មនុស្សចាញ់បោកគេ គឺមកពីលោភៈ
មនុស្សចាញ់បោកគេ គឺមកពីលោភៈ
អ្នកដែលរងគ្រោះដោយការបោកប្រាស់កន្លងមកពោលគឺតាំងពីសម័យមុនមកដល់សម័យនេះគឺមកតែពីលោភ ដូច្នេះសូមប្រុងប្រយ័ត្ន ពីព្រោះសេចក្តីលោភនេះហើយដែលគ្រោះថ្នាក់ហើយនៅសម័យបច្ចុប្បន្នគឺកាន់តែគ្រោះថ្នាក់ថែមទៀត។
មនុស្សបោកប្រាស់គ្នាសម័យមុនអាចមានគេដឹងឭនិងជួយជ្រោមជ្រែងច្រើន ហើយកន្លងមកអ្នកដែលរងគ្រោះគឺច្រើនដោយសារការទម្លាក់យោងពោលគឺគេទម្លាក់មាសកន្លែងក្លាយធំ ហើយយកមកប្តូររបស់តូចដែលជារបស់សុទ្ធរបស់យើង តែសម័យនេះវិធីសាស្រ្តបោកបែបនេះ រៀងខ្សត់បន្តិចតែនៅតែលងមួយៗ ហើយអ្វីដែលកើនខ្លាំងនោះនៅសម័យនេះ គឺបោកដោយកម្ចី បោកដោយការប្រាក់ បោកដោយការវិនិយោគ។
អ្នកដែលបោកតូចតាចគឺគេអាចបន្លំខ្លួនហើយជ្រៀតចូលជនរងគ្រោះជាលក្ខណៈបុគ្គលតាមរយៈការទំនាក់ទំនងដោយផ្ទាល់ ដោយខិតប័ណ្ណ ដោយការទូរស័ព្ទ តាមបណ្តាញសង្គមដូចជាហ្វេសបុក និងតេឡេក្រាម ជាដើម។
ជនខិលខូចប្រើប្រាស់រូបភាពបោកប្រាស់នេះខុសៗគ្នាជាច្រើនសណ្ឋានជាច្រើនទម្រង់ ដោយខ្លះបន្លំធ្វើជាស្គាល់យើងហើយបោកថា មានសាច់ញាតិយើងគ្រោះថ្នាក់ចរាចរណ៍ ខ្លះថា សាច់ញាតិឲ្យផ្ញើប្រាក់ទៅអោយ ខ្លះបន្លំយករបស់ខូច របស់ចាស់មកបោកថា របស់ល្អមានគុណភាពលក់ថោកៗ។ ខ្លះទៀតមកបន្លំថា ចង់ហៅចូលហ៊ុនរកស៊ីដែលចំណេញដោយគេដាក់ធ្នាក់ផ្តល់លុយតិចតូចដល់យើងដើម្បីអូសលុយធំពីយើង។ ខ្លះទៀតបោកយើងឲ្យប្រគល់លេខគណនីធនាគារនិងលេខសម្ងាត់ដោយគេសន្យាថា ដើម្បីវេលុយវេកាក់មកអោយយើង ជាដើម។
ដោយឡែកអ្នកខ្លះទៀតគឺអាចបោកជាប្រព័ន្ធដែលមានទាំងក្រុមហ៊ុនមានបុគ្គលថែមទៀតដោយសន្យាដាក់ប្រាក់ប៉ុណ្ណេះ បានចំណេញប៉ុណ្ណោះ ចុងក្រោយគឺទឹកភ្នែក ដូចជាពលរដ្ឋជាច្រើនដែលកំពុងតែផុងខ្លួននឹងគម្រោងខ្យល់ ដែលកំពុងតែយំមិនចេញ នៅឡើយ។
គ្រប់ការបោកប្រាស់ទាំងនេះគឺដោយសារតែជនខិលខូចដឹងចំណុចខ្សោយដឹងអំពីគំនិតលោភៈរបស់យើងម្នាក់ៗ។ ប្រសិនបើគេបបួល ឬមកអន្ទងយើងមិនលង់មិនលោភ គឺប្រឹងតែរកស៊ីតាមជំនាញតាមចំណេះនិងវិនិយោគតាមសមត្ថភាពនិងជំនាញរបស់យើងហើយធ្វើដោយកម្លាំងរបស់យើងជាទូទៅប្រសិនបើខាតបងក៏មិនជាដល់ថ្នាក់អស់ដើមអស់ចុងរលីងបែបនេះនោះទេ។
សរុបមកវិញដើម្បីប្រុងប្រយ័ត្នសូមអប់រំចិត្តកុំចង់មានកុំចង់បានរបស់ណាឫលុយណាដែលមិនមែនបានដោយកម្លាំងដោយញើសដោយឈាមរបស់យើងសូមកុំ។ ប្រសិនបើយើងខំរកស៊ី ខំសន្សំ ភាពក្រីក្រនិងការចាញ់បោកគេគឺមិនងាយស្រួលឡើយ។ អ្នកខ្លះលោភមិនមែនត្រឹមតែអស់លុយខ្លួនឯងទេ គឺរហូតដល់ទៅខ្ចីលុយគេមកវណ្ឌកជាន់គ្នាថែមទៀត៕