របស់៣មុខ ដែលយុវវ័យកុំចង់សាក និងចង់ភ្លក់!

មកដល់ពេលនេះរបស់៣ដែលយុវវ័យ មិនគួរចង់សាកនោះ គឺគ្រឿងញៀន សុរា និងបារី ព្រោះវាមានផលមិនល្អដល់សុខភាពហើយក៏ប៉ះពាល់ដល់កិត្តិយស ដែលនៅប្រទេសខ្លះវាខុសច្បាប់ថែមទៀតផង។
រឿងគ្រឿងញៀនមួយវាគឺជារបស់ខុសច្បាប់តែម្តង ដូច្នេះរាល់ការប្រើប្រាស់ ជួញដូរ និងការពាក់ព័ន្ធ គឺសុទ្ធតែជាទុក្ខទោសសម្រាប់ខ្លួនយើងទាំងអស់។ ដូច្នេះប្រសិនបើកុំយកខ្លួនទៅពាក់ព័ន្ធវាគឺជារឿងដ៏ល្អបំផុត។ 
ស្រា ឬគ្រឿងស្រវឹងសម្រាប់ប្រទេសមួយចំនួន ជាពិសេសគឺមូស្លីមគឺក៏ជាបម្រាមមួយដែរ គ្រាន់តែវាស្រាលជាងគ្រឿងញៀន ប៉ុន្តែនៅប្រទេសខ្លះទោះបីជាច្បាប់មិនហាមឃាត់មែន ប៉ុន្តែសីលធម៌ និងប្រពៃណីក៏មិនលើកទឹកចិត្តដែរ ដូចជាករណីនៅកម្ពុជាយើងជាដើម។ 
ស្រា ឬគ្រឿងស្រវឹងនៅកម្ពុជាយើងតម្លៃខាងសីលធម៌មិនសូវឱ្យតម្លៃទេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយការប្រើប្រាស់គឺច្រើន និងមានសញ្ញានៃការកើនឡើង ខណៈដែលផលប៉ះ ពាល់ពីការប្រើប្រាស់វាគឺកាន់តែធំ ដូច្នេះហើយនៅពេលនេះរាជរដ្ឋាភិបាល និងអាជ្ញាធរកំពុងតែប្រឹងប្រែងចាត់វិធានការដើម្បីកាត់បន្ថយការប្រើប្រាស់ ហើយរកវិធីអប់រំដើម្បីឲ្យពលរដ្ឋ កុំប្រើប្រាស់វាច្រើន។ 
ការជក់បារីក៏ជាបញ្ហាមួយដែលសង្គមកម្ពុជាមិនហាមដែរ ប៉ុន្តែសីលធម៌មិនអោយតម្លៃអ្នក ដែលជក់ដូចជា សុរា ឬគ្រឿងស្រវឹងដែរ។ សម្រាប់មនុស្សពេញវ័យពេញកម្លាំងរកស៊ី ហាក់មិន សូវយកចិត្តទុកដាក់ទេ ប៉ុន្តែប្រសិនបើនៅក្មេងវ័យហើយប្រើប្រាស់បារីនោះគឺសង្គមនឹងមើលស្រាល។
នៅក្នុងចំណោមរបស់ដែលគេមិនលើកទឹកចិត្តទាំង៣នេះ ទោះបីមួយវាស្រាលជាងមួយក៏ដោយ ប៉ុន្តែនៅក្នុងករណីដែលយើងនៅឆ្ងាយពីវាទាំងអស់គឺប្រសើរបំផុត ព្រោះវាគឺសុទ្ធតែ ជាវត្ថុដែលបំពុលខ្លួនយើង សហគមន៍ និងសង្គម។ 
នៅពេលបច្ចុប្បន្ននេះសង្គមយើង ស្ថិតនៅក្នុងបញ្ហាដូចជាបញ្ហាក្មេងទំនើងបងតូចបងធំ អំពើហិង្សា ករណីរំលោភ ករណីឆក់ប្លន់ គ្រោះថ្នាក់ចរាចរណ៍ ពោលគឺរឿងដែលជាបញ្ហាអវិជ្ជមាន នានាត្រូវបានគេអះអាងថា វាមានដើមចមពីការប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង និងបារីនេះឯង។ ក្រៅពីនោះរបស់ទាំង៣នេះ វាក៏បំពុលសុខភាពយើងធ្វើឲ្យខូចខួរក្បាល និងសរីរាង្គនានា នៅក្នុងខ្លួនដែលនាំអោយយើងអាយុខ្លីជាងធម្មជាតិ ដូចនេះសូមយុវ័យនៅឲ្យឆ្ងាយពី របស់ទាំងបីនេះ៕