បើយើងមិនគោរពច្បាប់ ! សមត្ថកិច្ចគួរតែមានសិទ្ធិចាប់និងផាកពិន័យទៅតាមច្បាប់

មិនយូរទេ សមត្ថកិច្ចនឹងត្រួតពិនិត្យរឹតបន្តឹងច្បាប់ចរាចរណ៍ឡើងវិញ ខណៈដែលការផ្អាករយៈពេលប្រមាណជា ១ត្រីមាសកន្លងទៅ សមត្ថកិច្ចបានអះអាងថា គ្រោះថ្នាក់ចរាចរណ៍កម្រើកឡើងវិញ ហើយពលរដ្ឋក៏ហាក់ព្រងើយកន្តើយនឹងការអនុវត្តច្បាប់ចរាចរណ៍។ 
ការដាក់ពង្រាយកម្លាំងត្រួតពិនិត្យនិងពង្រឹងច្បាប់ចរាចរណ៍ឡើងវិញនេះប្រហែលជាមិនយូរទេ គឺនឹងអនុវត្តនៅពេលឆាប់ៗនេះហើយ ពីព្រោះករណីគ្រោះថ្នាក់ចរាចរណ៍គឺកើនឡើងច្រើន។ 
នៅពេលដែលសមត្ថកិច្ចចុះពង្រាយកម្លាំងរឹតបន្តឹងច្បាប់ចរាចរណ៍ឡើងវិញនេះ មិនមែនមកពីសមត្ថកិច្ចទេ គឺមកពីខ្លួនយើងទាំងអស់គ្នា មិនព្រមគោរពច្បាប់ចរាចរណ៍។ ឥឡូវនេះអ្នកខ្លះសូម្បីតែភ្លើងបញ្ជាចរាចរន៍ក៏មិនគោរព ស្របពេលដែលអ្នកខ្លះបើកបញ្ច្រាសទិសគេឯង។​​
ក្រៅពីនោះបើនិយាយអំពីអ្នកដែលមិនពាក់មួកសុវត្ថិភាព គឺឃើញមានពេញតែផ្លូវ ដល់ពេលគ្រោះថ្នាក់ចរាចរណ៍ទើបស្តាយក្រោយ។ 
លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា លោកនឹងស្នើសុំគោលការណ៍ទៅថ្នាក់លើ ដើម្បីពង្រឹងការចុះអនុវត្តច្បាប់ចរាចរណ៍ឡើងវិញ។ លោកបានអះអាងថា ក្រោយការផ្អាកសាកល្បងរយៈពេល៣ខែកន្លងមកនេះ រណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើន ហើយក៏បានឆក់យកអាយុជីវិតមនុស្សក៏ច្រើន។​
លោកបានលើកឡើង ដោយសារតែស្ថានភាពបែបនេះ លោកនឹងសុំគោលការណ៍ទៅថ្នាក់លើដើម្បីរឹតបន្តឹងច្បាប់ចរាចរណ៍នេះឡើងវិញ ហើយសង្កត់ធ្ងន់ថា ច្បាប់នៅតែជាច្បាប់ អត់មានកែប្រែ អត់មានហួសកំណត់អីទេ។ លោកបានបន្តថា ការស្នើសុំនេះគឺមកពីប្រជាពលរដ្ឋ គាត់មិនគោរពច្បាប់។ 
លោកបានបន្តទៀតថា ឥឡូវនៅតាមដងផ្លូវសាធារណៈអ្នកជិះម៉ូតូពី៣០​ទៅ៤០ភាគរយ គឺអត់ពាក់មួកសុវត្ថិភាពកុំថាឡើយយប់សូម្បីតែពេលថ្ងៃ។ លោកបានបន្តទៀតថា សមត្ថកិច្ចសុខចិត្តទទួលការរិះគន់ តែអ្វីដែលចង់បានមកវិញគឺភាពសុខសាន្តនិងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅតាមដងផ្លូវ។ 
នៅក្នុងនាមជាប្រជាពលរដ្ឋកម្ពុជា យើងខ្ញុំក៏សូមគាំទ្រឲ្យសមត្ថកិច្ចចុះពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ឡើងវិញ មែន ពីព្រោះសកម្មភាពអនាធិបតេយ្យនៅលើទ្រូងផ្លូវសាធារណៈគឺឃើញដូចជាមានច្រើនណាស់ ដែលចាំបាច់ត្រូវតែអនុវត្ត។ 
អ្នកដែលល្មើសត្រូវតែពិន័យទៅតាមច្បាប់ ប៉ុន្តែសមត្ថកិច្ចនៅពេលដែលទទួលបានភ្លើងខៀវហើយ គឺអនុវត្តទៅតាមច្បាប់ ប៉ុន្តែកុំយកច្បាប់ដើម្បីបង្កើតផលប្រយោជន៍ ហើយក៏មិនត្រូវល្មើសច្បាប់និងយកច្បាប់ជាឧបករណ៍ស្វែងរកលាភសក្ការៈដែរ។ នៅក្នុងប្រតិបត្តិការអនុវត្តសមត្ថកិច្ចចាំបាច់ត្រូវមានក្រមសីលធម៌ និងមានវិជ្ជាជីវៈច្បាស់លាស់។ 
សរុបទៅគ្រប់គ្នាគឺសូមយកច្បាប់ជាគោល នរណាក៏ដោយរំលោភច្បាប់គឺត្រូវតែទទួលខុសត្រូវ ទាំងសមត្ថកិច្ច និង ប្រជាពលរដ្ឋ។ ប្រសិនបើសង្គមយើងយកចិត្តជាមូលដ្ឋាន មិនយកបក្សពួក និង ផលប្រយោជន៍ជាធំ សង្គមយើងនឹងរីកចម្រើន ហើយនិងក្លាយជានិតិរដ្ឋ៕

Daily Program

Livesteam thumbnail