ប្រុងប្រៀបទៅតម្លៃប្រេងឥន្ធនៈមិនដឹងឡើងដល់ប៉ុន្មានទេ ?

តម្លៃប្រេងឥន្ធនៈដែលនៅកម្ពុជាឡើងត្រឹមតែ២០០ទៅ៣០០​រៀលនៅក្នុងមួយលីត្រកាលពីប៉ុន្មានថ្ងៃនេះ ប្រហែលជាមិនអាចបញ្ឈប់ការឡើងបានទេ ដោយសារតែឥទ្ធិពលនៃកំសួលកំដៅនៃសង្រ្គាមអ៊ីស្រាអែល និង​ អ៊ីរ៉ង់  ដែលពេលនេះសហរដ្ឋអាមេរិកបានលូកដៃទៅហើយនោះ។

តម្លៃប្រេងឥន្ធនៈដែលបានឡើងថ្លៃកាលពីថ្ងៃទី ២១ ខែមិថុនា ថ្មីៗនេះ មិនមែនជារឿងដែលមានឥទ្ធិពលដោយសារតែបញ្ហាកម្ពុជាឈប់នាំចូលប្រេងពីថៃនោះទេ បញ្ហាគឺដោយសារតែឥទ្ធិពលនៃសង្រ្គាមនៅមជ្ឈឹមបូពាជាពិសេសគឺសង្រ្គាមតាមផ្លូវអាកាសរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់  ។ សង្រ្កាមនេះគឺកំពុងតែរីករាលដាល ពីព្រោះក្រោយពេលដែលសហរដ្ឋអាមេរិកទម្លាក់លើទីតាំងរោងចក្រចម្រាញ់សារធាតុនុយក្លេអ៊ែអ៊ីរ៉ង់រួចមក អ៊ីរ៉ង់ក៏បានវាយប្រហារមូលដ្ឋានទ័ពអាមេរិកនៅកាតាផងដែរ គ្រាន់តែមិនមានការខូចខាត  ហើយក៏បានប្រកាសបិទច្រកសមុទ្រហ័រម៉ូសហើយ។​

នៅមុនផ្ទុះសង្រ្គាមនេះ តម្លែប្រេងឥន្ធនៈនៅកម្ពុជាសម្រាប់ប្រេងម៉ាស៊ូតមានតម្លៃ ៣.៥៥០ រៀល ហើយប្រេងសាំងធម្មតា គឺ ៣.៧៥០ រៀល ហើយស៊ុបពែ គឺតម្លៃ ៤.៤០០ រៀល នៅក្នុងមួយលីត្រ  ខណៈដែលពេលនោះប្រេងឆៅនៅលើទីផ្សារអន្តរជាតិត្រឹមតែជាង ៦០ ដុល្លារនៅក្នុងមួយបារ៉ែល ។  ប៉ុន្តែនៅពេល​នេះ គឺប្រេងម៉ាស៊ូតឡើងដល់ ៣.៨០០ រៀល ខណៈប្រេងសាំងធម្មតាឡើងដល់ ៣.៩៥០ រៀល ហើយ ប្រេងស៊ុបពែ គឺរង្វង់៤.៦០០ រៀល នៅក្នុងមួយលីត្រ ស្របពេលដែលតម្លៃប្រេងឆៅ ឡើងដល់ ជាង ៧០​ដុល្លារ។

តម្លៃនេះគឺមុនពេលសហរដ្ឋអាមេរិកលូកដៃ ហើយក្រោយពេលដែលអាមេរិកលូកដៃដោយទម្លាក់គ្រាប់បែកចូលអ៊ីរ៉ង់ តម្លៃប្រេងឆៅបានឡើងដល់ជិត៨០ ដុល្លារ នៅក្នុងមួយបារ៉ែលទៅហើយ  ដូច្នេះ ១០ ថ្ងៃក្រោយតម្លៃប្រេងឥន្ធនៈនៅស្រុកយើងទំនងជានឹងឡើងទៀតដែរហើយ​បើស្តុកប្រេងចាស់អស់​។

នៅពេលនោះតម្លៃប្រេងឆៅត្រូវគេរំពឹងថា អាចឡើងរហូតដល់ហួសពី​១៣០ ដុល្លារនៅក្នុងមួយបារ៉ែល​ដូច្នេះ​តម្លៃប្រេងឥន្ធនៈគឺមិនបាច់និយាយទេ។

នៅក្នុងដំណាក់កាលនេះ សូមត្រៀមខ្លួនអោយហើយ​ រួចកុំសន្និដ្ឋានផ្តេសផ្តាស់​ពីព្រោះថា ការបិទច្រកសមុទ្រនេះ មិនថាកម្ពុជាទេ ថៃ និង ប្រទេសជាច្រើន ក៏ដូចគ្នា ។ នេះគឺជាបាតុភាពដែលកើតឡើងពីស្ថានការណ៍នៅក្នុងតំបន់មជ្ឈឹមបូព៌ា ប៉ុន្តែស្ថានការណ៍ចុងក្រោយដែលលោក ដូណាល់ ត្រាំ បានប្រកាសថា អ៊ីរ៉ង់និងអ៊ីស្រាអែល​ឈានដល់បទឈប់បាញ់គ្នានោះ វាគឺជាសញ្ញាដ៏វិជ្ជមាននៃការបញ្ចប់ការព្រួយបារម្ភអំពីបញ្ហាប្រេងនេះបន្ថែមទៀត៕

Daily Program

Livesteam thumbnail