បំពុលអាហារនិងគីមីពុលក្នុងអាហារ អ្នកលក់សូមបញ្ឈប់ទៅ

នរណាក៏ត្រូវការលុយ នរណាក៏ត្រូវការមាសប្រាក់ ប៉ុន្តែប្រសិនបើ​លោកអ្នកចង់បានទ្រព្យស​ម្ប​ត្តិទាំងនេះតាមវិធីស្មោគគ្រោក ដូចជាការនាំចូលពពួកអាហារខូចគុណភាព​ ដាក់ថ្នាំលើអា​ហា​រ គឺគួរតែបញ្ឈប់ទៅ​។​

តាមផ្លូវសង្គមវាខុសសីលធម៌ វាមិនស្មោះត្រង់ឡើយ​ ហើយបើនិយាយអំពីខាងជំនឿវិញគឺវាបា​បធ្ងន់ណាស់ដែលយករបស់ខូចគុណភាពយកមកលក់ហើយចែកចាយអោយគេទទួលទាន។​

លោកអ្នកនាំចូលវត្ថុគ្មានគុណភាព ហើយចែកចាយពេញតែប្រទេស ស្មានថាលោកអ្នកអាចគេចរួចមួយជីវិត ឬនៅថ្ងៃណាមួយលោកអ្នកនឹងអាចទទួលទានប៉ះចំអាហារទាំងនោះដោយជៀសមិនរួចឡើយ​។

​បើថា លោកអ្នកគេចរួច ប៉ុន្តែវាមិនប្រាកដថា កូនចៅ ​និង​អ្នកនៅក្នុងគ្រួសារលោកអ្នក​ជៀសមិនរួច​ឡើយ​ ដូច្នេះគួរតែភ្ញាក់រលឹកហើយបញ្ឈប់ការធ្វើអាជីវកម្មបែបនេះជាបន្ទាន់។​

រកស៊ីថ្លៃថោកចំណេញតិច ឬច្រើន សូមរកស៊ីដោយថ្លៃថ្នូរ​ប្រកួតប្រជែងដោយស្មើភាពហើយក៏ត្រូវតែស្មោះត្រង់នឹងមុខរបរ កុំចង់បានតែលុយពេក​ប្រយ័ត្នទុក្ខនិងទោសវាទៅដល់ខ្លួនឯង។​

មកដល់ពេលនេះ រឿងបាតុភាពដាក់ថ្នាំលើចំណីអាហារ ការនាំចូលរបស់ខូចគុណភាពគឺនៅតែមានជាហូរហែរ ជាក់ស្តែងដុចជានៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយបសុពេទ្យ ស្ថាប័នពាក់ព័ន្ធបាននាំយកផលិតផលសាច់បង្កក ហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាព ចំនួន៤មុខ បរិមាណជិត៦០០គីឡូក្រាមទៅបំផ្លាញចោល។

​សាច់បង្កកទាំងនេះត្រូវបានគេដឹងថាមាន ជើងជ្រូក, អណ្តាតជ្រូក, ពោះគោ និងជង្គុងជើ​ងមា​ន់ដែលសមត្ថកិច្ចចាប់បានបន្ទាប់ពីគេដឹកឆ្ពោះមកភ្នំពេញកន្លែងដែលមានតម្រូវការខ្ពស់ ។​

បរិមាណនេះតិចបើធៀបនឹងអ្វីដែលសមត្ថកិច្ចរឹបអូសពីមុនមក ប៉ុន្តែមកដល់ពេលនេះមិនដឹងថា​ មួយថ្ងៃៗមានអ្នកដែលរកស៊ីនាំចូលអាហារខូចគុណភាពបែបនេះមកលក់ប៉ុន្មាននាក់ទេ ​នៅ​ពេលនេះ ។​

សរុបមកវិញ គួរតែបញ្ឈប់ ប្រសិនបើអ្នកមិនបញ្ឈប់ទេ នៅថ្ងៃណាមួយអ្នកនឹងទទួលទានអា​ហា​រខូចគុណភាពនេះដែរ ហើយនៅពេលនោះទុក្ខនិងទោសដែលគេកើតក៏នឹងកើតមាននៅលើ​ខ្លួនអ្នក និងក្រុមគ្រួសារអ្នកដែរ ដូច្នេះគួរតែបញ្ឈប់ទៅ ហើយល្មមរកស៊ីឲ្យត្រឹមត្រូវ នឹងគេហើ​យ​ដើម្បីខ្លួនយើង សង្គមយើង ​និងប្រទេសរបស់យើង៕

Daily Program

Livesteam thumbnail