រដូវភ្លៀងហើយ ! កុំភ្លេចប្រយ័ត្នជំងឺឆ្លងដោយសារមូស

ភ្លៀងបានធ្លាក់មកផ្ទួនៗហើយនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះឃើញថា ដូចជាជោគជាំគ្រាន់បើដែរ ដូច្នេះសូមប្រុងប្រយ័ត្នជំងឺឆ្លងដោយមូស ដែលមានដូចជាគ្រុនឈាម និង គ្រុនចាញ់ ក៏ដូចជាជំងឺមួយចំនួនទៀត ដូចជាហ្សីកា និង​គ្រុនឈិកជាដើម។​

ពាក់ព័ន្ធនឹងក្តីបារម្ភនេះឃើញនៅតំបន់មួយចំនួន ដូចជានៅខាងស្រុកតំបែរ ខេត្តត្បូងឃ្មុំជាដើម គឺមានមន្រ្តីចុះអប់រំប្រជាពលរដ្ឋ ចុះចែកថ្នាំបាបែត នៅរាជធានីភ្នំពេញមានការចុះសំអាតប្រព័ន្ធប្រឡាយ បាញថ្នាំខ្លះៗ​ដែរ។

មកដល់ពេលនេះកន្លែងខ្លះក៏បានធ្វើកន្លែងខ្លះក៏នៅមិនទាន់បានធ្វើ។ កន្លែងដែលបានធ្វើគួរតែបន្តធ្វើតាមកម្មវិធីតាមកាលវិភាគឲ្យច្បាស់លាស់កុំធ្វើហើយបាត់ ពីព្រោះមូសនេះវាងាយកើតណាស់។ ដោយឡែកកន្លែងដែលមិនទាន់ធ្វើសកម្មភាពគួរតែប្រញាប់ធ្វើនឹងគេ ដើម្បីការពារសុខភាពសាធារណៈ។

ជំងឺដោយមូសនេះមិនធម្មតាទេ កាលពីឆ្នាំទៅ តាមស្ថិតិរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា គ្រាន់តែជំងឺគ្រុនឈាមមួយគឺមានករណីឆ្លងដល់ទៅ ៥៣ ៣៩៧ករណី ក្នុងនោះស្លាប់ ៦៤ករណី។ ករណីគ្រុនចាញ់ដូចជាស្ងប់ស្ងាត់ ហើយកម្ពុជាកំពុងតែខិតខំលុបបំបាត់ជំងឺនេះ  រីឯគ្រុនឈិក និង​ហ្សីការ ក៏មិនកម្រើកខ្លាំងដែរ។

សូមលើកកំពស់ការប្រុងប្រយ័ត្ន អ្នកជំនាញគួរធ្វើការងារតាមជំនាញ ហើយពលដ្ឋយើងក៏ត្រូវចូលរួមសំអាតបរិវេណលំនៅស្ថាន លុបបំបាត់កន្លែងដក់ទឹក ដែលជាជម្រកកកើតដង្កូវទឹកកើតជាមូស សំអាតបរិវេណជុំវិញលំនៅស្ថាន ភូមិ និង បរិវេណសាលារៀន ពីព្រោះទីនោះអាចជាជម្រកមូស ជាពិសេសគឺមូសខ្លា និង​មូសដែកគោល ដែលជាប្រភេទមូសជាភ្នាក់ងារចម្លងមេរោគ។

ក្រៅពីនោះគឺនៅក្នុងរដូវនេះពេលសម្រាកគួរតែសម្រាកនៅក្នុងមុង ឲ្យត្រឹមត្រូវ ហើយត្រូវប្រុងប្រយ័ត្នទាំងអស់គ្នាមិនមែនតែក្មេងទេ មនុស្សពេញវ័យនៅពេលនេះក៏សំបូរអ្នកដែលកើតជំងឺគ្រុនឈាមនេះដែរ។

សរុបមក ដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងរដូវវស្សា បានបង្កលក្ខខណ្ឌអំណោយផលដល់ការកកើត និងការរីករាលដាលរបស់មូសដែលជាភ្នាក់ងារចម្លងជំងឺគ្រោះថ្នាក់ជាច្រើន ដូចជា គ្រុនឈាម គ្រុនចាញ់ ហ្សីកា និងគ្រុនឈិក ដូច្នេះ ការបង្ការ និងទប់ស្កាត់ជំងឺទាំងនេះ ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគី ទាំងអាជ្ញាធរ មន្ត្រីជំនាញ និងប្រជាពលរដ្ឋ។ ការរក្សាអនាម័យបរិស្ថាន លុបបំបាត់កន្លែងដក់ទឹក សម្អាតបរិវេណលំនៅស្ថាន និងការប្រើប្រាស់មុងឱ្យបានត្រឹមត្រូវ គឺជាវិធានការសាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺ។ ការប្រុងប្រយ័ត្ន និងការអនុវត្តវិធានការបង្ការឱ្យបានជាប់លាប់តាំងពីពេលនេះ គឺជាមធ្យោបាយដ៏សំខាន់បំផុតក្នុងការការពារសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសហគមន៍ទាំងមូល៕

Daily Program

Livesteam thumbnail