បណ្ឌិតគួរតែមានលក្ខណៈសម្បត្តិយ៉ាងណាទៅ?
ប៉ុន្មានថ្ងៃនេះ នៅលើបណ្តាញសង្គមបានផ្ទុះការចាប់អារម្មណ៍ ជជែកវែកញែក ក៏ដូចជាបញ្ចេញទស្សនៈនិងយោបល់ផ្សេងៗគ្នាជាច្រើនជុំវិញរឿង «បណ្ឌិតនេះ បណ្ឌិតនោះ» យ៉ាងពេញទំហឹង។ ប៉ុន្តែ សម្រាប់ពួកយើងដែលជាអ្នកនៅស្រទាប់បញ្ញវន្តនឹងគេដែរ ប៉ុន្តែមិនទាន់មានសមត្ថភាពទៅយកបណ្ឌិតបាន យល់ថា បណ្ឌិតគឺជាជនដែលមានទាំងបញ្ញា ការទទួលខុសត្រូវ ពុទ្ធិ និងចំណេះដឹងជ្រៅជ្រះ។
បណ្ឌិតគឺជាជនដែលមានការសិក្សានិងចំណេះដឹងជ្រៅជ្រះ ជាបុគ្គលដែលប្រកាន់យកការពិតនិងហេតុផល ហើយក៏ជាបុគ្គលដែលមានចិត្តបើកទូលាយទទួលយកយោបល់ផ្សេងៗ គោរពសេចក្តីពិតជាងការប្រកាន់ខ្លួនឯងថាជាអ្នកចេះដឹង។ បណ្ឌិតក៏ជាជនដែលមានមេត្តានិងការទទួលខុសត្រូវចំពោះសង្គម ហើយគឺជាជនដែលប្រើចំណេះដឹងដើម្បីផ្តល់ផលប្រយោជន៍ដល់អ្នកដទៃ ជាពិសេសគឺដល់សហគមន៍និងសង្គមរបស់ខ្លួន។
ក្រៅពីនោះ បណ្ឌិតក៏គួរជាបុគ្គលដែលមានអាកប្បកិរិយា ពាក្យសម្ដីសម្តៅ ឥរិយាបថថ្លៃថ្នូរ ត្រឹមត្រូវ ចូលចិត្តនិងប្រកាន់យកអ្វីដែលជាសច្ចភាព ហ៊ាននិយាយការពិត ហើយនិយាយដោយសុភាពរាបសា ព្រមទាំងទទួលខុសត្រូវលើការអះអាងរបស់ខ្លួន។ មិនតែប៉ុណ្ណោះ អ្វីដែលខ្លួននិយាយចេញមក គឺគួរតែមានហេតុមានផល មានភស្តុតាង និងបង្ហាញចេញដោយសេចក្តីថ្លៃថ្នូរ បង្កើតនិងបង្កើនបរិយាកាសដែលនាំមកនូវសាមគ្គីភាព មិនបង្កជម្លោះ អុចអាល ឬក៏ទំនាស់កើតជារឿងរ៉ាវនៅក្នុងសង្គម ដែលនាំឱ្យមានផលវិបាកដល់អ្នកដទៃ។
ក្នុងនាមជាពលរដ្ឋធម្មតា ពួកយើងយល់ថា បណ្ឌិតពិតប្រាកដមិនមែនគ្រាន់តែជាអ្នកដែលមានតែសញ្ញាបត្រខ្ពស់ រៀនបានច្រើនតែមួយមុខនោះទេ ប៉ុន្តែបុគ្គលជាបណ្ឌិតពិតប្រាកដគួរតែជាមនុស្សដែលមានប្រាជ្ញា សីលធម៌ ទស្សនៈត្រឹមត្រូវ និងប្រើប្រាស់ពាក្យសម្តីដែលពោរពេញដោយការពិត មេត្តា និងមានប្រយោជន៍ពិតប្រាកដដល់សង្គម។
ទាំងនេះគឺជាលក្ខណៈសម្បត្តិរបស់បណ្ឌិតដែលពួកយើងជាជនធម្មតាបានយល់ ប៉ុន្តែសម្រាប់បុគ្គលដែលរិះគន់ ឬក៏បកស្រាយយ៉ាងណានោះ គឺជារឿងនិងជាមតិយោបល់រៀងៗខ្លួន។ ប៉ុន្តែទោះជាយ៉ាងណា ប្រសិនបើយើងបានរៀនសូត្រដល់កម្រិតថ្នាក់ខ្ពស់បែបនេះហើយ យើងគួរតែប្រើប្រាស់សញ្ញាបត្រដ៏ឧត្តុងឧត្តមនោះជាប្រយោជន៍ដល់ជាតិ កុំនាំឱ្យមានការបែកបាក់ និងកុំបង្កបញ្ហា។ រីឯមតិយោបល់ដែលមាន គួរតែជាការពិចារណាដើម្បីឈានទៅកែលម្អសង្គមឱ្យមានភាពល្អប្រសើរនៅពេលអនាគត។
បណ្ឌិតពិតប្រាកដមិនត្រូវបានវាស់តម្លៃត្រឹមតែដោយសញ្ញាបត្រ ឬកម្រិតវប្បធម៌នៃការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានឆ្លុះបញ្ចាំងតាមរយៈគុណធម៌ សីលធម៌ ប្រាជ្ញា ការគោរពការពិត ការទទួលខុសត្រូវ និងការប្រើប្រាស់ចំណេះដឹងដើម្បីបម្រើផលប្រយោជន៍សាធារណៈ។ ចំណេះដឹងដែលគ្មានសុចរិតភាពនិងការទទួលខុសត្រូវ អាចបាត់បង់តម្លៃ ខណៈដែលប្រាជ្ញាភ្ជាប់ជាមួយមេត្តានិងសីលធម៌ ទើបអាចនាំមកនូវការរីកចម្រើនពិតប្រាកដសម្រាប់សង្គម។ ក្នុងនាមជាអ្នកសិក្សានិងបញ្ញវន្ត មនុស្សគ្រប់រូបគួរប្រកាន់ខ្ជាប់នូវការពិភាក្សាដោយហេតុផល គោរពទស្សនៈខុសគ្នា និងទទួលខុសត្រូវចំពោះពាក្យសម្ដីនិងការអះអាងរបស់ខ្លួន។ ការរិះគន់គួរធ្វើឡើងក្នុងគោលបំណងស្វែងរកដំណោះស្រាយ កែលម្អសង្គម និងលើកកម្ពស់ប្រយោជន៍រួម មិនមែនដើម្បីបង្កការបែកបាក់ ឬជម្លោះនោះឡើយ។
សរុបទៅ សញ្ញាបត្រគឺជាការទទួលស្គាល់ផ្នែកចំណេះដឹង ប៉ុន្តែអត្តចរិត គុណធម៌ និងការលះបង់ដើម្បីសង្គម ទើបជាអ្វីដែលធ្វើឱ្យបុគ្គលម្នាក់សមនឹងទទួលបានការគោរពក្នុងនាមជា «បណ្ឌិត» ពិតប្រាកដ។ ប្រសិនបើអ្នកមានចំណេះដឹងខ្ពស់ អ្នកក៏គួរប្រើចំណេះដឹងនោះដើម្បីកសាងមនុស្ស កសាងសង្គម និងកសាងជាតិឱ្យកាន់តែរីកចម្រើន ប្រកបដោយសាមគ្គីភាព សន្តិភាព និងការគោរពគ្នាទៅវិញទៅមក។