រឿងក្មេងទំនើង! បើពង្រឹងការអនុវត្តតាមតែគោលនយោបាយភូមិឃុំមានសុវត្ថិភាពគឺអាចសម្រេចបាន

មន្រ្តីរដ្ឋាភិបាលនិងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធបានកំពុងតែបន្តដុតដៃដុតជើង​បន្តទៀតហើយនៅក្នុងការអនុវត្តយុទ្ធនាការបង្រ្កាបក្មេងទំនើង ។​

ការដុតដៃដុតជើងនេះគឺឃើញមមាញឹកជាថ្មីនិងផុលផុសឡើងវិញក្រោយពេលដែលកិច្ចខិតខំប្រឹងប្រែង ហាក់ទុនដៃទុនជើងក្រោយការអនុវត្តបានប្រមាណជា ៧ខែ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីសប្តាហ៍មុនបានថ្លែងសាររិតបន្តឹងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងក្មេងទំនើងនេះបន្ថែមទៀត ។

សម្តេចធិបតីនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ជាច្រើនដងនៅពេលថ្លែងសុន្ទរកថានៅក្នុងពិធីចែកសញ្ញាប័ត្រជូននិស្សិតសាកលវិទ្យាល័យធនធានមនុស្សថា យុទ្ធនាការបង្រ្កាបក្មេងទំនើងនេះអត់មានដកថយឡើយ គឺត្រូវតែបន្តហើយត្រូវតែសកម្មហើយក្មេងទំនើងណាដែលនៅតែបន្តគឺត្រូវតែមានទោសទណ្ឌឲ្យធ្ងន់ដោយមិនលើកលែង ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ រឿងក្មេងទំនើងនេះគឺត្រូវតែបន្តដោយមិនដកដៃឡើយ ហើយនៅក្នុងករណីដែលអ្នកជំនាញពិនិត្យទៅឃើញតាមច្បាប់មានភាពទុនជ្រាយឫប្រហោង គឺសម្តេចបើកផ្លូវឲ្យមានការស្នើសុំធ្វើវិសោធនកម្ម ដើម្បីធ្វើយ៉ាងណាឲ្យអ្នកដែលប្រពឹត្តរាងចាល ។

សម្តេចធិបតី ក៏បានជំរុញឲ្យអាជ្ញាធរជំនាញគ្រប់ជាន់ថ្នាក់អនុវត្តកិច្ចការនេះ ខណៈដែល ៧ខែកន្លងមកនេះ សមត្ថកិច្ចបានបានចាត់ការលើសំណុំរឿងរហូតដល់ ៧២០ ករណី ហើយនៅក្នុងចំណោមនោះ គឺសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុប ប្រមាណជា ៣​៣០០ នាក់។

ក្មេងទំនើបនេះ កន្លងមកត្រូវបានគេអះអាងថា គឺវាដូចជាវែកចក ពោលគឺបង្រ្កាបហើយក៏កើតឡើងវិញ ប៉ុន្តែនាយករដ្ឋមន្រ្តីបានលើកឡើងហើយថា គឺត្រូវតែធ្វើ រហូតដល់អស់ពីសង្គម ។ ពោលគឺថា មិនមែនទៅវែកចេញពីបឹងទេ គឺទៅស្តារចោលទាល់តែអស់តែម្តង ។​

ផ្អែកតាមសារនេះ សង្ឃឹមថា សមត្ថកិច្ចនិងអ្នកអនុវត្តច្បាប់ទាំងអស់នឹងយកចិត្តទុកដាក់លើបញ្ហានេះឲ្យបាន។

រឿងក្មេងទំនើងនេះ ប្រសិនបើអនុវត្តតាមតែគោលការណ៍ភូមិឃុំមានសុវត្តិភាពឲ្យតែហ្មត់ចត់ក៏វានឹងមានផលវិជ្ជមានហើយ។ គោលនយោបាយភូមិឃុំមានសុវត្ថិភាពនេះ ប្រសិនបើអ្នកពាក់ព័ន្ធផ្តល់អំណាចនិង ធនធាន ក៏ដូចជាការការពារបានបរិបូណ៍ជាយន្តការដ៏មានប្រសិទ្ធភាព​ ប៉ុន្តែកន្លងមកការអនុវត្តគោលនយោបាយនេះនៅតាមមូលដ្ឋានានា គឺហាក់មានឆកល្វែងច្រើន។ កិច្ចការនេះមន្រ្តីមូលដ្ឋានដឹងច្បាស់ណាស់ ហើយក៏អាចគ្រប់គ្រងព័ត៌មានច្បាស់លាស់ណាស់ ។

សរុបទៅនៅក្នុងករណីប្រយុទ្ធប្រឆាំងនឹង​បញ្ហាក្មេងទំនើងប្រសិនបើពង្រឹងតាមយន្តការភូមិឃុំមានសុវត្តិភាពតាមរយៈការដាក់ចេញដោយច្បាប់ត្រឹមត្រូវ អ្នកខុសត្រូវមានទោស ទោះពួកគេជានរណាក៏ដោយ នេះ គឺជារឿងសំខាន់ ហើយអាចនឹងមានប្រសិទ្ធភាពដោយសារតែពួកគេដឹងនរណាខ្លះជាមុខសញ្ញា គ្រាន់តែ ថា ពួកគេមិនចង់ដោយសារបញ្ហានេះបញ្ហានោះ៕

Daily Program

Livesteam thumbnail