រន្ទះឥឡូវកាចណាស់សូមប្រុងប្រយ័ត្ន ជាពិសេសគឺមុនភ្លៀងនិងក្រោយភ្លៀងបន្តិច

ក្រោយគ្រោះថ្នាក់ដែលបានកើតមានឡើងនៅអង្គរវត្តកាលពីពាក់កណ្តាលខែឧសភាកន្លងទៅ តំបន់និងរមណីយដ្ឋានមួយចំនួនបានតម្លើងឧបករណ៍ការពាររន្ទះជាបន្តបន្ទាប់ ប៉ុន្តែសូមកុំអាង ហើយភ្លេចការបង្ការ និងបន្តការប្រុងប្រយ័ត្ន។
នៅពេលនេះតំបន់ដែលតម្លើងឧបករណ៍ការពាររន្ទះមានមែន ប៉ុន្តែវាមិនទាន់អាចមានលទ្ធភាពការពារគ្របដណ្តប់បានទូលំទូលាយនៅឡើយទេ ។ សមត្ថភាពការពារនិងធានាសុវត្ថិភាពមានដែនកំំណត់តិចតួចនៅឡើយទេ។ វាអាចមានតែនៅតាមអគារនិងទីតាំងមូយ ចំនួននៅទីក្រុង តែតំបន់ជនបទ ដ៏ទូលំទូលាយគឺមិនទាន់មាននៅឡើយ។
តាមស្ថិតិបង្ហាញថា នៅក្នុងរយៈពេល ៤ ខែ ឆ្នាំ ២០២៥ នេះ គ្រោះរន្ទះបាញ់បានកើតឡើងចំនួន ៣០ លើក បណ្តាលឱ្យមនុស្សស្លាប់ និងរបួសជិត ៣០ នាក់ និងងាប់គោក្របីជាង ២០ ក្បាល បើធៀបទៅនឹងរយៈពេល ៤ ខែដូចគ្នា ឆ្នាំ ២០២៤ កន្លងទៅ ឃើញថា មានការការកើនឡើង ៤ ដង។
តាមសារព័ត៌មាននានាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអះអាងថា រយៈពេល ៤ ខែ ឆ្នាំនេះ រន្ទះបាញ់ ក៏បាន បណ្តាលឱ្យខូចខាតផ្ទះចំនួន ៦ ខ្នង ស្លាប់មនុស្ស ១២ នាក់ របួស ១៦ នាក់ និងងាប់គោក្របីចំនួន ២១ ក្បាល។ ជាក់ស្តែងនៅក្នុងខែមេសា កើតឡើងច្រើនជាងគេមានរហូតដល់ទៅ ២២ លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន ៨ នាក់ របួស ១១ នាក់ ងាប់គោក្របី ១៥ ក្បាល និងខូចខាតផ្ទះ ៤ ខ្នង។
ដោយឡែក ឆ្នាំ ២០២៤ កន្លងទៅ គ្រោះរន្ទះបាញ់បានកើតឡើងចំនួន ១២៥ លើក នៅខេត្តចំនួន ២២ លើកលែងរាជធានីភ្នំពេញ ខេត្តកែប និងខេត្តព្រះវិហារ បណ្តាលឱ្យខូចខាតផ្ទះសម្បែងចំនួន ៣១ ខ្នង ស្លាប់មនុស្ស ៦៨ នាក់ របួស ៥៥ នាក់ និងងាប់គោក្របី ៤៥ ក្បាល។ ក្នុងនោះ ខេត្តសៀមរាបកើតឡើង ២១ លើក ស្លាប់មនុស្ស ១២ នាក់ របួស ៩ នាក់ ងាប់គោ ៧ ក្បាល និងផ្ទះ ៤ ខ្នង។
សូមប្រុងប្រយ័ត្ន តាមការអង្កេតរន្ទះបាញ់គឺច្រើនកើតមាននៅពេលមុខភ្លៀងធ្លាក់មកដល់ ដោយនៅក្នុងអំឡុងពេលភ្លៀងមានដែរប៉ុន្តែហក់មិនញឹកញាប់ទេ ប៉ុន្តែក្រោយជិតរាំងភ្លៀងគឺឃើញថា ក៏ញឹកញាប់ផងដែរ។
សរុបសេចក្តីទៅឃើញករណីគ្រោះមហន្តរាយដោយសារតែរន្ទះបាញ់កន្លងមក និង នៅអង្គរវត្តថ្មីៗនេះ សូមលើកកំពស់ការប្រុងប្រយ័ត្នជាពិសេសនៅពេលមុនភ្លៀង និង ក្រោយពេលភ្លៀងបានបន្តិច ដូច្នេះ នៅពេលមានអាកាសធាតុអាប់អួរគួរកុំចេញទីវាល ហើយបើលោកអ្នកនៅទីវាលស្រាប់ សូមប្រញាប់រកកន្លែងជ្រក ហើយចាំពេលស្ងប់ចាំចេញ។ កន្លែងជ្រកនោះដាច់ខាតកុំនៅក្រោមដើមឈើ៕
Daily Program
