មាន់ទាងាប់គួរកប់ចោល កុំនាំគ្នាយកមកបរិភោគ
ករណីស្លាប់ថ្មីដោយសារមេរោគគ្រុនផ្តាសសាយបក្សីដែលបណ្តាលមកពីមេរោគ H5N1 បានរកឃើញជាថ្មីនៅកម្ពុជា ដូច្នេះសូមលើកកំពស់ការប្រុងប្រយ័ត្នទាំងអស់គ្នា ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ជនរងគ្រោះគឺជាបុរសអាយុ ៥០ ឆ្នាំមួយរូប ហើយត្រូវបានរកឃើញថាឆ្លងនៅថ្ងៃទី ០៧ ខែ តុលា កន្លងទៅថ្មីៗនេះ ដោយគេដឹងថា បុរសរងគ្រោះមានទីលំនៅនៅភូមិ ម្រាក់ទាប ឃុំត្រស់ សុ្រករមាសហែក ខេត្តស្វាយរៀង ។
បុរសរងគ្រោះបានត្រូវគេរកឃើញថា បានកើតជំងឺនេះ ក្រោយពេលដែលបុរសបានទិញមាន់មកស្តុកទុកលក់ បន្ទាប់មកក៏ឃើញមាន់ផ្ទះរបស់គាត់ និង ផ្ទះអ្នកជិតខាងចាប់ផ្តើមងាប់ប្រមាណជា ៥០ ក្បាល ហើ យក៏មានករណីចែកចាយគ្នាបរិភោគដែរ ខណៈដែលគេដឹងថា មេរោគផ្តាសសាយបក្សី គឺជាជំងឺផ្តាសាយមួយ ដែលជាធម្មតា វាចម្លងរវាងសត្វបក្សីនិងបក្សី ប៉ុន្តែករណីខ្លះវាអាចចម្លងពីបក្សីមកមនុស្ស តាមការប៉ះពាល់ជិតស្និទ ជាមួយនឹងសត្វបក្សីដែលមានជំងឺ ឬងាប់។
ក្រសួងសុខាភិបាលបានអះអាងថា ជំងឺគ្រុនសាយបក្សី គឺជាប្រភេទជំងឺដែលធ្ងន់ធ្ងរ នៅក្នុងករណីឆ្លងមកមនុស្ស ដែលតម្រូវអោយធ្វើការព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា។ ជំងឺនេះ មិនទាន់មានករណីឆ្លងពីមនុស្សមកមនុស្សនៅឡើយទេ ប៉ុន្តែការប្រុងប្រយ័ត្នគឺត្រូវតែយកចិត្តទុកដាក់ ។
តាំងពីដើមរាងមក នៅតាមតំបន់ជនបទដោយសារតែស្តាយ ពលរដ្ឋនិយមយកសត្វបក្សី ជាពិសេសគឺប្រភេទមាន់ និងទាព្រមទាំងសត្វចិញ្ចឹមនានាមកបរិភោគ ឫមួយ ក៏អាចនឹងធ្វើម្ហូបកែច្នៃទុកថែមទៀតផង ដោយសារតែការសោកស្តាយ។ ទម្លាប់នេះមានការផ្លាស់ប្តូរខ្លះ ប៉ុន្តែយើងខ្ញុំជឿជាក់ថាភាគច្រើនគឺអាចនឹងនៅតែបន្តចែកគ្នាហូប ដូចករណីខាងលើផងដែរ ។
ឥរិយាបទនេះហើយដែលជាប្រការគ្រោះថ្នាក់ដែលវាមិនមែនគ្រោះថ្នាក់តែយើងទេ ដល់គ្រួសារ ដល់អ្នកជិតខាង នៅក្នុងសហគមន៍ ថែមទៀត ដូច្នេះពលរដ្ឋយើងគួរតែយល់ដឹង ចំណុចនេះ ហើយកុំសោកស្តាយ យកសត្វ ដែលឈឺមកធ្វើម្ហូបទៀត លើកលែងតែករណី សត្វដែលងាយដោយសាររន្ទះ ទឹកជំនន់ ឬគ្រោះថ្នាក់ចរាចរណ៍។
សរុបសេចក្តីទៅ សម័យនេះមេរោគប្លែកៗ ហើយកាន់តែសាហាវ ប្រសិនបើយើងធ្វើប្រហែសនិងអាចគ្រោះថ្នាក់ដល់សុខភាព ជាពិសេសគឺដល់ជីវិតថែមទៀតផង។ សូមកែប្រែឥរិយាបទ នៃការហូបចុក និង រស់នៅ ដើម្បីយើងទាំងអស់គ្នា៕