ភាគរយនៃសបាតុភូតធម្មជាតិពីថ្ងៃទី២១ ដល់ ៣១ កាន់តែកើនឡើងពី៤៥ ទៅ៦០ភាគរយ !

បាតុភូតធម្មជាតិដែលមានភ្លៀង អមជាមួយនឹងផ្គររន្ទះ និង ខ្យល់កន្រ្តាក់នឹងកើនឡើងដល់កម្រិតពី ៤៥ ទៅ ៦០ ភាគរយនៅទូទាំងប្រទេស ដូច្នេះចូរលើកកំពស់ការប្រុងប្រយ័ត្នរឿងគ្រោះហានិភ័យផ្សេងៗ ដែលអាចកើតមាន។
ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថា ដោយសារតែសម្ពាធទាបគ្រប់ដណ្តប់លើសមុទ្រចិនខាងត្បូង និងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតី បានធ្វើឲ្យកម្រិតបាតុភូតធម្មជាតិដែលមាន ភ្លៀងផ្គររន្ទះ និងខ្យល់កន្រ្តាក់កើនឡើងបន្ថែមមួយកម្រិតទៀត ទៅតាមតំបន់។
ប្រភពដដែលបានឲ្យដឹងថា សម្រាប់តំបន់វាលទំនាប ដែលមានចាប់ពីខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិសាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រែវែង កណ្តាល តាកែវ ស្វាយរៀង និង រាជធានីភ្នំពេញ គឺអាចមានបាតុភូតធម្មជាតិខាងលើគ្រប់ដណ្តប់ដល់ទៅ ៤៥ភាគរយ។
ដោយឡែកនៅតំបន់ខ្ពង់រាបវិញ គឺនៅខេត្តកំពងស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនៈគីរី មណ្ឌលគីរី ជួរភ្នំដងរែក និងតំបន់ភ្នំក្រវាញអាចមានបាតុភូតទាំងនេះ គ្របដណ្តប់ដល់ទៅ ៥៥ ភាគរយ។
ដោយឡែកតំបន់មាត់សមុទ្រដូចជា កោះកុង ព្រះសីហនុ កំពត កែប និង ជួរភ្នំបូកគោ កម្រិតបាតុភូតធម្មជាតិ អាចកើតឡើងនឹងគ្របដណ្តប់ដល់ទៅ ៦០ភាគរយឯណោះ។
ក្រៅពីត្រូវរងគ្រោះនឹងភ្លៀងធ្លាក់អមដោយបាតុភូតផ្គររន្ទះ ហើយនឹងខ្យល់កន្រ្តាក់ហើយនោះ រលកសមុទ្រគឺមានកម្ពស់មធ្យមពី ០,៥០ ម៉ែត្រទៅដល់ ១,៧៥ ម៉ែត្រ។
ផ្អែកលើស្ថានភាពអាកាសធាតុបែបនេះ សម្រាប់អ្នកដែលរៀបចំកម្មវិធីដើរលេងចុងសប្តាហ៍អី គឺសូមត្រៀមនិងលើកកំពស់ការប្រុងប្រយ័ត្ន ខ្លាចគ្រោះទឹកជំនន់ទឹកភ្លៀងភ្លាមៗ។ អស់លោក/លោកស្រីទៅលេងភ្នំគួរតែត្រូវប្រយ័ត្នប្រយែងរឿងបំណាក់ដី ហើយកុំទៅជិតប្រភពទឹក។
សម្រាប់អ្នកដែលបើកបរក៏ត្រូវតែប្រុងប្រយ័ត្នរឿងបើកលឿនហួសល្បឿនកំណត់អាចរអិល ឬចាប់ហ្រ្វាំងមិនស៊ីនាំឲ្យមានបញ្ហាគ្រោះថ្នាក់ជាយថាហេតុ ដូច្នេះសូមបើកបរដោយការទទួលខុសត្រូវ។ រីឯអ្នកដែលរៀបចំផែនការទៅលេងសមុទ្រអី គួរណាស់តែរកកន្លែងណាសំណាក់រឿងខ្ពស់ៗបន្តិច ហើយមុនពេលលេង ឬនៅក្នុងពេលលេងទឹកសមុទ្រគួរណាស់មើលទំហំរលក ខ្លាចលង់ដោយចៃដន្យ។
ក្រៅពីនោះបាតុភូតរន្ទះនិងខ្យល់កន្រ្តាក់នេះក៏ជារឿងចាំបាច់ដែលយើងត្រូវតែយកចិត្តទុកដាក់ដែរ ពោលគឺពេលមេឃភ្លៀង រលឹមអី គឺកុំចេញវាល ហើយបើចេញកុំឲ្យមានលោហៈ របស់អេឡិចត្រូនិក ពីព្រោះវាអាចនាំឲ្យមានគ្រោះថ្នាក់ដល់ខ្លួន។
សរុបទៅរឿងភ្លៀងនេះ វាអាចល្អសម្រាប់អ្នកធ្វើកសិកម្ម ជាពិសេសគឺស្រូវ ដូច្នេះមើលលៃលកតាមដានរបបទឹកនៅតាមវាលស្រែ និង ថែមរបបទឹកឲ្យបានត្រឹមត្រូវ ប៉ុន្តែសម្រាប់អ្នកផ្សេងទៀត គឺចាំបាច់ត្រូវយកចិត្តទុកដាក់៕
Daily Program
