មូសកើតច្រើននៅរាជធានី ស្ថាប័នពាក់ព័ន្ធគួរយកចិត្តទុកដាក់
មូសនៅតំបន់មួយចំនួននៅរាជធានីភ្នំពេញមួយរយ:ចុងក្រោយនេះ ហាក់កើនឡើងច្រើនគួរឲ្យបារម្ភ ដូចនេះសង្ឃឹមថា ស្ថាប័នពាក់ព័ន្ធ នឹងយកចិត្តទុកដាក់លើបញ្ហានេះ។
ហេតុផលដែលទាមទារឲ្យមានការចូលរួមនិងការយកចិត្តទុកដាក់លើបញ្ហាសត្វមូសនេះសំខាន់ពី ព្រោះមូស គឺជាសត្វល្អិតដែលជាប្រភពនៃបញ្ហាជាច្រើនដល់ប្រជាជននិងសុខភាពសាធារណៈ ដែលមកដល់ពេលនេះ វាគឺជាភ្នាក់ងារចម្លងជំងឺដែលអាចសម្លាប់ជីវិតមនុស្សបានគួរសមដែរ។
មូសនៅក្នុងប្រទេសយើង គេដឹងថាមានច្រើនប្រភេទ ហើយជាសត្វល្អិតចង្រៃ។ អំបូរខ្លះនៃសត្វមូសវាជាប្រភព ចម្លងមេរោគបង្កអោយមានជំងឺគ្រោះថ្នាក់ដល់ជីវិត និងសុខភាពសាធារណៈនៅក្នុងប្រទេស។ ករណីដូចជាមូសខ្លាវាជាប្រភពឬជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ស្របពេលដែលមូសដែកគោលគឺចម្លងជំងឺគ្រុនចាញ់។ ជំងឺទាំងនេះនៅបន្តសម្លាប់ជីវិតពលរដ្ឋដដែល ទោះបីជាវាមានស្ថានភាពប្រសើរជាងមុនខ្លះៗក៏ដោយចុះ។ ក្រៅពីនោះនៅមានប្រភេទជំងឺមួយចំនួនទៀតដូចជាគ្រុន ឈិ ជំងឺស៊ីកា ជាដើម គឺសុទ្ធសឹងតែឆ្លងមេរោគបង្កឡើងដោយពពួកសត្វមូស។
ប្រភេទនៃសត្វមូសផ្សេងៗទៀតទោះបីជាវាមិនបង្កជំងឺក៏ពិតមែន ប៉ុន្តែក៏ពពួកសត្វមូសទាំងនេះនៅតែ ជាប្រភពរំខានជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដោយសារវា អាចបង្កអោយនបញ្ហាសើស្បែក និង ផលរំខានដល់សកម្មភាពរស់នៅនិងរកស៊ីផ្សេងៗ។
មូសជាសត្វល្អិតចង្រៃដែលយាយីសុខភាពនិងបង្កផលវិបាកនិងផលរំខានជាច្រើនដល់សង្គម និង ជីវភាពរស់នៅប្រចាំថៃ្ងរបស់យើងទាំងអស់គ្នា ដូច្នេះសង្ឃឹមថាស្ថាប័នពាក់ព័ន្ធនឹងយកចិត្តទុកដាក់ ហើយចាត់វិធានការលើមូស។ ក្រៅពីនេះយើងទាំងអស់គ្នា ម្នាក់ៗក៏គួរចូលរួមលុបបំបាត់ជម្រកមូស យកចិត្តទុកដាក់ការពារខ្លួន ការពារឬគ្រួសារផងដែរ។
មូសមិនមែនជាបញ្ហាល្អឡើយ ដូច្នេះនៅពេលដែលចំនួនមូសមានច្រើន ស្ថាប័នជំនាញជាពិសេសគឺសាលារាជធានី មន្ទីរសុខាភិបាល និង ក្រសួងជំនាញ ក៏ដូចជាសហគមន៍ចាំបាច់គឺត្រូវតែចូលរួមនៅក្នុងយុទ្ធនាការប្រឆាំងនឹងការរីករាលដាលមូស។
សរុបសេចក្ដីទៅសូមស្ថាប័នពាក់ព័ន្ធកុំព្រងើយកន្តើយនិងបញ្ហាមូសនេះឲ្យសោះ ពីព្រោះមូសនេះមិនល្អឡើយ ហើយផលវិបាកដែលបង្កដោយមូស គឺអាចធ្វើឲ្យពលរដ្ឋខាតបង់ច្រើនលើការចំណាយថ្លៃព្យាបាល។ អាជ្ញាធរដែនដីគួរតែយកចិត្តតាមដានសុខទុក្ខរបស់ពលរដ្ឋហើយ ត្រូវតែរាយការណ៍ទៅថ្នាក់លើ ដើម្បីងាយស្រួលដោះស្រាយឬក៏ចាត់វិធានការឲ្យត្រូវ ហើយអាចឆ្លើយតបនិងការដែលរាជរដ្ឋាភិបាលបានកំពុងតែយកចិត្តទុកដាក់លើកកំពស់ស្តង់ដាជីវិតនិងជីវភាពរបស់ពលរដ្ឋ៕