បើមានល្អហើយកាន់តែប្រសើរគួរអនុវត្តឲ្យបានខ្ជាប់ខ្ជួនផង !

អនាម័យម្ហូបអាហារគឺជារឿងដ៏សំខាន់នឹងចាំបាច់ដើម្បីពង្រឹងស្តង់ដាជីវិតរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ ខណៈដែលអាហារដែលមាននៅកម្ពុជាមួយចំនួនអាចនៅប្រឈមមុខនឹងបញ្ហានេះច្រើន ។

មកដល់ពេលនេះអាហារមួយចំនួនពិតមើលទៅទំនង ឃើញវេចខ្ចប់ក៏ស្អាតនិងប្រសើរ ប៉ុន្តែបញ្ហាស្តង់ដាសុវត្ថិភាពសម្រាប់ធានាសុខភាពអ្នកហូបចុកអាចនៅមានបញ្ហាចន្លោះប្រហោងដូច្នេះសង្ឃឹមថា កម្ពុជានឹងមានច្បាប់ឫលិខិតបទដ្ឋានដែលនឹងចូលរួមចំណែកលើកកំពស់បញ្ហានេះ ជាពិសេសគឺការកំណត់នូវលិខិតបទដ្ឋានអំពីអនាម័យនៃម្ហូបអាហារសម្រាប់មនុស្ស និងការកំណត់លក្ខណវិនិច្ឆ័យមីក្រូជីវសាស្ត្រ ដែលប្រទេសជាច្រើនគេមានហើយនៅកម្ពុជាយើងហាក់ខ្វះចន្លោះ ។​

ទាក់ទងនឹងបញ្ហានេះក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ក្រសួងនិងស្ថាប័នពាក់ព័ន្ធកំពុងតែរៀបចំដោយកាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ អ្នកជំនាញនានា នៃក្រសួងពាណិជ្ជកម្ម  អ្នកជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក៏ដូចជាក្រុមអ្នកច្បាប់បានជួបប្រជុំគ្នាដើម្បីពិនិត្យនិង ពិភាក្សាបន្តលើ សេចក្តីព្រាងអនុក្រឹត្យស្ដីពីអនាម័យនៃម្ហូបអាហារសម្រាប់មនុស្ស និងការកំណត់លក្ខណវិនិច្ឆ័យមីក្រូជីវសាស្ត្រ ។

ឯកសារកំណត់ស្តង់អនាម័យនៃម្ហូបអាហារសម្រាប់មនុស្ស និងការកំណត់លក្ខណវិនិច្ឆ័យមីក្រូជីវសាស្ត្រនេះសំខាន់ណាស់ ពីព្រោះអាហារដែលឃើញថា ល្អ មើលទៅទំនងជាមានគុណភាពនិងអនាម័យ ប៉ុន្តែនៅពេលដែលចូលមន្ទីរពិសោធន៍បានដឹងថា នៅក្នុងអាហារាំងនេះវាមាននូវមីក្រុប ឫក៏អាចបាក់តេរីដែលនាំឲ្យប៉ះពាល់ដល់សុខភាពជាច្រើន ដែលទាមទារការធានានិងគោរពស្តង់ដាមួយច្បាស់លាស់ ។

នៅសម័យមុនយើងគិតថា ឲ្យតែបានទទួលតានឆ្អែតគឺលែងឃ្លានគឺគ្រប់គ្រាន់ ប៉ុន្តែសម័យនេះបើត្រឹមតែមានរបស់ញាំត្រឹមតែម៉ាឆ្អែត តែធ្វើឲ្យយើងអាយុខ្លីក៏ជារឿងដែលយើងត្រូវតែគិតផងដែរ ។​

អាហារក្តី ទំនិញផ្សេងៗក្តី ឱសថក្តីមិនមែនចេះតែផលិតហើយនឹងឃើញដាក់គ្រឿងនេះគ្រឿងនោះតែផ្តេសផ្តាស់បានឡើយជាពិសេសគឺពពួកសារធាតុគីមី ដែលយើងមិនអាចមើលឃើញដោយភ្នែកទទេ ឫ ក៏ហិតដោយច្រមុះ បានស្រួលៗឡើយ ដូច្នេះការមានក្របខណ្ឌច្បាប់និងលិខិតបទដ្ឋានគតិយុទ្ធអំពីអនាម័យនៃម្ហូបអាហារសម្រាប់មនុស្ស និងការកំណត់លក្ខណវិនិច្ឆ័យមីក្រូជីវសាស្ត្រគឺចាំបាច់ ហើយនៅពេលដែលមាន ក៏គួរតែអនុវត្តឲ្យបានត្រឹមត្រូវផង ដើម្បីធានាឲ្យគុណភាពជីវិតនិងសុខភាពពលរដ្ឋកាន់តែប្រសើរ ។​

Daily Program

Livesteam thumbnail