រឿងទឹកដី និង សន្តិសុខជាតិសូមកុំផ្តេសផ្តាស
អ្នកដែលចូលចិត្តលេងបណ្តាញសង្គមមិនថា ហ្វេសបុក តិកតក់ តេឡេក្រាម ឬ អេបណាផ្សេងក៏ដោយអោយតែប៉ះរឿងទឹកដី បញ្ហាសន្តិសុខជាតិ ក៏ដូចជារឿងបរិហារកេរ្តិ៍ថ្នាក់ដឹកនាំគឺសុទ្ធតែជារឿងដ៏រសើប ដែលអាចនឹងមានពិរុទ្ធ។
សូមប្រុងប្រយ័ត្ន ហើយលើកកំពស់នៅពេលដែលទទួលព័ត៌មានណាមួយអំពីបញ្ហនេះសូមប្រុងប្រយ័ត្ន កុំចេះតែបន្ទ កុំចេះតែចែករំលែក កុំចេះតែលេងតាមគេ ជម្រុញ ឬ លើកទឹកចិត្តបើមិនដូច្នេះទេ យើងនឹងប្រឈមមុខនឹងផ្លូវច្បាប់ជាក់ជាមិនខាន។
ពាក់ព័ន្ធនឹងបញ្ហានេះអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់អ្នកសារព័ត៌មានថា មកដល់ល្ងាយថ្ងៃទី២៤ ខែកក្កដាថា ជនសង្ស័យចំនួន៤ នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងករណី ចោទប្រកាន់រាជរដ្ឋាភិបាលថាកាត់ដី ៤ខេត្តអោយទៅវៀតណាម។
លោកបញ្ជាក់ថា ការចាប់ខ្លួននេះគឺធ្វើត្រឹមត្រូវទៅតាមនីតិវិធីព្រហ្មទណ្ឌ និងច្បាប់របស់កម្ពុជា ពោលគឺជាចរិក និងបទល្មើសជាក់ស្តែង ហើយក្នុងនោះក៏មានការដឹកនាំចង្អុលបង្ហាញនីតិវិធីពីសំណាក់តុលាការខេត្តសៀមរាបផងដែរ។
ពួកគេត្រូវបានបញ្ជាក់អំពីការឃាត់ខ្លួនក្រោយការចេញសារនយោបាយជាចំហរដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី ២៣ ខែឆ្នាំដដេល ក្រោយពេលដែលមានការចែករំលែកតាមបណ្តាញសង្គមជាច្រើនអំពីបញ្ហាកាត់ដី៤ខេត្ត គឺស្ទឹងត្រែង រតនគីរី មណ្ឌលគីរី និងក្រចេះ នៅក្រោមកិច្ចព្រមព្រៀងមួយ។
ពាក់ព័ន្ធនឹងការចែករំលែកនេះសម្តេចតេជោ បានថ្លែងថា នៅក្នុងនាមសម្តេចធ្លាប់ជាអ្នកដែលដឹកនាំរាជរដ្ឋាភិបាល ហើយធ្លាប់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹងវៀតណាម និងឡាវ ហើយចូលរួមប្រជុំកំពូលដល់ទៅ ១១ ដង ចាប់តាំងពីឆ្នាំ២០១៩មក គឺគ្មានការចុះកាត់ដីអ្វីទាំងអស់។ អ្វីដែលមានគឺជាការចុះកិច្ចព្រមព្រៀងអភិវឌ្ឈន៍រួមគ្នា១៣ខេត្តរវាងកម្ពុជា វៀតណាម និង ឡាវ សំដៅធ្វើយ៉់ាងណាអភិវឌ្ឈន៍ខេត្តនៅតាមព្រំដែនឲ្យមានផ្លូវ ទឹក មានភ្លើង មានការអភិវឌ្ឈន៍ ហើយរួមគ្នាប្រឆាំងបទល្មើសផ្សេងៗរួមទាំងភេវកម្ម បទល្មើសព្រៃឈើ និង បទល្មើសឆ្លងព្រំដែនផ្សេងៗទៀត។
នៅក្នុងសារនយោបាយនោះ សម្តេចក៏បានស្នើឲ្យអាជ្ញាធរចាត់វិធានការច្បាប់យ៉ាងតឹងរឹងប្រឆាំងជនណាដែលនិយាយខុសពីការពិត ហើយស្វែងរកប្រភពនិងអ្នកដែលចែករំលែកនូវរឿងរ៉ាវដែលខុសពីការពិតនេះទាំងស្រុង។
នេះគឺជាបទពិសោធន៍មួយ សម្រាប់ប្រជាពលរដ្ឋយើង។ សូមកុំនិយាយអ្វីដែលមិនដឹងការពិត ហើយសូមកុំតាំងខ្លួនធ្វើជាអ្នកចេះតាមតែគេញុះញុង បើមិនដូច្នេះទេ អ្នកដែលមានទុក្ខគឺយើងខ្លួនឯងក្រុមគ្រួសារ។ រឿងទឹកដីនេះមិនអាចចេះតែលេងសើចបានឡើយ ហើយពីមុនមកក៏ធ្លាប់មានអ្នកដែលមានពិរុទ្ធជាច្រើននាក់ហើយដែលត្រូវជាប់ទោសក៏ព្រោះតែពាក់ព័ន្ធនឹងបញ្ហាទឹកដីខុសច្បាប់និងខុសពីការពិតនេះ។