បើយើងប្តេជ្ញារួមគ្នា ! អ្វីក៏យើងអាចធ្វើបានដែរ

រឿងគ្រឿងស្រវឹងនៅពេលនេះ ហាក់ ផុលផុស ហើយនៅលើបណ្តាញសង្គម ព្រមទាំងមានសកម្មភាពពីបុគ្គលល្បីៗជាច្រើននៅក្នុងសង្គម ដើម្បីអំពាវនាវឱ្យរួបរួមគ្នាព្យាយាមកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង។ គ្រឿងស្រវឹងមិនមែនជាភេសជ្ជៈល្អចំពោះសុខភាពឡើយ ផ្ទុយទៅវិញ វាជាប្រភពនៃបញ្ហាចម្បងដែលគំរាមកំហែងដល់សុខភាព និងបង្កបញ្ហាសង្គមជាច្រើន។ ដូច្នេះ យើងទាំងអស់គ្នាមានតួនាទីចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងនៅក្នុងសង្គមរបស់យើង។

ជាទូទៅ មានជំងឺដង្កាត់ជាច្រើនដែលបង្កមកពីការប្រើប្រាស់គ្រឿងស្រវឹង រាប់តាំងពីបញ្ហាថ្លើម ក្រពះ លំពែង ពោះវៀន តម្រងនោម បេះដូង និងខួរក្បាលជាដើម។ ចំពោះបញ្ហាសង្គមវិញ វាគឺជាប្រភពនៃគ្រោះថ្នាក់ចរាចរណ៍ ការប្រើប្រាស់គ្រឿងញៀន អំពើហិង្សា និងសកម្មភាពអបាយមុខ ឬអនាចារជាច្រើនទៀត។

កំណើននៃការប្រើប្រាស់គ្រឿងស្រវឹងកន្លងមក គឺដោយសារគ្រប់សមាសភាពសង្គម មិនថាចាស់ឬក្មេង សុទ្ធតែមានចំណែកពាក់ព័ន្ធក្នុងការជំរុញឱ្យការប្រើប្រាស់គ្រឿងស្រវឹងនៅកម្ពុជាកើនឡើង។ គ្រឿងស្រវឹងត្រូវបានផ្សព្វផ្សាយ និងលើកទឹកចិត្តដោយមិនដឹងខ្លួនពីសំណាក់ចាស់ទុំក្នុងគ្រួសារ និងសហគមន៍ រួមទាំងការផ្សាយពាណិជ្ជកម្មតាមរូបភាពផ្សេងៗ ជាពិសេសយុទ្ធនាការឃោសនាបែបត្រេកត្រអាល ដូចជាការផ្សព្វផ្សាយថា «ការប្រើប្រាស់គ្រឿងស្រវឹងទទួលបានរង្វាន់» ជាដើម។

ផ្អែកលើទឡ្ហីករណ៍នេះ យើងទាំងអស់គ្នាឃើញច្បាស់ហើយថា យើងសុទ្ធតែមានចំណែកពាក់ព័ន្ធ ហើយយើងទាំងអស់គ្នាបានចូលរួមចំណែកដោយអចេតនា ក្នុងការធ្វើឱ្យយុវជន និងក្មេងជំនាន់ក្រោយស្គាល់គ្រឿងស្រវឹង។ សូមកុំប្រកែក ឬប្រកាន់នៅពេលដែលយើងលើកឡើងនូវសក្ខីកម្មនេះ ប៉ុន្តែប្រសិនបើយើងទាំងអស់គ្នាមូលមតិគ្នាថាត្រូវតែទប់ស្កាត់បញ្ហានេះ នោះយើងទាំងអស់គ្នាគួរតែរួមដៃគ្នាចាត់វិធានការភ្លាមៗ។

សរុបទៅ គ្រឿងស្រវឹងមិនត្រឹមតែប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រភពនៃបញ្ហាសង្គម ដែលប៉ះពាល់ដល់គ្រួសារ សហគមន៍ និងការអភិវឌ្ឍប្រទេសជាតិ។ ការកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង មិនមែនជាកាតព្វកិច្ចរបស់ស្ថាប័នណាមួយតែឯងឡើយ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា ចាប់ពីក្រុមគ្រួសារ សាលារៀន សហគមន៍ អ្នកសារព័ត៌មាន បុគ្គលល្បីៗ រហូតដល់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ។

ប្រសិនបើយើងម្នាក់ៗចាប់ផ្តើមផ្លាស់ប្តូរពីខ្លួនឯង ដោយឈប់លើកទឹកចិត្ត ឈប់ផ្សព្វផ្សាយ និងឈប់ធ្វើឱ្យការប្រើប្រាស់គ្រឿងស្រវឹងក្លាយជារឿងធម្មតានៅក្នុងសង្គម នោះយើងនឹងអាចរួមចំណែកកសាងសង្គមដែលមានសុខភាពល្អ មានសុវត្ថិភាព និងមានអនាគតកាន់តែប្រសើរសម្រាប់យុវជន និងកូនចៅជំនាន់ក្រោយ។ ការទប់ស្កាត់ការប្រើប្រាស់គ្រឿងស្រវឹង គឺជាការវិនិយោគដ៏មានតម្លៃសម្រាប់សុខុមាលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់សង្គមកម្ពុជាទាំងមូល។

Daily Program

Livesteam thumbnail