បើកម្ពុជាអាចសំអាតគ្រឿងញៀនពីជួរមន្រ្តី នោះសង្រ្គាមប្រឆាំងគ្រឿងញៀននឹងវិជ្ជមាន
អនុសាសន៍លើកមុនអនុវត្តតែនៅក្របខណ្ឌក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិទេ ដោយវិសាលភាពនៃការតេស្តរកគ្រឿងញៀនមាននៅតែក្នុងជួរកងកម្លំាង តែអនុសាសាន៍ដាក់ចេញនៅថ្ងៃទី២០ ខែកុម្ភៈគឺពង្រីកដល់ក្របខណ្ឌមន្រ្តីរាជការទាំងអស់អស់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់នៅពេលបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀនថា រាជរដ្ឋាភិបាលនឹងបោសសំអាតអ្នកដែលពាក់ព័ន្ធនឹងគ្រឿងញៀនចេញពីជួរមន្រ្តីរាជរដ្ឋាភិបាលនិងកងកម្លាំងទាំងអស់។
សម្តេចបានបញ្ជាក់ថា អ្នកណាក៏ដោយអោយតែរកឃើញថា ពាក់ព័ន្ធនឹងគ្រឿងញៀនគឺត្រូវតែបណ្តេញចេញពីក្របខណ្ឌជាមន្រ្តី និងកងកម្លាំងភ្លាមៗតែម្តង។ នៅក្នុងពេលជាមួយគ្នានេះ សម្តេចក៏បានផ្តល់ការគាំទ្រ និងចេញភ្លើងខៀវអោយជំនាញរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងចែកចាយអ្នកដែលពាក់ព័ន្ធទៅគ្រប់ស្ថានប័ន ដើម្បីឲ្យប្រាកដថា បន្ទាប់ពីបណ្តេញចេញពីស្ថាប័ននេះឃើញឈ្មោះចូលស្ថាប័នមួយទៀត ប៉ុន្តែផែនការនេះធ្វើតាមជំហាន។
សម្តេចបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលមកចង់ឲ្យបញ្ហាគ្រឿងញៀនក្លាយជាបន្ទុករបស់រាជរដ្ឋាភិបាលនៅក្នុងរយៈពេលពី១៥ ទៅ២០ ឆ្នាំទៀតគ្រឿងញៀនកាន់តែជាបញ្ហាបន្ទុកធ្ងន់ធ្ងរបន្ថែមដល់កម្ពុជាទៀតនោះទេ។
សម្តេចបានសង្កត់ទៀតថា ការដាក់ចេញនូវការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននៅពេលនេះ គឺមិនមែនជាវិធានការសហាវពេកទេ ហើយវាក៏មិនមែនដើម្បីធ្វើបាប ឬបំបាត់សិទ្ធិមនុស្សទេ តែគឺដើម្បីជួយអ្នកដែលញៀន និងតម្រង់ផ្លូវគាត់ ហើយសកម្មផាពនេះគឺជាការអនុវត្តការការពារសិទ្ធិធំ គឺសិទ្ធិសហគមន៍ប្រជាពលរដ្ឋដែលចង់រស់នៅដោយសុខសន្តិភាព, សិទ្ធិប្រជាពលរដ្ឋដែលចង់រស់នៅដោយគ្មានគ្រឿងញៀន ក្នុងសហគមន៍របស់គាត់កូនគាត់ទៅរៀនដោយគ្មានព្រួយបារម្ភ។
គ្រឿងញៀន គឺពិតជាបញ្ហាដ៏ធ្ងន់ធ្ងរ ខណៈដែលនៅពេលនេះវាកំពុងតែជ្រៀតជ្រែកចូលដល់សហគមន៍ហើយដែលជាពេលវេលាត្រូវតែប្រយុទ្ធប្រឆាំងនឹងវាប្រកបដោយយន្តការច្បាស់លាស់ បើមិនដូច្នេះទេ គ្រឿងញៀនកាន់តែជ្រាតចូលនោះសង្គមនឹងកាន់តែមានហានិភ័យ ដែលគប្បីយើងត្រូវចូលរួមទប់ស្កាត់ និងលុបបំបាត់ទាំងអស់គ្នា៕