យុវវ័យខ្មែរគួរតែប្រុងប្រៀបខ្លួនឲ្យស្រេចនឹងនិន្នការប្រែប្រួលនៅទស្សវត្សរ៍ក្រោយ

យុវវ័យខ្មែរយើងគួរតែខិតខំប្រឹងប្រែងឲ្យលើសពីកម្រិតបន្សាំខ្លួននឹងបច្ចេកវិទ្យា ខណៈដែលក្រុមអ្នកជំនាញនៅលើពិភពលោកបានទស្សទស្សន៍ទាយថា បញ្ញាសិប្បនិម្មិតនឹងដណ្តើមការងារមនុស្សជាច្រើន។

តាមការចុះផ្សាយដោយសារព័ត៌មានពិភពលោកមួយចំនួន បានឲ្យដឹងថា អ្នកដែលបង្ហាញសញ្ញានៃការផ្លាស់ប្តូនិន្នាការសង្គមនេះ មិនមែនជាមនុស្សធម្មតាឡើយ គឺលោក បៀល ហ្គេត ដែលជា​សហស្ថាបនិកក្រុមហ៊ុនម៉ាយក្រូសូហ្វ ដែលធ្លាប់ជាប់ចំណាត់ថ្នាក់ជាបុរសកំពូលអ្នកមានបំផុតនៅលើពិភពលោក ដោយសារតែជំនួញនិងជំនាញខាងបច្ចេកវិទ្យាកុំព្យូទ័រ ហើយក៏ជាអ្នកត្រួសត្រាយបើកផ្លូវឲ្យមានការរីកចម្រើននៃបញ្ញាសិប្បនិម្មិតនៅក្នុងដំណាក់កាលដំបូង។

លោកបានប៉ាន់ប្រមាណថា ទោះបីជាបញ្ញាសិប្បនិម្មិតមិនអាចដណ្តើមការងារមនុស្សបានទាំងអស់មែន ប៉ុន្តែសូម្បីតែគ្រូបង្រៀន និង ក្រុមគ្រូពេទ្យក៏ត្រូវបានបញ្ញាសិប្បនិម្មិតធ្វើឲ្យពួកគេជាច្រើនបាត់បង់ការងារផងដែរ។

លោកបានលើកឡើងថា នៅពេលនេះការងារមួយចំនួនដូចជាការប្រឹក្សាខាងវេជ្ជសាស្រ្តនិងអប់រំមូលដ្ឋានសាមញ្ញៗគឺ បញ្ញាសិប្បនិម្មិតកំពុងឈានទៅ​ជំនួសបណ្តើៗហើយ ដូច្នេះនៅក្នុងអំឡុងរយៈពេលមួយទស្សវត្សរ៍ ខាងមុខនេះ បញ្ញាសិប្បនិម្មិតនឹងកាន់តែទន្ទ្រាន ហើយរំលោភលើដែនសមត្ថភាពរបស់ពួកគេកាន់តែខ្លាំងនិងស៊ីជម្រៅ។

លោកបានលើកឡើងថា អ្នកដែលអាចឈរជើងបាន គឺនឹងមានតែវេជ្ជបណ្ឌិតនិងសាស្រ្តចារ្យឯកទេសដែលមានជំនាញពិតប្រាកដៗប៉ុណ្ណោះ។

ការលើកឡើងបែបនេះគឺពិតជាត្រឹមត្រូវ។ ពីព្រោះថា នៅពេលនេះប្រសិនបើអ្នកឈឺក្បាលហើយសាកល្បងប្រើប្រាស់ ChatGPT  ឬ DeepSeek ពួកវាអាចផ្តល់នូវយោបល់ឆ្លើយតបមកវិញភ្លាមៗដោយមិនចំណាយលុយ ឬ ពេលណាត់ជួប ហើយត្រូវរង់ចាំវេជ្ជបណ្ឌិត​ឡើយ គឺឆ្លើយមកភ្លាមៗតែម្តង។

មិនចាំបាច់តែអាការៈឈឺធម្មតាឡើយ សូម្បីតែ​ករណីអ្នកជំងឺទៅធ្វើរោគវិនិច្ឆ័យតាម MRI នៅមន្ទីរពេទ្យ យើងគ្រាន់តែថតចម្លងលទ្ធផលនេះដាក់ចូលទៅក្នុង កម្មវិធី Open AI ទាំងនេះ យើងអាចនឹងទទួលការបកស្រាយមួយបានល្មមនឹងអាចយល់បាន ហើយចង់ឲ្យ​បញ្ញាសិប្បនិម្មិតទាំងនោះគូរជាក្រាហ្វិក 3D អំពីអាការៈរោគរបស់យើងក៏អាចបានផងដែរ ចំពោះករណីអាការៈរោគមួយចំនួន គ្រាន់តែវាមិនទាន់សុក្រិត្យ ដូចជាវេជ្ជបណ្ឌិតជំនាញពន្យល់​។​

សរុបទៅ ដើម្បីរត់ឲ្យទាន់បច្ចេកវិទ្យាយុវវ័យសម័យនេះ គួរតែស្វះស្វែងនឹងការសិក្សាឈ្វេងយល់នឹងព្យាយាមនៅពីលើបច្ចេកវិទ្យា បើមិនដូច្នេះទេ យើងអាចនឹងមិនមានលក្ខណៈសម្បត្តិឡើយនៅក្នុងទីផ្សារការងារ នៅពេលអនាគត។ សូមលើកកំពស់ការសិក្សាស្រាវជ្រាវ ហើយព្យាយាមអភិវឌ្ឈន៍ខ្លួនឲ្យលើសពីការបន្សាំ៕

 

 

Daily Program

Livesteam thumbnail