ពេលជួបហ្វូងស្វាសូមកុំផ្តល់ចំណីឲ្យពួកវា

ព្រោះតែស្រលាញ់និងចូលចិត្ត ពលរដ្ឋនិងអ្នកទេសចរជាច្រើនអាចធ្វើខុសដោយមិនដឹងខ្លួននៅពេលដែលពួកវាជួបហ្វូងស្វា ដោយពួកវាព្យាយាមយកផ្លែឈើនិងនំចំណីផ្សេងៗផ្តល់ឲ្យពួកវានៅក្នុងគោលបំណង សប្បុរស ហើយក៏ដើម្បីបានឃើញពួកវា ហើយអាចបង្កើតភាពស្និទស្នាលនឹងពួកវាដែរ។

ការគិតនិងការអនុវត្តបែបនេះគឺជាការគិតខុសទៅវិញទេ ពីព្រោះសកម្មភាពដដែលៗរបស់យើងទាំងអស់គ្នានឹងនាំឱ្យពពួកហ្វូងសត្វស្វាទាំងនេះសាំងនឹងវត្តមានមនុស្ស ហើយពួកវាហ៊ានចូលជិតមនុស្ស។នៅពេលនោះពួកវាក៏ហ៊ានប្រពឹត្តតាមសភាវគតិរបស់ពួកវា ដែលការអនុវត្តសកម្មភាពបែបនេះអាចនឹងធ្វើឲ្យមនុស្សមានគ្រោះថ្នាក់ដោយចៃដន្យ។

ករណីដូចជានៅម្តុំបរិវេណបុរាណដ្ឋានអង្គរជាដើម  អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹងជាបន្តបន្ទាប់ពាក់ព័ន្ធនឹងសកម្មភាព ផ្តល់ចំណីឱ្យហ្វូងសត្វស្វាដែលបង្ហាញវត្តមាននៅតាមផ្លូវនានា ក្នុងបរិវេណនៃឧទ្យានអង្គរ។ ដោយសារតែពួក វាសាំង បានធ្វើឲ្យអ្នកទេសចររបួសជាបន្តបន្ទាប់។

ជាក់ស្តែងកាលពីថ្ងៃទី ០៤ ខែ កុម្ភៈនេះ អាជ្ញាធរជាតិអប្សរាក៏បានចេញសេចក្តីប្រកាសព័ត៌មាន សូមជម្រាបជូនសាធារណជន ទាំង ជាតិ និងអន្តរជាតិទាំងអស់ កុំឱ្យបន្តផ្តល់ចំណីដល់ពពួកហ្វូងសត្វសា្វទាំងនេះ ។

ស្ថាប័នអភិរក្សនេះបានអះអាងថា ការផ្តល់ចំណីទាំងនេះ បានធ្វើឲ្យ ចំនួនសត្វស្វានៅក្នុងតំបន់រមណីយដ្ឋានអង្គរ កើនឡើងគួរឱ្យកត់សម្គាល់ហើយពួកវា បានផ្លាស់ប្តូរនូវទម្លាប់រស់នៅបែបធម្មជាតិ ប្រែទៅជាសត្វស្រុក ដែលមានចរិតកាច ចេះដណ្តើមចំណី និងឈានរហូតដល់ការបង្កជារបួសស្នាមទៅលើមនុស្សជាដើម។

ឥរិយាបទរវាងមនុស្សនិងហ្វូងសត្វស្វា គឺមិនមែនតែនៅក្នុងបរិវេណបុរាណដ្ឋានអង្គរប៉ុណ្ណោះទេ គឺសឹងតែគ្រប់កន្លែង ដោយមានតាំងពីនៅសួនសត្វភ្នំតាម៉ៅ នៅខាងខេត្តព្រះសីហនុ នៅម្តុំឆ្នេរឯករាជ្យអតីតសណ្ឋាគារ៧ជាន់ នៅផ្លូវឡើងទៅរមណីដ្ឋានបូកគោជាដើម។

ដើម្បីសុវត្ថិភាព និង ដើម្បីកុំឱ្យមានទំនាស់រវាងអ្នកទេសចរនិងពពួកសត្វព្រៃទាំងនេះ យើងទាំងអស់គ្នាគួរតែយកចិត្តទុកដាក់ចំណុចនេះ ហើយព្យាយាមនៅឱ្យឆ្ងាយពីវា។ យើងអាចរីករាយជាមួយនឹងពួកវាពីចម្ងាយ ហើយបណ្តោយឲ្យពួកវារស់ទៅតាមវដ្តនៃជីវិតរបស់ពួកវាទៅ។

សរុបទៅពេលខ្លះយើងមានបំណងល្អ ប៉ុន្តែបំណងល្អរបស់យើងអាចខុស និង ផ្តល់ផលវិបាកដល់អ្នកដទៃនៅពេលអនាគត ដូច្នេះដើម្បីកុំឱ្យយើងបន្តខុស គឺគួរតែបញ្ឈប់អ្វីដែលខុស ហើយព្យាយាមជួយពួកវាតាមវិធីផ្សេងៗ ដែលមិនមានគ្រោះថ្នាក់ដល់យើង និងក៏មិនប៉ះពាល់ដល់ពួកវាហើយ ដែននៃជីវិតធម្មជាតិរបស់ពួកវានឹងរក្សាតាមធម្មជាតិ៕

Daily Program

Livesteam thumbnail