មហារីកឆ្អឹង ជំងឺដែលច្រើនយាយីក្មេងជំទង់ច្រើន
ប្រជាពលរដ្ឋដែលជាអាណាព្យាបាលនានា សូមយកចិត្តទុកដាក់នឹងបញ្ហាសុខភាពឆ្អឹង ពីព្រោះវាក៏មាន អ្នករងគ្រោះច្រើន និងអាចសម្លាប់យើងបាន មិនគួរមើលស្រាលឡើយ។
តាមការផ្សព្វផ្សាយរបស់មន្ទីរពេទ្យកាល់ម៉ែតបានឲ្យដឹងថា ជំងឺមហារីកឆ្អឹង គឺជាជំងឺសាច់កាចដែលកើតនៅលើឆ្អឹង ។ វាគឺជាជំងឺដគ្រោះថ្នាក់មួយ ហើយត្រូវបានគេដឹងថាភាគច្រើនកើតលើក្មេងជំទង់ដែលមានអាយុចន្លោះពី១៣ ទៅ១៦ឆ្នាំ ប៉ុន្តែករណីខ្លះវាក៏អាចកើតមានលើមនុស្សពេញវ័យផងដែរ។
ជំងឺមហារីកឆ្អឹង ត្រូវបានគេដឹងថា គឺច្រើនកើតនៅលើឆ្អឹងវែងដូចជា ឆ្អឹងដើមដៃ ឆ្អឹងភ្លៅ និងឆ្អឹងស្មងជើងជាដើម ។ រោគសញ្ញានៃជំងឺនេះ គឺជាទូទៅមានដូចជា ឈឺចាប់នៅកន្លែងដុំមហារីក អាការៈហើម រឺឡើងដុំពកឆ្អឹងបន្តិចម្ដងៗ ។ អ្នកជំងឺដែលប្រឈមនឹងជំងឺប្រភេទនេះ ជាទូទៅគឺប្រឈមមុខនឹងស្ថានភាព ពិបាកធ្វើចលនា ហើយអ្វីដែលងាយបំផុតនោះ គឺបាក់ឆ្អឹង ពោលគឺវាបង្កការបាក់ដោយឯកឯង រឺនៅពេលប៉ះទង្គិចតិចតួចប៉ុណ្ណោះ ។
ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺមហារីកឆ្អឹង យើងចាំបាច់ត្រូវច្រឹបយកជាលិកាដែលសង្ស័យយកទៅវិភាគ។ ក្រៅពីនេះយើងត្រូវធ្វើការវិភាគអមវេជ្ជសាស្រ្តមួយចំនួន ដើម្បីកំណត់ទីតាំង ទំហំ និងការរីករាលដាលនៃជំងឺដូចជា ការថតវិទ្យុសាស្រ្ត ស្កែននែរ (Scanner) និង អ៊ីអរអិម (IRM)ជាដើម។
នៅក្នុងករណីដែលយើងមានជំងឺជំងឺមហារីកឆ្អឹងនេះ វិធីសាស្រ្តដែលត្រូវព្យាបាលគឺត្រូវចាក់ថ្នាំគីមី និងធ្វើការវះកាត់ដោយវេជ្ជបណ្ឌិតជំនាញ។ ការព្យាបាលមានប្រសិទ្ធិភាពខ្ពស់បំផុតនៅពេលជំងឺស្ថិតក្នុងដំណាក់កាលដំបូង មិនទាន់មានការរីករាលដាលទៅសរីរាង្គដទៃ ហើយទទួលបានការវះកាត់ត្រឹមត្រូវ។
បងប្អូននៅក្នុងករណីសង្ស័យថា បុត្រធីតាបងប្អូនណាម្នាក់មានរោគសញ្ញាសង្ស័យ ដូចរៀបរាប់ខាងលើ សូមប្រញាប់នាំបុត្រធីតា លោកអ្នកមកពិគ្រោះប្រឹក្សាយោបល់ ជាមួយក្រុមវេជ្ជបណ្ឌិតឯកទេសជំនាញ ផ្នែកជំងឺមហារីក ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលអោយទាន់ពេលវេលា។ ជំងឺនេះវាកាចសាហាវមែន ប៉ុន្តែប្រសិនបើយើងដឹងខ្លួនមុន ហើយស្វែងរកការព្យាបាលទាន់ពេលវេលា នោះយើងនឹងអាចព្យាបាលបាន ។
សរុបទៅបងប្អូនប្រជាពលរដ្ឋយើងមិនថាប្រឈមនឹងជំងឺនេះឬអត់នោះទេ ដើម្បីសុខភាពល្អ យើងទាំងអស់គ្នាគួរតែនាំគ្នាត្រួតពិនិត្យសុខភាពជាប្រចាំឲ្យបានជាប់លាប់ ដើម្បីយើងអាចដឹងមុន និង អាចទទួលបានការព្យាបាលមានប្រសិទ្ធភាព៕