ព្រោះតែកាំភ្លើងត្រូវខូចអនាគតមួយជីវិត !
ទោះជាមានបុណ្យស័ក្តិ មានតួនាទី មានភាពស្របច្បាប់នៅក្នុងការកាន់កាប់និងប្រើប្រាស់អាវុធក្តី ដើម្បីបញ្ជៀសកុំអោយមានបញ្ហាសូមកុំកាន់វាប្រសិនបើមិនមានភារកិច្ច ឬក៏កាតព្វកិច្ចឬក៏បេសកកម្មទេនោះ ពីព្រោះតែមានវាពេលគិតខ្លីអាចមានវាសនាដូចឧកញ៉ាម្នាក់ដែលកំពុងតែមានពិរុទ្ធពីព្រោះតែបាញ់សម្លាប់មនុស្សដោយសារតែរឿងតូចតាច។
សូមកុំស្រលាញ់កាំភ្លើង ឬអាវុធគ្រប់ប្រភេទអី ពីព្រោះវាគ្រោះថ្នាក់ខ្លាំងណាស់ ដោយសារតែ មានវាពេលខ្លះមនុស្សចេះតែមានអំណួតចេះតែអាង ហើយគួបផ្សំនិងពេលដែលចិត្តស្រាល ខ្វះសមាធិផង វាអាចនឹងកើតមានករណីដែលមានពិរុទ្ធពីព្រោះតែករណីបែបនេះ។
រឿងមនុស្សនិងកាំភ្លើងនេះគឺគ្រោះថ្នាក់ខ្លាំងណាស់ កុំចង់កាន់ កុំចង់ប្រើប្រាស់ កុំចង់រក្សាទុកអី ពីព្រោះថា នៅពេលដែលមាន ហើយពេលចៃដន្យយើងមានបញ្ហា មានជម្លោះ ដែលមិនអាចទប់ចិត្តបានគឺអាចឈានដល់ការប្រើប្រាស់អាវុធបែបនេះ។
ស្រុកយើងឥឡូវសំណាញ់ច្បាប់ញឹកណាស់ ហើយក៏ត្រូវបន្តរិតបន្តឹងមួយជាន់ទៀតដោយសំណាញ់បណ្តាញសង្គម ។ សំណាញ់ទាំងពីរនេះគឺពិតជាធ្វើឲ្យយើងពិបាកនឹងគេចដូចសម័យមុនណាស់ ដូច្នេះកុំកាន់ល្អជាង ។
រឿងប្រើអាវុធដោះស្រាយបញ្ហាជម្លោះនេះគឺមានច្រើនករណីណាស់នៅក្នុងសង្គម ហើយមិនថា យើងបាញ់នោះដើម្បីការពារខ្លួន ឬដោយហេតុផលណាក៏ដោយក៏យើងនៅតែមានទោសគឺគ្រាន់តែធ្ងន់និងស្រាលតែប៉ុណ្ណោះ។
សូមកុំភ្លេចអាយុជីវិតនេះមានតម្លៃកាត់ថ្លៃមិនបានឡើយ ហើយប្រសិនបើយើងយកអាវុធទៅកាត់សេចក្តីគេបែបងាយៗបែបនេះគេមិនសុខចិត្តឡើយ។ នៅក្នុងករណីខ្លះឧទាហរណ៍ដូចជា ករណីបាញ់ចោរ ក៏នៅតែយើងមានទោសខ្លះៗដែរ។
នៅកម្ពុជាមិនមានទោសប្រហារជីវិតឡើយ ហើយទោះជាបុគ្គលនោះខុសយ៉ាងណា គ្មានសីលធម៌យ៉ាងណាក៏ដោយ សាហាវយ៉ាងណាក៏ដោយក៏យើងគ្មានសិទ្ធិយកអាវុធ ឬកាំភ្លើងទៅកាត់សេចក្តីបញ្ចប់ជីវិតគេដោយងាយៗបែបនេះឡើយ។
បើតាមច្បាប់នៃការកាន់អាវុធសូម្បីតែការប្រើប្រាស់អាវុធនៅក្នុងបេសកម្មនិងស្របច្បាប់ក៏ដោយក៏មិនមែនចេះតែយើងនឹងឃើញយកទៅប្រើផ្តេសផ្តាសតាមចិត្តឡើយ។ នៅក្នុងករណីយើងប្រើប្រាស់យើងនឹងមានទោស ចុះទម្រាំយកទៅបាញ់គេស្រស់ៗពីព្រោះតែរឿងបន្តិចបន្តួចបែបនេះទៀតនោះ អនាគតគឺចប់។ ដូច្នេះ អស់លោកដែលមានអាវុធគួរតែឈប់កាន់ទៅ។ អាវុធវាគ្រោះថ្នាក់ខ្លាំងណាស់ កុំអោយវានាំមុខនាំលំបាកទៅកាន់នរណាអី៕