បើកម្ពុជាបន្តទាក់ទាញវិនិយោគិនបរទេសបានច្រើនបែបនេះ ឆ្នាំក្រោយដឹងតែសេដ្ឋកិច្ចប្រសើរឡើងហើយ!

របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា  បានអះអាង កាលពីថ្ងៃអង្គារ៍ថា នៅខែតុលាឆ្នាំ២០២៤ កម្ពុជាបានទាក់ទាញគម្រោងវិនិយោគថ្មីចំនួន​៣០ គម្រោងមានតម្លៃសរុប ២២៦លានដុល្លារ និង អាចបង្កើតការងារធ្វើប្រមាណជា ១៦ពាន់កន្លែងគឺជាដំណឹងដ៏ល្អ ហើយសង្ឃឹមថា យើងគ្រប់គ្នានឹងទទួលផលពីគម្រោងទាំងនេះ។

អ្វីដែលស្ថាប័ននេះបានប្រកាសបូករួមទាំងតួរលេខដែលបានប្រកាស៩ខែកន្លងមក​ យើងដឹងថា នៅក្នុងរយៈពេល ១០​ខែ ពោលគឺពីខែមករា ដល់ខែតុលា ឆ្នាំ​២០២៤នេះ ប្រទេសកម្ពុជាបានអនុម័តគម្រោងវិនិយោគសរុប ចំនួន ៣៤៦ ដែលមានតម្លៃ ៥,៥ ពាន់លានដុល្លារអាមេរិក។

តាមរយៈគម្រោងទាំងនេះ ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២៤ កម្ពុជាអាចបង្កើតការងារបានជាង ២៦៦.០០០ កន្លែង ដែលជាចំនួនមួយច្រើនគួរសម​។

គម្រោងថ្មីនេះផ្តោតសំខាន់លើវិស័យកាត់ដេរ ទំនិញធ្វើដំណើរ និងស្បែកជើង ការអភិវឌ្ឍន៍សណ្ឋាគារ ស្ថានីយ៍វារីអគ្គិសនី កំពង់ផែទឹកសាប រោងចក្រថាមពលពន្លឺព្រះអាទិត្យ រោងចក្របំភ្លឺ និងគ្រឿងបន្លាស់ កសិ​កម្ម សួនកម្សាន្ត រោងចក្រកង់រថយន្ត តំបន់សេដ្ឋកិច្ចពិសេស និងហេដ្ឋារចនាសម្ព័ន្ធ។

តាមការប្រកាសនេះគម្រោងវិនិយោគភាគច្រើនបំផុតគឺនៅតែវិនិយោគដោយក្រុមហ៊ុនចិន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ វានៅតែវិជ្ជមានសម្រាប់កម្ពុជា។​

មិនថា ចិន ជប៉ុន ឬជាតិសាសន៍ណាក៏ដោយអោយតែគោរពច្បាប់កម្ពុជា ហើយចេះសម្របសម្រួលនឹងវប្បធម៌ប្រពៃណី ប្រសិនបើឈរនៅលើផលប្រយោជន៍ទៅវិញទៅមក យើងទាំងអស់គ្នាគួរតែស្វាគមន៍និងរីករាយទទួលយក។

មិនតែប៉ុណ្ណោះ ដើម្បីឲ្យយើងបានផលគេមានប្រយោជន៍នៅក្នុងនាមយើងជាពលរដ្ឋ ជាសមត្ថកិច្ចជំនាញ គឺត្រូវតែបង្កលក្ខណៈយ៉ាងណាងាយស្រួលឲ្យគេមានជំនឿលើយើងដែរ។ យើងក៏បានផល គេក៏ចំណេញ នោះភាគីទាំងពីរនឹងបានផលប្រយោជន៍ទៅវិញទៅមក ដូច្នេះវាមានសារៈសំខាន់ណាស់នៅក្នុងការខិតខំធ្វើការ ដោយមានការទទួលខុសត្រូវ។

បណ្តាមន្រ្តីគឺត្រូវតែធានាបរិយាកាសអំណោយផល កុំការិយាល័យធិបតេយ្យខ្លាំងពេក ហើយកុំរករកកុំប្រពឹត្តអំពើពុករលួយ។ កម្មករនិយោជិត គឺត្រូវបំពេញមុខងារតាមភារកិច្ចនិងទំនួលខុសត្រូវ ហើយខាងក្រុមហ៊ុនក៏ត្រូវតែគោរពច្បាប់ទម្លាប់ លក្ខខណ្ឌការងារ ធ្វើដូច្នេះយើងអាចរីកចម្រើនទាំងអស់គ្នា ពោលគឺឈ្នះៗ ទាំងអស់គ្នា៕

Daily Program

Livesteam thumbnail