ពាណិជ្ជកម្មកម្ពុជាកើនឡើងគួរឲ្យវិជ្ជមានដូច្នេះសង្ឃឹមថា ស្ថានភាពចំណូលពលរដ្ឋនឹងប្រសើរដែរ !

របាយការណ៍ផ្លូវការចេញផ្សាយកាលពីថ្ងៃអង្គារ៍ដោយប្រព័ន្ធផ្សព្វផ្សាយនានាបានឲ្យដឹងថា ស្ថានភាពនៃវិស័យពាណិជ្ជកម្មនៅកម្ពុជាគឺកាន់តែប្រសើរ ដូច្នេះសង្ឃឹមថា អ្វីៗនឹងកាន់តែប្រសើរ ជាពិសេសគឺប្រជាពលរដ្ឋដែលកំពុងតែរករបរទទួលទានតូចតាច​។​

តាមស្ថិតិដែលអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានបង្ហាញ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានតម្លៃឈានដល់ទៅ ៣៦,៤៨ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២៤ កើនឡើង ១៦,៥ ភាគរយធៀបនឹងទំហំ ៣១,៣២ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រភពដដែលបានបន្តថា ការនាំចេញសរុបរបស់ព្រះរាជាណាចក្រមានទំហំប្រហែលជា​១៧,៥៨ ពាន់លានដុល្លារក្នុងអំឡុងខែមករាដល់ខែសីហា កើនឡើង១៦,៧ភាគរយ តែទោះជាយ៉ាងណាក៏ដោយហើយការនាំចូលសរុបមានតម្លៃ ១៨,៩ពាន់លានដុល្លារ កើនឡើង ១៦,២ ភាគរយ។

របាយការណ៍បានបង្ហាញថា ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មកំពូលរបស់កម្ពុជាក្នុងអំឡុងពេលនោះ បន្ទាប់មកគឺសហរដ្ឋអាមេរិក វៀតណាម ថៃ និងជប៉ុន។

នេះគឺជារបាយការណ៍នៃការធ្វើពាណិជ្ជកម្ម ប៉ុន្តែវិនិយោគទុនឯណោះវិញក៏មិនធម្មតាដែរ​ ដោយត្រឹមតែមួយខែសីហា​កន្លងទៅក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជាបានប្រកាសថា បានទទួលគម្រោងវិនិយោគសរុបដល់ទៅ ១,២ ពាន់លានដុល្លារឯណោះ ដែលទំហំនេះគឺបានបង្កើតការងារធ្វើដល់ទៅ ៣៣.០០០ កន្លែង  ពោលគឺមានការកើនឡើងខ្លាំងបើធៀបនឹងខែផ្សេងៗកន្លងមក ។

ទាំងពាណិជ្ជកម្ម និង វិនិយោគទុកដែលជាមូលដ្ឋាននៃសេដ្ឋកិច្ចគឺរឹងមាំ ស្របពេលដែលទេសចរណ៍ក៏ប្រសើរដែរ ដោយ ៧ខែដើមឆ្នាំ ២០២៤ គឺកម្ពុជាបានទាក់ទាញភ្ញៀវទេសចរបរទេសបានដល់ទៅជាង ៣,៧៤ លាននាក់ មានកំណើនកើនឡើង ដល់ទៅ ២៣​,២ ភាគរយ​ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អត្រាឥណទានមិនដំណើរការកើនឡើងដល់ជាង ៨ ភាគរយ ស្របពេលដែលវិស័យសំណង់និងអចលនទ្រព្យនៅទុនខ្សោយ ។

នៅក្នុងស្ថានភាពបែបនេះប្រជាពលរដ្ឋជាច្រើនបានរអ៊ូពីការធ្លាក់ចុះចំណូល ចិញ្ចឹមជីវភាព អ្នកលក់តាមទីផ្សាររអ៊ូរឿងអត់មនុស្សដើរនិងចាយ ដែលជាបញ្ហាពីដើរផ្ទុយគ្នា ។

ផ្អែកតាមទឡ្ហីករណ៍ទាំងពីរករណីនេះ យើងខ្ញុំសង្ឃឹមថា អ្វីៗនឹងប្រសើរ ហើយរាជរដ្ឋាភិបាលសង្ឃឹមថា នឹងខិតខំពង្រឹងអ្វីដែលកំពុងតែប្រសើរ ឲ្យនៅមានស្ថេរភាព ហើយ ត្រូវពង្រឹងអ្វីដែលជាបញ្ហាដោយដាក់ចេញនូវដំណោះស្រាយប្រកបដោយតម្លាភាពដើម្បីធ្វើយ៉ាងណាឲ្យសង្គមកម្ពុជាបិទបញ្ចប់ឆ្នាំនៅក្នុងស្ថានភាពរីករាយទាំងអស់គ្នា ។

Daily Program

Livesteam thumbnail