ពេលទេសចរបរទេសមកលេងស្រុកយើងចុះកុំថា យ៉ាប់តែអ្នករកស៊ីទទួលទានពីសេវាកម្មនេះណា !
ពេលដែលទេសចរបរទេសមកលេងសុ្រកយើងមានការថយចុះ តិចយល់ច្រឡំថា លំបាកតែអ្នកដែលរកស៊ីនិងអ្នកដែលពាក់ព័ន្ធនឹងសេវាកម្មដែលរករចំណូលពីសេវាកម្មទេសចរណ៍ឲ្យសោះយើងទាំងអស់គ្នា ក៏ពាក់ព័ន្ធនិងរងគ្រោះដោយប្រយោលផងដែរ ។
កុំសើចយំឲ្យសោះ ពីព្រោះសេវាកម្មនេះគឺជាស្នូលមួយនៃកំណើន សេដ្ឋកិច្ចរបស់កម្ពុជាមួយដ៏សំខាន់ ។ ជាការពិតនៅពេលដែលភ្ញៀវទេសចរធ្លាក់ចុះ វានឹងប៉ះពាល់ផ្ទាល់ដល់មនុស្សប្រមាណជា ៤២ ម៉ឺននាក់ ដែលបម្រើការនិងប្រកបរបររកស៊ីនឹងវិស័យនេះផ្ទាល់ ។
ពួកគេទាំងនោះអាចជាអ្នកដែលរកស៊ីខាងភោជនីយដ្ឋាន សណ្ឋាគារ ដែលមានតាំងពីថៅកែរហូតដល់កម្មករ ហើយក្រៅពីនោះនៅមានមគ្គុទេសទេសចរណ៍ នៅមានអ្នកដឹកជញ្ជូន ហើយចុះនៅមានបងប្អូនក្រុមគ្រួសារនៃអ្នកដែលត្រូវពឹងអាស្រ័យពីប្រាក់ខែនិងពីប្រាក់ចំណូលពីវិស័យនេះជាច្រើនម៉ឺននាក់ទៀតនោះ មិនយ៉ាប់ដែរឫ ?
មកដល់ពេលនេះក្រសួងទេសចរណ៍ដូចជាមិនទាន់ចេញរបាយការណ៍អំពីចំនួនភ្ញៀវទេសចរបរទេសមក លេងនៅកម្ពុជាយើងនៅឡើយទេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចំនួនភ្ញៀវទេសចរមកលេងស្រុកយើង ៤ខែកន្លងមកទំនងជាមិនកើនឡើងទេ ស្របពេលដែលស្ថិតិអ្នកដំណើរតាមផ្លូវអាកាសកម្ពុជានៅ៤ខែនេះឃើញថា ធ្លាក់ចុះ ។
រយៈពេល៤ខែ ដើមឆ្នាំ២០២៦ ដោយគិតពីខែមករា ដល់មេសា អាកាសយានដ្ឋានអន្តរជាតិទាំង៣ ពោលគឺនៅរាជធានីភ្នំពេញ នៅសៀមរាប និងខេត្តព្រះសីហនុ ទទួលជើងហោះហើរចេញ-ចូលទ្វេទិសមានចំនួន២៣.២០៤ ជើង មានការកើនឡើងប្រមាណ២ភាគរយ ប៉ុន្តែសម្រាប់អ្នកដំណើរ មានចំនួន២,៤២ លាននាក់ មានការថយចុះប្រមាណ៤ភាគរយ។
នៅក្នុងស្ថានភាពបែបនេះ អ្នកដែលកំពុងតែប្រកបរនិងទទួលផលពីវិស័យនេះកំពុងតែដកដង្ហើមធំហើយ ផលប៉ះពាល់ផ្សេងៗសូម្បីតែយើងទាំងអស់គ្នាក៏នឹងប៉ះគ្រាន់តែតិចនឹងច្រើន ដូច្នេះនៅក្នុងស្ថានភាព បែបនេះ យើងទាំងអស់គ្នា មិនគួរអោបដៃហើយគិតតែព្រួយបារម្ភនោះទេ ។
យើងទាំងអស់គ្នាគួរតែជួយនេះជួយនោះ យ៉ាងហោចណាស់ក៏កុំធ្វើសកម្មភាពណាដែលបំពុលសង្គម ហើយកាន់តែធ្វើឲ្យភ្ញៀវទេសចរមានការធ្លាក់ចុះបន្ថែមទៀត ។
ជាការពិតភ្ញៀវទេសចរគេជាអ្នកវេចលុយមកដើរលេង ហើយពេលគេដើរលេងគេចង់សប្បាយ ហើយកន្លែងណាដែលគេមានសេចក្តីសុខ កន្លែងដែលសុវត្ថិភាព ដូច្នេះយើងគប្បីនាំគ្នាចូលរួមជួយសង្គម លើកិច្ចការនេះ ។ យុវជនសូមឈប់ធ្វើសកម្មភាពបងតូចបងធំ សមត្ថកិច្ចគួរពង្រឹងសុវត្ថិភាព និង ធានាឲ្យបានសណ្តាប់ធ្នាប់សង្គមល្អប្រសើរ ហើយយើងជាពលរដ្ឋគឺគួររីករាយនិយាយចែករំលែកអ្វីដែលទាក់ទាញ ដោយឡែកអ្នករកស៊ីគឺកុំកាប់ កុំកេង កុំកោរភ្ញៀវទេសចរ ។
សរុបទៅវិស័យទេសចរណ៍គឺជាដង្ហើមនិងជីបចរសេដ្ឋកិច្ចមួយចំណែករបស់យើងទាំងអស់គ្នា ដូច្នេះយើងទាំងអស់គ្នាមានតួនាទីចូលរួមជួយផ្សព្វផ្សាយជួយលើកកំពស់កិច្ចការនេះទាំងអស់គ្នា ។ យើងទាំងអស់គ្នាគួរតែចូលរួមតាមសកម្មភាពនិងទំនួលខុសត្រូវរៀងៗខ្លួន ហើយបើមិនបានជួយអ្វីទេ ក៏គួររៀបចំខ្លួនជាពលរដ្ឋល្អក៏ជួយមួយផ្នែកដល់វិស័យនេះដែរ ។