យុវវ័យមិនគួរបំផ្លាញរបស់ទ្រព្យសម្បត្តិសាធារណៈ តែគួរជួយការពាររបស់ទ្រព្យទាំងនេះវិញ

យុវវ័យនានាមិនគួរនាំគ្នាលេងសើច ហើយធ្វើសកម្មភាពបំផ្លិចបំផ្លាញអ្វីៗ​ដែលជា​សម្បត្តិ​សាធារណៈនោះឡើយ ផ្ទុយទៅវិញ គួរតែជួយការពារ​និងថែរក្សា​វាឲ្យគង់វង្ស​ឬប្រើប្រាស់ឲ្យ​បាន​យូរ​ដើម្បីជាប្រយោជន៍ សម្រាប់ខ្លួន​ឯងនិងសាធារណៈជននានា។

ឃើញសកម្មភាពយុវវ័យមួយចំនួនដែលនាំគ្នាបំផ្លិចបំផ្លាញរបស់សាធារណៈ វាគឺជាទង្វើ​អសីលធម៌​​មួយដែលមិនគួរកើតមានឡើង ហើយអ្នក​ដែល​ឃើញ​ហេតុការណ៍​នេះ​គួរតែ​អប់រំ​ណែនាំ​ពួកគេកុំអោយពួកគេ នាំគ្នាធ្វើសកម្មភាពបែបនេះទៀត។​

ពាក់ព័ន្ធនឹងសកម្មភាពច្រឡោមខាងសង្គមមិនអោយតម្លៃនេះ ក្រសួងសាធារណការ​និងដឹកជញ្ជូន​ថ្មីៗ​នេះ​បាន​ស្នើ​ឲ្យ​មាន​វិធានការ​ជា​បន្ទាន់​លើ​យុវជនដែលបាន​ធ្វើសកម្មភាព​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈនានា។

ស្ថាប័នជំនាញនេះបានអំពាវនាវ ឲ្យយុវវ័យ​នានា​បញ្ឈប់សកម្មភាព​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ក្រោយមានការផ្សាយលើបណ្តាញសង្គម ដែលមាន​យុវជន​មួយ​ចំនួន​បាន​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់រដ្ឋ នៅតាមដងផ្លូវ។

ក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ថា សកម្មភាពរបស់យុវវ័យបែបនេះ គឺជា​អំពើ​ល្មើសនឹងច្បាប់ ទាមទារឱ្យមានវិធានការទប់ស្កាត់ជាបន្ទាន់ពីព្រោះយោងតាមក្រមព្រហ្មទណ្ឌ មាត្រា ៤១១ បានចែងថាកាលបើបទល្មើសនេះ បានប្រព្រឹត្តនាំឱ្យខូចប្រយោជន៍សំណង់គ្រឹះស្ថានសាធារណ ឬផ្លូវសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១០លានរៀល។

ការលើកឡើងបែបនេះគឺក្រោយពេលដែលបណ្តាញសង្គមបានបង្ហាញនូវរូបភាពអសកម្មរបស់ក្រុម​​យុវជនមួយក្រុម ដែលនាំគ្នាកាច់បំបាក់បង្គោលនៅតាមចិញ្ចើមផ្លូវ ហើយខ្លះទៀត​យកម៉ូតូ​ចងបង្គោល​ហើយដកចោល។ ខ្លះទៀតក្រោយពេលបំផ្លាញហើយយកទៅលីលេង ហើយខ្លះប្រឹងដកបង្គោល។

សូមប្អូនៗត្រូវដឹងហើយភ្ញាក់រលឹកថា អ្វីក៏ដោយនៅ​តាមទីសាធារណៈ​ប្អូនៗគ្មាន​សិទ្ធិ​ទៅ​បំផ្លាញ​វា​ទេ ​។ វាមិនមែនជាកន្លែងឬឧបករណ៍សាកកម្លាំងឡើយ។​ វាគឺ​ជា​ឧបករណ៍​ដែលគេដាក់​មកមិនមែន​ឲ្យ​ប្អូនៗ​បំផ្លាញវានោះទេ វាមានមុខងារនិងតួនាទីដែលមានប្រយោជន៍ជាច្រើន ដូច្នេះ​ប្អូនៗ​គួរតែ​មាន​ការយល់​ដឹងហើយបញ្ឈប់សកម្មភាពនេះជាបន្ទាន់។ ក្រៅពីនោះ​ប្អូនៗ​ក៏គួរតែ​តែ​ចូលរួម​ថែរក្សា​របស់​សាធារណៈតាំងនេះឲ្យបានគង់វង្សផង៕​

 

Daily Program

Livesteam thumbnail