយផ្សេង ពីព្រោះធម្មតាសមត្ថកិច្ចនៅក្នុងបេសកម្មគឺអាចមានសិទ្ធិប្រើប្រាស់ បាននៅក្រោមមូលហេតុនិងមានបទបញ្ជាត្រឹមត្រូវ។
អាវុធគឺគ្រោះថ្នាក់ខ្លាំងណាស់ដល់ជីវិតនិងសន្តិសុខសង្គមប្រសិនបើសង្គមយើងនៅតែបន្តមានបញ្ហាឫក៏ប្រហោងនៅក្នុងការគ្រប់គ្រងអាវុធនេះ ។ អាវុធមិនមែនជាគ្រឿងកំសាន្តទេ វាគឺជាវត្ថុគ្រោះថ្នាក់ ដែលអាចគ្រោះថ្នាក់ដល់ជីវិតមនុស្សប្រសិនបើប្រាស់ប្រាស់ខុសគោលដៅ ។ សូមពង្រឹងហើយយកចិត្តទុកដាក់បង្ក្រាបករណីប្រើប្រាស់ រត់ពន្ធ ជួញដូរគ្រប់ប្រភេទ ហើយទាំងខ្មែរនិងបរទេសគួរតែមានទោសធ្ងន់ធ្ងរ ។