រឿងព្រំដែនក្តៅគួរបន្តយកចិត្តទុកដាក់ ប៉ុន្តែកុំភ្លេចបញ្ហាផ្សេងៗរួមទាំងរឿងជំងឺគ្រុនឈាម !

រឿងទំនាស់ព្រំដែនជាមួយថៃ គឺជារឿងក្តៅដែលយើងត្រូវតែយកចិត្តទុកដាក់តាមតានស្ថានភាពឲ្យច្បាស់លាស់នៅក្នុងនាមជាសមាជិកនិងកោសិកាសង្គមមួយនឹងគេ ប៉ុន្តែកុំភ្លេចយកចិត្តទុកដាក់រឿងគុ្រនឈាម។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មានថៃជាភាសាអង់គ្លេសមួយបានឲ្យដឹងថា ជំងឺគ្រុនឈាមបានកំពុងតែមានស្ថានភាពកើនឡើងនៅថៃ ក្រោយពេលដែលរដូវវង្សាបានចូលមកដល់ ដូច្នេះនៅកម្ពុជាយើងគួរតែយកចិត្តទុកដាក់អំពីរឿងនេះ។
នៅថៃមានសេចក្តីរាយការណ៍ថា ករណីជំងឺគ្រុនឈាមបានកើនឡើងដល់ជាង ១២.០០០ នាក់នៅទូទាំងប្រទេសដោយនៅក្នុងនោះវាបង្កឲ្យបាត់បង់ជីវិតចំនួន ១៦ នាក់។ ករណីនេះហាក់កើនឡើងពេញប្រទេស ដោយរួមទាំងរដ្ឋធានីបាងកកផងដែរ។
នេះគឺជាករណីនៅថៃ ប៉ុន្តែនៅកម្ពុជាយើងក៏កុំប្រហែសពីព្រោះលក្ខខណ្ឌអាកាសធាតុនិងកត្តាអំណោយផលដល់ការរីករាលដាលនៃជំងឺនេះនៅកម្ពុជាក៏មិនខុសពីថៃដែរ ដូច្នេះយើងក៏គួរតែប្រុងប្រៀបអោយហើយ ដើម្បីកុំអោយវាធ្ងន់ធ្ងរទាន់។
ជំងឺនេះគ្រោះថ្នាក់ ហើយវាអាចធ្វើឲ្យមនុស្សទាំងក្មេងទាំងចាស់បាត់បង់ជីវិតបានដូចគ្នា ប៉ុន្តែគេអាចបង្ការបាន។ ជំងឺនេះដូចដែលយើងដឹងហើយថា គឺវាឆ្លងដោយមូសខ្លាជាភ្នាក់ងារចម្លង ដូច្នេះដើម្បីកំចាត់វា គឺមានតែកំចាត់ជំរកមូស សម្លាប់មូស។
មូសខ្លាវាគឺជាសត្វល្អិតចង្រៃដែលមានដែនជម្រកនៅតាមវត្ថុដែលអាចដក់ទឹកបាន ហើយវាតែងពងកូននៅជាដង្កូវទឹកនៅតាមទីកន្លែងទាំងនោះ ដូច្នេះយើងគួរតែរួមគ្នាបំផ្លាញជម្រករបស់វាអោយអស់ពីសហគមន៍។
ការបំផ្លាញជម្រកវាជារឿងចាំបាច់ ប៉ុន្តែជាទូទៅទោះយើងដឹង ក៏ប៉ុន្តែវាពិតជាមិនអាចបំផ្លាញវត្ថុដែលដក់ទឹកបានទាំងអស់ពីបរិយាកាសជុំវិញខ្លួនយើងបានឡើយ ប៉ុន្តែយើងអាចបាច់ថ្នាំសម្លាប់មូសបាន។
នៅក្នុងស្ថានភាពបែបនេះ យើងខ្ញុំសង្ឃឹមថា ស្ថាប័នពាក់ព័ន្ធជាពិសេសគឺក្រសួងសុខាភិបាលនឹងយកចិត្តទុកដាក់លើបញ្ហានេះ ខណៈដែលមហាជនក៏គួរតែជួយគ្នាមួយដៃមួយជើង។
យើងមានបញ្ហាព្រំដែននៅថៃមិនមែនបញ្ហានិងអ្វីដែលកើតឡើងនៅថៃយើងមិនមើលមិនអាចមិនយកជាបទពិសោធន៍នោះទេ ដូចនេះ អ្វីដែលកើតឡើងនៅទីនោះ គឺជាមេរៀនមួយដាស់និងពញាក់យើងឲ្យប្រុងប្រយ័ត្ន ពីព្រោះជំងឺគ្រុនឈាមជាជំងឺកាចសាហាវមួយ ទោះបីជាវាសម្លាប់មនុស្សមិនច្រើនក៏ដោយ ប៉ុន្តែវានៅតែអាចសម្លាប់មនុស្សបាន បើប្រហែសនៅពេលដែលយើងឆ្លងមេរោគនេះ៕
Daily Program
