រណប ឥស្សរៈភាព និង ឯករាជ្យភាព ប្រហែលជាពិបាកផ្តាច់គ្នា!

ជាធម្មតានៅពេលដែលយើងមានឯករាជ្យភាពហើយរស់ដោយខ្លួនយើងមិនចំណុះឲ្យនរណានៅពេលនោះ សំដីរបស់យើងនឹងធ្ងន់ហើយថ្លោស ប៉ុន្តែប្រសិនបើយើងរស់ដោយពឹងលើគេ​យើងនឹងរណបគេងើបមុខមិនរួចឡើយ។

ឯករាជ្យភាពនេះសំខាន់ណាស់ ហើយដើម្បីបញ្ជាក់ថាយើងម្នាក់ៗមានឯករាជ្យភាពបានគឺទាល់តែយើងមានធនធាន មានកម្លាំង មានសក្តានុពល​ហើយនិយាយឲ្យចំគឺយើងមានសមត្ថភាពដោះស្រាយរាល់បញ្ហាដែលកើតមានឡើងដោយខ្លួនយើង។

នៅពេលដែលយើងមានឯករាជ្យភាពនិងម្ចាស់ការលើខ្លួនឯងនៅពេលដែលយើងពឹងគេក៏យើងពឹងគេដោយមានឥស្សរៈភាព ប៉ុន្តែនៅក្នុងករណីដែលយើងគ្មានអ្វីនៅក្នុងដៃសោះជាសំអាង ពោលគឺធ្វើអ្វីក៏ពឹង គេ ទាំងស្រុង​កុំថាឡើយដល់ឯករាជ្យភាព គឺត្រឹមតែការរណបគេនេះក៏ពិបាកផងដែរ ។​

រស់នៅដោយរណបគេ គឺគេថា ឆ្វេងគឺដាច់ខាតក៏ត្រូវតែឆ្វេង មិនអាចថាស្តាំបានឡើយ ហើយសូម្បីតែប៊ិះឫវិះស្តាំនេះក៏មិនអាចថាបានឡើយ នោះគឺជាកត្តាសត្យានុម័តដូច្នេះហើយ ដាច់ខាតត្រូវតែពង្រឹងខ្លួន ហើយតាំងខ្លួនធ្វើជាអ្នកដែលមានតម្លៃ។​

នៅក្នុងករណីយើងខ្សោយយើងទន់ទាប យើងអាចរស់ដោយរណបគេក៏បាន ប៉ុន្តែដាចខាតកុំឲ្យរស់ដោយលង់នឹងជីវិតជាអ្នករណបគេរហូត។ នៅពេលដែលយើងរណបគេ យើងក៏ប្រឹងដកស្រង់បទពិសោធន៍ និងសិក្សារកវិធីដ៏សមស្របដើម្បីកាត់បន្ថយការពឹងផ្អែកលើកគេ។នៅពេលដែលយើងពង្រឹងនិងធ្វើខ្លួនយើងឲ្យមានប្រយោជន៍នោះឥស្សរភាពរបស់យើងនឹងកសាងបានជាជំហានៗ។

តើនៅពេលដែលឥស្សរភាពត្រូវបានកសាងយើងត្រូវក្រអឺតក្រទមនឹងឥស្សរៈភាពនោះឫយ៉ាងណា?  ឥស្សរភាពគឺជាគោលដៅដែលយើងចង់បាន ប៉ុន្តែកុំអោយឥស្សរភាពនោះធំធាត់ហើយប្រែក្លាយយើងទៅជាក្រអឺតក្រទមអី។

នៅក្នុងឆាកជីវិតរណប ឥស្សរៈភាព និង ឯករាជ្យភាពវាមិនអាចមានទាំងព្រមហើយគ្រប់កាលៈទេសៈបានដែរ ។​ ចំណុចទាំងនេះគឺវានៅផ្សារភ្ជាប់នឹងឆាកជីវិតយើងទាំងព្រម ប៉ុន្តែសំខាន់គឺធ្វើអ្វីកុំអោយវាណាស់ឫជ្រុលនិយម។

យើងជាមនុស្សជោគជ័យគឺត្រូវតែចេះលៃលកនិងកែខៃការងារនិងជីវិតដោយផ្សារភ្ជាប់នឹងលក្ខខណ្ឌទាំងបីនេះ គឺរណប ឥស្សរៈភាព និង ឯករាជ្យភាពនេះឯង។ការសំដែងខ្លួនគឺត្រូវមើលកាលៈទេសៈ ហើយចេះបត់បែន។នៅក្នុងករណីយើងប្រហែស រណបពេកគេនឹងជិះជាន់យើងមួយជីវិតងើបមិនរួច ប៉ុន្តែបើពង្រឹងឥស្សរៈភាពពេកគេអាចរិះគន់និង​វាយបកលើយើង។ប៉ុន្តែឯករាជ្យភាពវិញគឺរិតតែយ៉ាប់ដោយពេលខ្លះយើងពង្រឹងឯករាជ្យភាពខ្លាំងពេកវាទៅជាក្រអឺតក្រទម ហើយអាកប្បកិរិយានេះគឺគួរតែជៀសវាង បើចង់ជោគជ័យនៃជីវិត៕

 

Daily Program

Livesteam thumbnail