បុណ្យភ្ជុំបិណ្ឌឆ្នាំនេះ គួរដើរលេងនៅស្រុកយើងវិញ !
នៅពេលនេះ ជាពេលមួយដែលប្រជាពលរដ្ឋខ្មែររៀបចំពិធីបុណ្យកាន់បិណ្ឌ ខណៈដែលពិធីបុណ្យភ្ជុំបិណ្ឌនឹងមកដល់នាពេលខាងមុខ ក៏ជាពេលនៃថ្ងៃសម្រាកនឹងមកដល់នៅពេលខាងមុខ។ ដូច្នេះនៅក្នុងអំឡុងពេលឈប់សម្រាកនោះ គួរតែនាំគ្នាដើរលេងនៅក្នុងស្រុកវិញប្រសើរជាដើរលេងនៅបរទេស ។
ដោយគេដឹងថា យើងនឹងត្រូវសម្រាក កម្មវិធីកញ្ចប់ទេសចរណ៍ និងកម្មវិធីបញ្ចុះតម្លៃផ្សេងៗត្រូវបានគេផ្សព្វផ្សាយព្រោងព្រាត ប៉ុន្តែនៅក្នុងស្ថានភាពនៃសេដ្ឋកិច្ចសព្វថ្ងៃហើយសុ្រកទេសយើង ក៏សំបូរទៅដោយធនធានទេសចរណ៍ដែរនោះ គួរតែយើងគាំទ្រដំណើរកំសាន្តនៅក្នុងស្រុក ដើម្បីយើងអាចកំសាន្តផង ហើយក៏អាចចំណេញដល់សេដ្ឋកិច្ចផង ខណៈដែលយើងទៅ ទេសចរណ៍នៅក្រៅប្រទេសគឺវិញគឺយើងនាំគ្នាវេចខលុយទាំងរយៗដុល្លារទៅចាយនៅ ស្រុកគេ ។
នៅក្នុងមួយឆ្នាំៗពលរដ្ឋកម្ពុជារាប់សិបនាក់អោយតែនៅថ្ងៃសម្រាកធំៗពិសេសគឺ បុណ្យភ្ជុំបិណ្ឌ អុំទូក ចូលឆ្នាំ គឺរាប់ពាន់នាក់នាំគ្នាទៅដើរលេងនៅក្រៅប្រទេស មានទាំងទៅវៀតណាម ថៃ ម៉ាឡេស៊ី សិង្ហបុរី ហើយក៏មានខ្លះទៅចិន ទៅកូរ៉េ ទៅជប៉ុនរហូតដល់អឺរ៉ុប អារ៉ាប់ថែមទៀត ។
ជាការពិតការដែលយើងទៅទេសចរណ៍នៅក្រៅប្រទេសវាពិតជាប្លែកភ្នែក និងទទួលបានបទពិសោធន៍ថ្មីច្រើនដែរ ប៉ុន្តែនៅក្នុងស្ថានភាពបច្ចុប្បន្នខណៈដែលយើងកំពុងតែត្រដាបត្រដួស តស៊ូ និងវិបត្តិនៃបញ្ហាសំពាធសេដ្ឋកិច្ចពីខាងក្រៅបណ្តាលមកពីស្ថានភាពសេដ្ឋកិច្ចពិភពលោក មិនល្អ លំហូរទុនវិនិយោគមិនទៀតទាត់ ហើយទេសចរបរទេសមកក្នុងស្រុកយើងក៏តិច បើយើងចេញទៅហើយយកលុយទៅចាយនៅក្រៅទៀតវារិតតែយ៉ាប់ ។
គួរតែចំណាយពេលនឹងធនធាតុដើរលេងនៅក្នុងស្រុក ខណៈដែលស្រុកយើងក៏មានរមណីដ្ឋាន មានទីកន្លែងហើយក៏ចេះកែច្នៃសេវាកម្មប្លែកៗមួយចំនួនផងដែរ ករណីដូចជានៅសៀមរាបជាដើម ក្រៅពីប្រាសាទ ក៏យើងមាន ជិះកន្រ្តកអាកាស សួនសត្វនៅក្រោមដី និងសេវាកម្មជិះកង់ និងកន្លែងកែច្នៃ ក៏ដូចជាធម្មជាតិជាច្រើន ។ ក្រៅពីនៅសៀមរាប យើងក៏អាចទៅលេងនៅព្រះវិហារ ដែលទើបតែមានប្រាសាទបុរាណទើបតែចុះបញ្ជីបេត្តិកភ័ណ្ឌពិភពលោក ថ្មីៗហើយនៅកំពត កែប កោះកុង ក្រុងព្រះសីហនុ រមណីដ្ឋាននៅភូមិភាគឥសាន្ត ដូចជាក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី រតនៈគីរីជាដើម។
ក្រៅពីនោះដើម្បីអោយភ្ញៀវទេសចរទៅលេង អស់លោកនិងអាជីវករជាប្រតិបត្តិករសេវាកម្ម ទេសចរណ៍ក៏គួរតែរកស៊ីដោយស្មោះត្រង់ កុំកាប់ភ្ញៀវ កុំបោកប្រាស់បន្លំ ហើយរាល់ការលក់ដូរគឺគួរតែរក្សាតម្លៃមួយសមរម្យ ។ មកដល់ពេលនេះការដែលយើងអនុវត្តទម្លាប់ចាស់ៗជាពិសេស គឺភាពមិនស្មោះត្រង់នៃសេវាកម្មនេះហើយដែលធ្វើអោយភ្ញៀវរាងចាល ហើយចេះ តែចង់នាំគ្នាទៅលេងនៅបរទេស ។
សរុបមកវិញពលរដ្ឋយើងគួរនាំគ្នាដើរលេងនៅក្នុងស្រុកវិញ វាចំណេញច្រើនដល់ស្រុកយើង ប៉ុន្តែប្រតិបត្តិករសេវាកម្មទេសចរណ៍នានានៅក្នុងប្រទេសគួរតែរិះគិតពង្រឹង និងអនុវត្តអោយបាននូវក្រមសីលធម៌នៃអាជីវកម្មរបស់ខ្លួន ហើយត្រូវតែបញ្ចៀសអោយបាននូវសកម្មភាព ឬទង្វើរភ្ញៀវទៅបានតែមួយដងរៀងមួយជីវិត៕