បើចង់ឲ្យជាតិថ្កើងថ្កាន ស្មារតីជាតិនិយមគួរមានជានិរន្ត

ប្រសិនបើចង់ឲ្យប្រទេសជាតិមានការរីកចំរើនខ្លាំងក្លាយើងជាប្រជាពលរដ្ឋគួរតែបន្តកសាងក៏ដូចជាបណ្តុះស្មារតីជាតិនិយមនេះជានិរន្តកុំមានតែមួយឆាវ ហើយស្មារតីនេះទៀតសោតគឺមិនមែនជាស្មារតីជាតិនិយមបែបជ្រុលនិយមឡើយ។
ស្មារតីជាតិនិយមដែលជ្រុលនិយមហើយងងឹតងងុលគឺជាស្មារតីដែលមិនចំណេញឡើយ ប៉ុន្តែប្រសិនបើយើងមានស្មារតីជាតិនិយមបែបវ័យឆ្លាត ពោលគឺជាស្មារតីជាតិនិយមប្រកបដោយបញ្ញា ដែលអាចដោះស្រាយបញ្ហា ដែលជាតិមានឬជួបប្រទះដោយចិត្តនិងជំហររឹងមាំ ស្មារតីច្បាស់លាស់ ទើបជាតិចំរើន និង វិវឌ្ឍន៍ទៅមុខ។
ស្មារតីជាតិនិយមមិនមែនតែមាត់ គ្រាន់តែគេលួង គេនិយាយល្អក៏តាំងស្ងប់ចិត្ត។ ជាតិនិយមដែលចំរើនមិនមែនជាជាតិនិយមបែបចងអាឃាតឡើយ តែជាជាតិនិយមដែលយកនិងតម្កល់ផលប្រយោជន៍ជាតិ និង ប្រជាជនជាធំ។
ដើម្បីឲ្យជាតិនិយមយើងជាស្មារតីជាតិនិយមដែលចំរើន គឺគួរតែខិតខំធ្វើយ៉ាងណាតស៊ូខាំមាត់សង្កត់ចិត្ត អំណត់ព្យាយាមធ្វើអ្វីពីអត់ទៅមាន ពីខ្សោយទៅខ្លាំង ពីទន់ជ្រាយទៅរឹងមាំ ពីកំសាកទៅក្លាហាន ហើយប្រឈមមុខដោះស្រាយបញ្ហាជាតិដោយសតិ និង សម្បជញ្ញៈ មានច្បាប់មានទម្លាប់ជាគោល។
សូមកុំភ្លេចថា នៅពេលណាដែលយើងខ្សោយគេនឹងមើលងាយ គេពេបជ្រាយ វាគឺជារឿងធម្មតា។ ពេលនៅក្នុងស្ថានភាពបែបនេះខឹងគេចុះ ប៉ុន្តែកុំចងអាឃាត ហើយប្រែក្លាយកំហឹងនិងការស្អប់នេះ ទៅជាកម្លាំងប្រឹងប្រែងព្យាយាម ខិតខំ ធ្វើយ៉ាងណាកសាងសមត្ថភាព និងធនធានខ្លួនយើងឲ្យខ្លាំង នោះគេនឹងកោតក្រែងនិងទទួលស្គាល់មិនខាន។
ជាធម្មតានៅពេលដែលយើងខ្លាំងមានកម្លាំងប្រហាក់ប្រហែលគ្នានោះយ៉ាងណាក៏គេញញើតយើងដោយឯកឯង។ នៅក្នុងស្ថានភាពដូចសព្វថ្ងៃនេះ គឺជាពេលដែលយើងត្រូវតែរួបរួមគ្នា ប្រែក្លាយចលនា ជាតិនិយមដែលកំពុងតែមាននេះ កសាងឲ្យបាននូវអ្វីដែលយើងខ្វះខាត។
គំនិតជាតិនិយមដែលឆ្លាតវ័យគឺជាគំនិតដែលប្រែក្លាយកំហឹងទៅជាការខិតខំប្រឹងប្រែងស្តារនិងពង្រឹងខ្លួនយើងគ្រប់យ៉ាងដែលជាចំណុចទន់ខ្សោយ ដើម្បីឲ្យរឹងមាំ។ នៅពេលដែលយើងខ្សោយយើងឱនចុះ ប៉ុន្តែមិនមែនឱនឲ្យគេជាន់រហូតឡើយ គឺឱនដើម្បីពង្រឹងជំហរនិងជំហ៊ានឲ្យរឹងមាំ ដើម្បីយើងអាចក្រោកឈរវិញឲ្យបានដាច់ខាត។
ជាតិនិយមពិតប្រាកដគឺជាស្មារតីដែលឲ្យយើងដឹងសមត្ថភាពខ្លួនឯង មិនមែនដឹងថា យើងខ្សោយហើយប្រឹងឲ្យគេរុញដួលនោះទេ។ នៅពេលដែលយើងដឹងជំហររបស់ខ្លួន ដឹងកម្លាំងរបស់ខ្លួន ចាំបាច់ត្រូវប្រឈមដោយសេចក្តីក្លាហាន។ ហើយបន្តចិញ្ចឹមចិត្តជាបន្តបន្ទាប់ ពោលគឺកុំឈ្លោះគ្នាឯង ត្រូវស្មោះត្រង់រវាងគ្នានិងគ្នា ហើយត្រូវតែទុកបញ្ហាផ្ទៃក្នុងមួយដោយឡែក ហើយដាក់គោលដៅរួមគ្នាតែមួយ៕
Daily Program
