បើត្រឹមតែជូនដំណឹង !​ រឿងរថយន្តខ.ម ប្រហែលជាមិនអស់ទេ !

អគ្គនាយកដ្ឋានគយកាលពីប៉ុន្មានឆ្នាំកន្លងទៅបានធ្វើមួយវគ្គហើយនូវវិធានការក្តៅប្រឆាំងរថយន្ត ខ.ម និង ន.ប ដែលគេចពន្ធ ប៉ុន្តែនៅតែមិនអស់ហើយក៏លេចចេញបាតុភាពថ្មីៗជាបន្តបន្ទាប់រហូតដល់ អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស នៃក្រសួងការពារជាតិបានចេញ សេចក្តីជូនដំណឹង​ជាថ្មីពាក់ព័ន្ធនឹងបញ្ហាប្រើប្រាស់រថយន្តដែលពាក់ស្លាកលេខនេះ។

តាមសេចក្តីជូនដំណឹងដែលចេញជាសាធារណៈកាលពីថ្ងៃទី​៣០ ខែ សីហា ឆ្នាំ​២០២៤ អគ្គនាយកដ្ឋានបានជូនដំណឹងដល់​បណ្ត​ស្ថាប័ន កងឯកភាព​ចំណុះ​ក្រសួងការពារជាតិ អគ្គ​បញ្ជាការដ្ឋាន និង​គ្រប់​បណ្តា​ប្រភេទ​ទ័ព​ជំនាញ​ទាំងអស់ថា ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ​បាតុភាពអសកម្ម​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សង្គម​សាធារណៈ ដូច​ជា​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ​ភាព​ក្រអឺតក្រទម ពីសំណាក់អ្នកបើកបររថយន្តពាក់ផ្លាកលេខខ.ម មានជាហូរហែរហើយរហូតដល់​ទទួល​ការ​រិះគន់​ពី​សាធារណជន ជា​ពិសេស​ប៉ះពាល់​ដល់​កិត្តិយស​នៃ​កង​យោធពលខេមរភូមិន្ទ​ទាំងមូល។

អគ្គនាយកដ្ឋានជំនាញនេះក៏បានបញ្ជាក់ដោយសង្កត់ធ្ងន់ថា អ្នក​ប្រើប្រាស់​ត្រូវ​តែ​ជា​នាយទាហាន ដែល​មាន​សិទ្ធ​ពេញលេញ ដោយ​មិន​អនុញ្ញាត​ឱ្យ​ជន​ស៊ី​វិល ឬ​ជនបរទេស​ប្រើប្រាស់​បាន​ឡើយ  ហើយការ​ប្រើប្រាស់​យានយន្ត​ពាក់​ផ្លា​ក​លេខ​ចរាចរ​ខេមរភូមិន្ទ ត្រូវ​ស្រប​តាម​ការ​កំណត់​របស់​ក្រសួងការពារជាតិ ចំពោះ​ក្រុមហ៊ុន​សហការ​វិនិយោគ​វិស័យ​ការពារ​ជាតិ​នានា​ក៏​ត្រូវ​បាន​អនុវត្ត​ដូច​គ្នា។ ក្នុង​ករណី​ដែល​អនុវត្ត​ការ​ប្រើប្រាស់​ផ្ទុយ​ខុស​ពី​ខ្លឹមសារ​ខាងលើ អគ្គនាយក​ដា្ឋ​ន​សម្ភារៈ​បច្ចេកទេស ក្រសួងការពារជាតិ​នឹង​ចាត់វិធានការ​ច្បាប់​ជា​ធរមាន។

នេះគឺជាសេចក្តីជូនដំណឹងចុងក្រោយ ដូច្នេះចាំមើលទៅមើលថា តើស្ថាប័នជំនាញនេះនឹងចាត់វិធានការយ៉ាងណាទៅលើក្រុមជនដែលយករថយន្តទាំងនេះមកប្រើហើយបើកបរយ៉ាងទំនើងគ្មានច្បាប់គ្មានទម្លាប់ នៅពេលខាងមុខ។​

ក្រៅពីចាត់វិធានការលើអ្នកបើកបរនិងប្រើប្រាស់ហើយនោះ ស្ថាប័ននេះក៏គួរតែស្វែងរកប្រភពដែលនាំពួកជនទាំងនេះហ៊ានប្រើប្រាស់រថយន្តពាក់ផ្លាកលេខកងកម្លាំងផ្តេសផ្តាស់ខុសភារកិច្ចទាំងនេះផងដែរ។​  រឿងរថយន្តពាក់ផ្លាកលេខកងកម្លាំងនេះមានយូរហើយ តែនៅតែមិនទាន់ធ្វើបែក ដែលគួរតែស្ថាប័ននេះ ដល់ពេលដែលត្រូវសំអាតឲ្យអស់ហើយ។

អគ្គនាយកដ្ឋាននេះគួរតែពង្រឹងនិងគ្រប់គ្រងរថយន្តពាក់ផ្លាកលេខកងកម្លាំងឲ្យបានច្បាស់លាស់ ហើយរាល់ការប្រើប្រាសគួរមានការអនុញ្ញតិត្រឹមត្រូវមានភារកិច្ចច្បាស់លាសហើយគួរតែហាមប្រើប្រាស់ជាលក្ខណៈឯកជន។​

សរុបមកវិញសង្ឃឹមថា ក្រោយការជូនដំណឹងនេះហើយចំណាត់ការផ្លូវច្បាប់ដ៏តឹងរឹងលើជនដែលល្មើសនឹងដាក់ចេញ ដើម្បីធានាថា រាល់រថយន្តដែលបើកបរនៅលើផ្លូវពាក់ផ្លាកលេខកងកម្លាំងគឺពិតជារបស់កងកម្លាំងដែលមានច្បាប់មានការអនុញ្ញាតមានបេសកម្មច្បាស់លាស់មិនមែនបរទេសក៏អាចបើកបាន​ ផ្តេសផ្តាសដូចពីមុនឡើយ៕

Daily Program

Livesteam thumbnail