ព្រឹទ្ធសភានឹងមានមេដឹកនាំថ្មីនៅពេលឆាប់ៗ
មិនយូរនៅដែរសម្តេចតេជោ ហ៊ុន សែន ជារដ្ឋបុរសកម្ពុជាដែលកាន់កាប់អំណាចប្រតិបត្តិនៅកម្ពុជាជាង៣ទសវត្សរ៍នឹងមកកាន់ស្ថាប័នកំពូលនៃអំណាចនីតិបញ្ញត្តិវិញ។
សម្តេចតេជោ បានមានប្រសាសន៍នៅពេលដែលប្រកាសលាលែងចេញពីតំណែងនាយករដ្ឋមន្រ្តីកាលពីខែសីហា ឆ្នាំ២០២៣ថា សម្តេចនឹងមកដឹកនាំព្រឹទ្ធសភាប្រសិនបើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតនៅក្នុងការបោះឆ្នោតនៅឆ្នាំ២០២៤នេះ។
យោងតាមលទ្ធផលផ្លូវការដែលប្រកាសដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចផ្ទាល់ជាប្រធាន បានទទួលការគាំទ្រពីអង្គបោះឆ្នោតសរុប ១០ ០៥២ អ្នក នៅក្នុងចំណោមអ្នកដែលចេញទៅបោះឆ្នោតសរុប ១១ ៧៣០ នាក់ ស្មើនឹង៥៥ អសនៈ ខណៈដែលគណបក្សឆន្ទៈខ្មែរគឺទទួលបានសម្លេងគាំទ្រ១៣៩៤ នាក់ស្មើនឹង៣អសនៈ។
ដោយឡែកគណបក្សពីរទៀតគឺគណបក្សហ្វ៊ុនស៊ីនប៉ិច និងគណបក្សកម្លាំងជាតិ មិនទទួលបានសម្លេងគាំទ្រគ្រប់គ្រាន់ដើម្បីទទួលបានសមាជិកព្រឹទ្ធសភានឹងគេនោះទេ ក្រោយពេលដែលចូលរួមបោះឆ្នោតកាលពីថ្ងៃទី២៥ ខែកុម្ភៈកន្លងទៅថ្មីៗនេះ។
ផ្អែកតាមលទ្ធផលនៃការប្រកាសនេះ នៅពេលដែលសម្តេចតេជោឈរឈ្មោះជាប្រធាន នោះព្រឹទ្ធសមាជិកទាំងអស់ដែលឈ្នះឆ្នោត ៥៨ អាសនៈ ហើយពីរអសនៈដែលតែងតាំងដោយរដ្ឋសភា និង២អាសនៈទៀតតែងតាំងដោយព្រះមហាក្សត្រ បេក្ខជនប្រធានផ្សេងពីនេះ ប្រហែលជា ពិបាកពោលគឺមិនអាចឈ្នះបេក្ខភាពសម្តេចតែម្តង។
ពាក់ព័ន្ធនឹងការដឹកនាំកំពូលនៃអំណាចនិតិបញ្ញតិនៅកម្ពុជានេះថ្វីត្បិតតែជាទំនួលខុសត្រូវថ្មី ប៉ុន្តែគ្មានអ្វីដែលពិបាកសម្រាប់សម្តេចដែលធ្លាប់កាន់កាប់អំណាចនីតិប្រតិបត្តិដល់ទៅជាង៣ទសវត្សរ៍នោះឡើយ ។
ការចូលមកកាន់ដឹកនាំស្ថាប័ននេះ សារៈសំខាន់ និងតួនាទីរបស់ស្ថាប័នអំណាចកំពូល និងតួនាទីជាប្រមុខរដ្ឋស្តីទីនៅពេលដែលព្រះមហាក្សត្រអវត្តមានពីក្នុងប្រទេសនឹងកាន់តែសកម្មឡើង និងមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីជាប្រទីបបង្ហាញផ្លូវនៅក្នុងការជំរុញល្បឿននៃដំណើរការអភិវឌ្ឍន៍ដែលបានកំណត់គោលដៅកាន់តែសម្រេចលឿនទៅមុខ៕