ពលរដ្ឋខ្មែរសូមកុំបំភ្លេចជនរួមជាតិយើង១៨នាក់ !

ដរាបណាបងប្អូនវីរយុទ្ធជនរបស់យើង​ចំនួន​១៨រូប មិនត្រូវបានកងកម្លាំងថៃដោះលែងឲ្យមានសេរីភាព​វិលមកមាតុប្រទេសដើម្បីបានជួបជុំគ្រួសារវិញទេ យើងជាពលរដ្ឋជាង​១៧ លាននាក់សូមកុំបំភ្លេចពួកគេឲ្យសោះ ហើយត្រូវបន្តសកម្មភាពឲ្យផុលផុសស្របតាមច្បាប់ដើម្បីការវិលត្រឡប់របស់ពួកគេ។​

មកដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ជាថ្ងៃទី៥១ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ ក្រោយពេលដែលពួកគេបានកំពុងតែអនុវត្តបទឈប់បាញ់​។

យើងទាំងអស់គ្នាសូមបន្តរួបរួមស្មារតីជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ធ្វើសកម្មភាពតាមច្បាប់ដើម្បី ឱ្យភាគីថៃ​ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័ស ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

យើងទាំងអស់គ្នាគួរតែធ្វើការតាមជំនាញនិងតាមឆន្ទៈ ក្រោមការដឹកនាំដោយរាជរដ្ឋាភិបាល​កម្ពុជា ឲ្យសស្រាក់សស្រាំ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។

ពួកគេគឺជាវីរជនរបស់ប្រទេសជាតិ​ដ៏ក្លាហាន ដែលបានតស៊ូ នៅក្នុងការការពារជាតិ ហើយជាកងកម្លាំងដែលមានទំនួលខុសត្រូវខ្ពស់ និងគោរពបទបញ្ជារបស់ថ្នាក់លើយ៉ាងខ្ជាប់ខ្ជួន ដូច្នេះសូមកុំបំភ្លេចពួកគេ។

យើងទាំងអស់គ្នាគួរតែបន្តធ្វើការអំពាវនាវនិងសកម្មភាពផ្សេងៗដែលស្របតាមច្បាប់របស់ប្រទេស​និងច្បាប់អន្តរជាតិនានា ដើម្បីការពារអាយុជីវិតនិងសេចក្តីថ្លៃថ្នូរបស់ពួកគេនៅក្នុងនាមជាវីរបុរស​ការពារជាតិ និងប្រជាជន​។

រាល់សកម្មភាពនិងចំណាត់ការលើជោគវាសនារបស់ពួកគេ គួរតែធ្វើបច្ចុប្បន្នភាពជាប្រចាំ ហើយធ្វើរហូតដល់ពួកគេត្រូវបានដោះលែង។​

ដោយឡែកក្រុមគ្រួសាររបស់​ពួកគេនៅខាងក្រោយ ក៏គួរតែទទួលបានការគំាទ្រ​និងផ្តល់ភាព​កក់​ក្តៅនិងកិត្តិយសបន្ថែមទៀត ដើម្បីឲ្យពួកគេមានលំនឹងបន្តរង់ចាំការវិលត្រឡប់មកវិញ​របស់​សមាជិក​គ្រួសារប្រកបដោយសេចក្តីថ្លៃថ្នូរ។​

សរុបទៅបងប្អូនវីរយុទ្ធជនទាំង១៨​រូប គឺជានិមិ្មតរូបនៃភាពក្លាហាន ដែលយើង​ទាំងអស់​គ្នា​ គប្បីត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែងគ្រប់រូបភាពនិងសកម្មភាពនានា ដើម្បីអាចអោយពួកគេវិល​ត្រឡប់​មកវិញ ដោយកិត្តិយសនៅក្នុងនាមជាវីរជនរបស់ជាតិនិងប្រជាជន​៕

 

 

Daily Program

Livesteam thumbnail