បើរាជរដ្ឋាភិបាលអាចធ្វើរឿងផ្សព្វផ្សាយឃោសនាល្បែងស៊ីសងខុសច្បាប់មែនពលរដ្ឋនឹងគាំទ្រយ៉ាងខ្លាំង!
ក្រោយពេលដែលការផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ក៏ដូចជាល្បែងស៊ីសងតាមអនឡាញកាន់តែផុលផុសមែនទែននោះ រាជរដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃបានចេញសារាចរណែនាំ ឲ្យបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ទាំងនោះតាមគ្រប់រូបភាព ។
ក្រោយឃើញសារាចរណែនាំនេះចេញភ្លាមពលរដ្ឋគ្រប់គ្នាគឺសារទរ ប៉ុន្តែទន្ទឹមនឹងការសាទរក៏មានពលរដ្ឋខ្លះក៏លើកឡើងពីការរង់ចាំលទ្ធផលផងដែរ ខ្លាចចេញតែសារាចរប៉ុន្តែខ្វះការអនុវត្ត ឬអនុវត្តដែរ ប៉ុន្តែគឺបានតែមួយឆាវៗមិនមាននិរន្តភាព។
រឿងល្បែងស៊ីសងនេះ គឺមានការឃោសនាផុលផុះណាស់ ដោយមានតាំងពីផលិតមាតិការរឿង ហើយបញ្ចូលខ្លឹមសារផ្សព្វផ្សាយអំពីល្បែងស៊ីសងទាំងនោះ។ ខ្លះទៀតគឺផ្ញើរជាសារតាមបណ្តាញសង្គម ខ្លះទៀតគឺផ្ញើសារតាមទូរស័ព្ទ ដោយបញ្ជាក់អំពីរង្វាន់ ...។ល។
សូមរង់ចាំតាមដានទាំងអស់គ្នាថា តើចំណាត់ការនឹងប្រពឹត្តទៅយ៉ាងណា ? តាមដែលដឹង មួយថ្ងៃក្រោយចុះហត្ថលេខាលើសារាចរណែនាំនេះ រសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ថ្មីៗនេះ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី និង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងតម្រង់ទិសការងារ ដើម្បីធានាភាពគ្រុបជ្រុងជ្រោយនៃការអនុវត្តសារាចរណែនាំនេះភ្លាមៗដែរ ។
នៅក្នុងកិច្ចប្រជុំនោះ លោក ស សុខា បានមានប្រសាសន៍ថា ដើម្បីធានាប្រសិទ្ធិភាពនៃការអនុវត្តសារាចរណែនាំ អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានអង្គភាពចំណុះជាសេនាធិការ រួមទាំងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់តាមដាន ស្រាវជ្រាវ ទាំងលើបណ្ដាញផ្សព្វផ្សាយសង្គមគ្រប់ប្រភព រួមទាំងការផ្សព្វផ្សាយចល័ត និងអចល័តគ្រប់ទីកន្លែង ដើម្បីឈានទៅបង្ក្រាបឱ្យបានម៉ឺងម៉ាត់ក្នុងករណីនៅតែបន្តផ្សព្វផ្សាយបំពានក្រោយផុតឱសានវាទ។
បើតាមប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសម្រេចទុកពេលឱ្យអ្នកពាក់ព័ន្ធការផ្សព្វផ្សាយល្បែងខុសច្បាប់ទាំងអស់ បញ្ឈប់សកម្មភាពយូរបំផុតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ពោលគឺចាប់ពីថ្ងៃទី១១ ខែធ្នូតទៅ មន្រ្តីមានសមត្ថកិច្ចគ្រប់ថ្នាក់ គ្រប់ជំនាញ ទាំងជំនាញស្រាវជ្រាវតាមទីតាំង តាមបណ្ដាញអ៊ិនធឺណណិត និងជំនាញបង្ក្រាប នឹងសហការគ្នាអនុវត្តសារាចរណែនាំយ៉ាងតឹងរឹងបំផុត តាមទស្សនៈ ល្មើសមួយ បង្ក្រាបមួយ ល្មើសពីរ បង្ក្រាបពីរ។
តាមគោលដៅដែលកំណត់ ក្រសួងនឹងចាត់វិធានការឲ្យបញ្ឈប់ជាបន្ទាន់នូវរាល់ការផលិតរូបភាព វីដេអូ និងមាតិកា ដែលមានខ្លឹមសារពាក់ព័ន្ធនឹង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទោះល្បែងស៊ីសងលេងដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញក្តី។
ក្រៅពីនេះក្រសួងក៏តម្រូវឲ្យ បញ្ឈប់ជាបន្ទាន់នូវរាល់ការបង្កើតគេហទំព័រ គណនី ឬទំព័រក្នុងបណ្តាញទំនាក់ទំនងសង្គម រួមទាំងការចែកចាយបន្តនូវអ្វី ដែលជារូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទផងដែរ ។
សរុបទៅនៅក្នុងករណីដែលក្រសួងនិងអ្នកជំនាញខាងបច្ចេកទេសអាចធ្វើបានវាគឺជារឿងដ៏ប្រសើរមួយសម្រាប់ប្រជាជនកម្ពុជាពីព្រោះសព្វថ្ងៃនេះក្រុមជនសង្គមងងឹតកំពុងតែប្រើប្រាស់វាបំពុលសង្គម និង លើកទឹកចិត្តរុញច្រើនអោយអ្នកដែលខ្វះការពិចារណាងាយនឹងធ្លាក់ចូលទៅក្នុងឧបាយកលផលប្រយោជន៍របស់ពួកគេ៕