មីននិងគ្រាប់មិនទាន់ផ្ទុះនៅតែបន្តគំរាមកំហែងអាយុជីវិតពលរដ្ឋកម្ពុជា
នៅពាក់កណ្តាលខែមករា ដើមឆ្នាំជនរងគ្រោះដំបូងនៃគ្រាប់មីនដែលទទួលបានគឺមន្រ្តីនៃក្រុមការងារបោសសំអាតមីនផ្ទាល់ចំនួន២នាក់។ ដូច្នេះវាគឺជាសារព្រមានមួយដែលយើងទាំងអស់គ្នាត្រូវតែយល់អំពីគ្រោះថ្នាក់នៃសំណល់របស់សង្រ្គាមស៊ីវិលប្រមាណជា ៣ទស្សវត្សរ៍កន្លងមកនេះ។
លោក ពៅ នេពីន និង លោក អឿន ចាន់ដារ៉ា ជាមន្រ្តីបោសសំអាតមីន២រូបដែលបានបាត់បង់ជីវិតនៅក្នុងពេលបំពេញបេសកម្មបោសសំអាតមីននៅក្នុងកងឯកភាពកំចាត់មីនទី១។ វីរជនទាំងពីរបានពលី នៅនឹងកន្លែងកើតហេតុក្នុងហេតុការណ៍ផ្ទុះមីនតោន ក្នុងពេលកំពុងបំពេញប្រតិបត្តិការ ចាក់ និងកាយ ក្នុងចម្ការមីន ដែលបានកើតឡើងនៅវេលាម៉ោង ៧ និង ៤៥នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។
ពួកគេទាំងពីរបានបាត់បង់ជីវិត នៅកន្លែងដែលជាអតីតសមភូមិក្តៅបំផុតមួយនៅភូមិភាគ ពាយ័ព្យនៃប្រទេសកម្ពុជា ហើយត្រូវបានគេចាត់ទុកថា ជាដំណឹងអាក្រក់បំផុតមួយនៅដើមឆ្នាំថ្មី។ ការបាត់បង់ជីវិតរបស់អ្នកទាំងពីរបានទទួលនូវការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលក៏ដូចជាពីអ្នកដឹកនាំគ្រប់លំដាប់ថ្នាក់នៅក្នុងប្រទេស ហើយឈ្មោះអ្នកទាំងពីរកំពុងតែត្រូវបានចារទុកនៅក្នុងប្រវត្តិនៃការបោសសំអាតមីននៅក្នុងប្រទេស។
ការពលីរបស់អ្នកទាំងពីរ គឺជាសារព្រមានមួយ សម្រាប់យើងទាំងអស់គ្នាថា នៅពេលនេះទោះបីជាយើងមានសន្តិភាព ប៉ុន្តែសំណល់នៃសង្រ្គាមដែលកើតពីការស្អប់ ការគុំគួន មនោគមន៍វិជ្ជា ទស្សនៈនយោបាយ ខុសគ្នាគឺវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់។
សង្រ្គាមស៊ីវិលបានបញ្ចប់មក តាំងពីចុងឆ្នាំ១៩៩៨ ហើយសកម្មភាពបោសសំអាតមីនបានចាប់ផ្តើមតាំង ពីឆ្នាំ១៩៩៧មក ប៉ុន្តែមកដល់ពេលនេះវានៅតែមិនទាន់អស់ ដោយសារតែវាស្មុគស្មាញនិងគ្រោះថ្នាក់បែបនេះ។
នៅក្នុងនាមជាពលរដ្ឋកម្ពុជាយើងក៏សូមចូលរួមសោកស្តាយនិងរំលែកទុក្ខជាមួយនឹងក្រុមគ្រួសាររបស់អ្នកទាំងពីរ ហើយក៏គោរពនូវអ្វីដែលបានលះបង់របស់បងប្អូនដែលបានពលីនៅក្នុងបុព្វហេតុនេះ។ ហើយសូមអធិដ្ឋានជូនដងវិញ្ញាណរបស់ អ្នកទាំងពីររួមគ្នាជាមួយនឹងបងប្អូនជនរួមជាតិជាមន្រ្តីបោសសំអាតមីន១៥៦ នាក់ ដែលបានពលី និងរងរបួសនៅក្នុងបុព្វហេតុដើម្បីជាតិនិងមាតុភូមិ។
បងប្អូនប្រជាពលរដ្ឋគ្រាប់មីននិងអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះវាគ្រោះថ្នាក់ណាស់។ វាអាចសម្លាប់ជីវិតយើងគ្រប់គ្នា ដោយមិនរើសមុខរើសតួនាទីឡើយ ឲ្យតែខ្វះការប្រុងប្រយ័ត្ន ហើយលុកលុយនៅកន្លែងណាដែលជាចម្ការមីន។
សូមបន្តលើកកម្ពស់ការប្រុងប្រយ័ត្នចំពោះមីននិងគ្រាប់មិនទាន់ផ្ទុះហើយនៅពេលដែលបងប្អូនឃើញ ឬប្រទះគឺត្រូវតែជូនដំណឹងទៅអាជ្ញាធរដើម្បីដាក់ស្លាកសំគាល់បញ្ជៀសគ្រោះថ្នាក់ដែលអាចកើតមានឡើងនៅពេលអនាគត៕