ពីថ្ងៃនេះដល់ថ្ងៃ១៤ខែកក្កដា អាកាសធាតុអាប់អួរប្រយ័ត្នបាតុភូតធម្មជាតិ

ក្រសួងធនធានទឹកនឹងឧតុនិយមបានព្រមានថា បាតុភូតធម្មជាតិអាក្រក់ដែលមានដូចជាភ្លៀងផ្គររន្ទះ និង ខ្យល់កន្រ្តាក់អាចនឹងកើតមានសឹងតែគ្រប់ខេត្តនិងរាជធានីពី ២៥ទៅ៣០ភាគរយ ដូច្នេះការប្រុងប្រយ័ត្ន សូមលើកកំពស់ឲ្យបានគ្រប់ៗគ្នា។
ក្រសួងខាងលើបានប្រកាសថា ពីថ្ងៃទី ០៨ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ទោះបីជាព្យុះ ទី៣ ឈ្មោះ មូន (Mun) បូកជាមួយ និងព្យុះទី៤ ឈ្មោះ ដាណាស (Danas) ដែល ពួកវាកំពុងមានឥទ្ធិពលលើសមុទ្រអានជាមមែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងនៅលើរបបខ្យល់មូសុងនិរតី។ ជាការពិតពួកវា ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជាទេ ប៉ុន្តែការប្រុងប្រយ័ត្នគួរតែលើកកំពស់ពីព្រោះវាអាចមានភ្លៀងផ្គររន្ទះ និង ខ្យល់កន្រ្តាក់ផងដែរនៅក្នុងកម្រិតមួយគួរសមដែរ។
នៅក្រោមឥទ្ធិពលនៃព្យុះទាំងពីរនេះសម្រាប់អាកាសធាតុគឺមិនជាអាក្រក់ទេ ដោយមានសីតុណ្ហភាពអប្បបរមាត្រឹមតែ២៣អង្សាសេទៅ ៣៣អង្សារសេប៉ុណ្ណោះ។ អាកាសធាតុបែបនេះ បង្កើតភាពមនោរម្យសម្រាប់ជីវិតសត្វនិង រុក្ខជាតិ ប៉ុន្តែកម្រិតនៃបាតុភូតអវិជ្ជមានដូចជាផ្គររន្ទះ និង ខ្យល់កន្រ្តាក់វាមានរហូតដល់ទៅ ពី ២៥ភាគរយ ទៅដល់ ៣៥ភាគរយឯណោះ ដូច្នេះវាអាចមានគ្រោះថ្នាក់ជាយថាហេតុ។
តាមការប្រកាស សម្រាប់ខេត្តកំពង់ធំ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល សៀមរាប និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២៥ភាគរយ។
ហើយខេត្តដែលសំបូរភ្នំដូចជា កំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាច មានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៣០ភាគរយ។
ក្រៅពីនោះខេត្តនៅតំបន់ឆ្នេរដូចជា កំពត កោះកុង ព្រះសីហនុ កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីដល់ទៅ ៣៥ភាគរយ ក្រៅពីនោះរលកសមុទ្រក៏អាចមានកម្ពស់ជាមធ្យមពី ០,៥០ម៉ែត្រ ទៅ១,៥០ម៉ែត្រ។
នៅក្នុងស្ថានភាពបែបនេះ សម្រាប់អ្នកធ្វើដំណើរតាមម៉ូតូគួរតែមានអាវភ្លៀង ហើយពេលធ្វើដំណើរទៅទីវាលគួរតែបិទឧបករណ៍ទំនាក់ទំនងជាពិសេសគឺទូរស័ព្ទ។ សូមកុំជ្រកភ្លៀងក្រោមដើមឈើ ហើយពេលធ្វើដំណើរក៏កុំបើកបរលឿនពេកពីព្រោះវាអាចរអិលគ្រោះថ្នាក់ចរាចរណ៍។ ហើយអ្នកដើរលេងសមុទ្រក៏គួរតែប្រុងប្រយ័ត្នដែរពីព្រោះទឹករលកគឺធំគួរសមដែរ៕
Daily Program
